ក្រុមហ៊ុន HYBE ដែលអាណាចក្រខេប៉ុបធំជាងគេ និងជាទ្រនំក្រុមចម្រៀង BTS ថ្មីៗនេះបានរាយការណ៍នូវប្រាក់ចំណូលចំនួន ៦៤០ ពាន់លានវ៉ុន (៤៦៥ លានដុល្លារអាមេរិក) សម្រាប់ត្រីមាសទីពីរនៃឆ្នាំនេះ ដែលជាចំណូលប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សរុបចំណូលសម្រាប់ឆមាសទី១ របស់ពួកគេនៅឆ្នាំនេះគឺបានចំនួន ១ ទ្រីលានវ៉ុន ឬ ៧៣៧ លានដុល្លារអាមេរិក។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្ដីប្រកាសថា សមិទ្ធិផលនេះអាចកើតឡើង ទោះបីជាគ្មានគម្រោងជាក្រុមរបស់ BTS ដោយសារតែការបម្រើយោធារបស់ពួកគេក៏ដោយ។ យ៉ាងណាមិញ ប្រាក់ចំណេញប្រតិបត្តិការសម្រាប់រយៈពេលខែមេសាដល់ខែមិថុនាបានធ្លាក់ចុះ ៣៧,៤ ភាគរយធៀបនឹងកាលពីឆ្នាំមុន មកត្រឹម ៥០,៩ ពាន់លានវ៉ុន ខណៈដែលប្រាក់ចំណេញសុទ្ធធ្លាក់ចុះ ៨៥,៩ ភាគរយ មកត្រឹម ១៦,៥ ពាន់លានវ៉ុន។
ពាក់ព័ន្ធការធ្លាក់ចុះប្រាក់ចំណេញនេះ HYBE បានសន្មតថាមូលហេតុគឺដោយសារការចំណាយទាក់ទងនឹងការចាប់ផ្តើមអាជីវកម្មថ្មីផ្សេងៗ និងការបង្កើតក្រុមសិល្បករថ្មីរបស់ខ្លួន។ ក្រុមហ៊ុនរំពឹងថាប្រាក់ចំណេញនឹងប្រសើរឡើងនៅក្នុងត្រីមាសទី ៣ នៅពេលដែលសិល្បកររបស់ខ្លួនចាប់ផ្តើមសកម្មភាពក្នុងស្រុកនិងអន្តរជាតិជាច្រើន។
សម្រាប់ត្រីមាសទី២នេះ ប្រាក់ចំណូលពីការចូលរួមដោយផ្ទាល់របស់សិល្បករ ដែលរួមមានការលក់អាល់ប៊ុម ចំណូលពីការប្រគំតន្ត្រី និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម មានចំនួន ៣០៨ លានដុល្លារ ស្មើ ៦៦ ភាគរយនៃប្រាក់ចំណូលសរុប ខណៈប្រាក់ចំណូលពីការចូលរួមដោយប្រយោលរបស់សិល្បករ រួមមានការលក់ទំនិញវត្ថុអនុស្សាវរីយ៍ មាតិកា និងក្លឹបអ្នកគាំទ្របានឈានដល់ ១៥៧ លានដុល្លារ។
អាល់ប៊ុមចម្រៀងរបស់សិល្បករ HYBE អាចលក់ដាច់បាន ១៥ លានច្បាប់ក្នុងឆមាសទីមួយ ដែលស្មើនឹង ៣៤ ភាគរយនៃការលក់អាល់ប៊ុមទាំងមូលនៅក្នុងប្រទេស។ មិនត្រឹមតែការលក់អាល់ប៊ុមប៉ុណ្ណោះទេ ប៉ុន្តែ HYBE ក៏នាំមុខគេនៅក្នុងការលក់តន្ត្រីឌីជីថលផងដែរ។ ក្នុងចំណោមបទចម្រៀង K-pop ទាំង ១០ បទដែលមានការ Stream ទូទាំងពិភពលោកច្រើនបំផុតនៅលើ Spotify ក្នុងឆមាសទីមួយ មាន ៨ បទហើយគឺជាបទរបស់សិល្បករ HYBE។
សម្រាប់ឆមាសទីពីរនៃឆ្នាំនេះ Jin សមាជិកក្រុម BTS គ្រោងនឹងចេញអាល់ប៊ុមទោល ខណៈដែលក្រុម Seventeen នឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោក និងចេញអាល់ប៊ុមថ្មី។ NewJeans ដែលជាក្រុមចម្រៀងស្រីដ៏ល្បីមួយនៅពេលនេះនឹងធ្វើការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅឆ្នាំក្រោយ។
ក្រឡេកទៅមើលផលិតកម្មធំៗចំនួន៣ទៀតវិញ ឃើញថាក្នុងត្រីមាសទី២នេះ ផលិតកម្ម SM ទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន ២៣ លានដុល្លារអាមេរិក លើប្រាក់ចំណូល ១៧៧ លានដុល្លារ ផលិតកម្ម JYP Entertainment បានកត់ត្រាប្រាក់ចំណេញប្រតិបត្តិការចំនួន ១៤,៥ លានដុល្លារអាមេរិក លើប្រាក់ចំណូល ៧០,៣ លានដុល្លារ ខណៈ YG Entertainment បានរាយការណ៍ពីប្រាក់ចំណេញប្រតិបត្តិការ ២១ ម៉ឺនដុល្លារអាមេរិក លើប្រាក់ចំណូលចំនួន ៧៣,៩ លានដុល្លារ ៕