សាច់រឿងប្រលោមលោក “កំពង់ធំជំរំចិត្ត” ដែលប្រិយមិត្តជាច្រើនធ្លាប់តែស្ដាប់នូវទឹកដមសំឡេង ដ៏ក្រអួនក្រអៅរបស់សិល្បករសិល្បការិនីតាមរយៈល្ខោនវិទ្យុនាពេលកន្លងមក នៅពេលនេះនឹងមានការសម្ដែងជាល្ខោននិយាយជូនទស្សនិកជនបានទស្សនាដោយផ្ទាល់ជាថ្មី តាមរយៈក្រុមសម្ដែងល្ខោននិយាយ ឥសីវ៉ូលេ។
ថ្លែងប្រាប់ AMS លោក ណេន ភារិទ្ធ ជាប្រធានក្រុម ឥសីវ៉ូលេ បានឱ្យដឹងថា សាច់រឿង “កំពង់ធំជំរំចិត្ត” គឺជាប្រលោមលោកដែលទទួលបានប្រជាប្រិយភាពខ្លាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និង៧០ រហូតដល់មានការថតជាល្ខោនវិទ្យុ។ ប៉ុន្តែបើនិយាយពីទម្រង់សិល្បៈល្ខោននិយាយវិញ តាំងពីជំនាន់មុនមក គឺមិនធ្លាប់មានការសម្ដែងរឿងនេះពីដើមដល់ចប់នោះទេ។ បើទោះជាក្រុមរបស់លោកធ្លាប់លើកយករឿងនេះមកសម្ដែងច្រើនដងមកហើយ ប៉ុន្តែការសម្ដែងនៅថ្ងៃអាទិត្យនេះ នឹងជាការសម្ដែងសាច់រឿងពេញលើកដំបូងដែលមានរយៈពេលជាង ២ម៉ោង។
និយាយពីចំណុចពិសេសរបស់រឿងនេះ លោក ណេន ភារិទ្ធ បង្ហើបថា ដំណើរជីវិតរបស់តួស្រីឈ្មោះ នារីផល ក្នុងរឿង “កំពង់ធំជំរំចិត្ត” នេះគឺមិនខុសពីសាច់រឿង “ទុំទាវ” និងរឿង “ផ្កាស្រពោន” នោះឡើយ។ នារីផល ជាតួអង្គ ដែលឆ្លុះបញ្ចាំងអំពីតថភាពសង្គម ដែលតំណាងឲ្យនារីជាច្រើនដែលត្រូវបានបុរស ព្យាយាមបៀតបៀន គ្រប់រូបភាព មួយវិញទៀត គឺទំនៀម ពីបុរាណមកថា នំធំជាងនាឡិ (ត្រូវតែតាមឪពុក ម្ដាយ) ទាំងអស់នេះ បង្ហាញពីភាពចាក់ស្រេះកាន់តែស្មុគស្មាញ មកលើជីវិតនារីផល។
ដូច្នេះបើចង់ដឹងសាច់រឿងពីដើមដល់ចប់របស់នារីផល ក្នុងល្ខោននិយាយរឿង “កំពង់ធំជំរំចិត្ត” បែបណានោះ សូមចូលរួមគាំទ្រ ទិញសំបុត្រទស្សនាឲ្យបានច្រើនកុះករ ក៏ដូចជារួមចំណែកលើកកម្ពស់ ថែក្សា ការពារនូវទម្រង់សិល្បៈទស្សនីយភាពល្ខោននិយាយរបស់កម្ពុជាទាំងអស់គ្នា។
សូមបញ្ជាក់ថា ការសម្ដែងនឹងប្រព្រឹត្តទៅនៅនៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ផ្ដើមពីម៉ោង៦:០០នាទី ល្ងាចតទៅ។
ទីតាំង៖ https://maps.app.goo.gl/qj3zoZ9ssxTNhihb7
តម្លៃសំបុត្រ ២៤ ០០០៛ និង ៤៤ ០០០៛ ($6/$11) លោកអ្នកអាចចាប់ផ្ដើមទិញសំបុត្របានតាមរយៈលីងTelegram https://t.me/+yEb-MVLt3g40YzY1