កាលពីយប់ថ្ងៃទី២៧ ខែមករា តារាចម្រៀងអាមេរិក Lady Gaga បានចែករំលែកតាមរយៈបណ្ដាញសង្គមរបស់ខ្លួន អំពីអាល់ប៊ុមថ្មីរបស់ខ្លួនមានចំណងជើងថា “Mayhem” ដែលនឹងជាអាល់ប៊ុមចម្រៀងបែបប៉ុបដំបូងរបស់តារាស្រីវ័យ ៣៨ឆ្នាំរូបនេះ គិតចាប់តាំងពីអាល់ប៊ុម “Chromatica” បានចេញតាំងពីឆ្នាំ២០២០។

អាល់ប៊ុមថ្មី “Mayhem” ដែលចំណាយពេលថតតាំងពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ នឹងមានបទចម្រៀងចំនួន ១៤ បទ ដោយក្នុងនោះរួមមានបទចម្រៀងដែលបានចេញផ្សាយរួចចំនួន ២ គឺបទ “Die with a Smile” និងបទ “Disease”។ សម្រាប់អាល់ប៊ុមនេះ Gaga ក៏មានតួនាទីជាផលិតករប្រតិបត្តិ រួមជាមួយនឹងគូដណ្តឹងរបស់នាងគឺ Michael Polansky និងផលិតករតន្ត្រី Andrew Watt។
បញ្ជីបទចម្រៀងទាំងអស់សម្រាប់អាល់ប៊ុមថ្មីនេះមិនទាន់ត្រូវបានបញ្ចេញទេ តែយ៉ាងណា បទចម្រៀងទី ៣ នឹងត្រូវចេញផ្សាយក្នុងកម្មវិធី Grammy Awards នៅថ្ងៃទី ២ ខែកុម្ភៈ។

គួររំឭកថា កាលពីឆ្នាំ២០២៤ ក៏បានចេញអាល់ប៊ុមចម្រៀងមួយដែរប៉ុន្តែគឺជាចម្រៀងបែប Jazz មានចំណងជើងថា “Harlequin” ដែលបទចម្រៀងភាគច្រើនគឺជាបទដកស្រង់ពីភាពយន្ត “Joker: Folie à Deux” ដែលនាងបានសម្ដែង។ យ៉ាងណាមិញ អាល់ប៊ុមនេះបានបង្ហាញខ្លួននៅលេខ ២០ នៅលើ US Billboard 200 ដោយអាចលក់បាន ២៥០០០ ច្បាប់នៅក្នុងសប្តាហ៍ដំបូង ដែលបានក្លាយជាអាល់ប៊ុមលក់ដាច់ទាបបំផុតរបស់នាង។
Lady Gaga ធ្លាប់បានចែករំលែកដោយទទួលស្គាល់ថា ក្នុងវ័យ ៣៨ឆ្នាំ នាងពិតជាមានភាពភ័យខ្លាចក្នុងការវិលត្រលប់មកវិស័យចម្រៀងប៉ុបវិញ ប៉ុន្តែទោះយ៉ាងណានាងនៅតែចង់បន្តធ្វើជាសំឡេងមួយសម្រាប់សហគមន៍នារី។
ពាក់ព័ន្ធជីវិតឯកជន ម្ចាស់បទ “Bad Romance” ក៏បានបង្ហើបអំពីបំណងចង់បង្កើតគ្រួសារជាមួយគូដណ្ដឹង គឺអ្នកជំនួញផ្នែកបច្ចេកវិទ្យាលោក Michael Polansky ក្នុងពេលឆាប់ៗនេះ ៕























































Account
Security
Favourite Content