តារារ៉េបអាមេរិកាំង Cardi B ត្រៀមបញ្ចេញអាល់ប៊ុមពេញខ្នាតទី ២ របស់ខ្លួន Am I the Drama? នៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ ក្រោយបញ្ចេញអាល់ប៊ុមទី ១ Invasion of Your Privacy តាំងតែពីឆ្នាំ ២០១៨។

អមជាមួយនឹងរូបភាពក្របអាល់ប៊ុម ដំណឹងខាងលើនេះ បានផ្សព្វផ្សាយនៅលើគណនី Instagram របស់ Cardi B ផ្ទាល់តែម្ដង។ ទន្ទឹមគ្នានេះ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ បាននិយាយពីអាល់ប៊ុមថ្មីថា៖ “៧ ឆ្នាំកន្លងទៅ ពេលវេលាបានមកដល់ហើយ។ ៧ឆ្នាំនៃ ក្ដីស្រឡាញ់ ជីវិត និងការបាត់បង់។ ៧ឆ្នាំកន្លងទៅខ្ញុំបានធ្វើគ្រប់យ៉ាងឱ្យអ្នក តែឥឡូវនេះខ្ញុំនឹងធ្វើឱ្យអ្នកធ្លាក់នរក”។
ជាក់ស្ដែង Cardi B ទើបតែបានទម្លាក់បទគោលប្រចាំអាល់ប៊ុម ដែលមានចំណងជើងថា Outside កាលពីថ្ងៃទី២០ ខែមិថុនានេះ ដោយកាសែត NME បាននិយាយថា បទខាងលើហាក់ជីកកកាយអំពីទំនាក់ទំនងជាមួយនឹងអតីតស្វាមី លោក Offset ក៏ដូចជាលួចបញ្ជាក់ពីទំនាក់ទំនាក់ថ្មីរវាងខ្លួន និងកីឡាករបាល់ទាត់ Stefon Diggs ផងដែរ។
គួរឱ្យដឹងផងដែរថា ក្រោយពីចេញអាល់ប៊ុមទី ១ ជោគជ័យ រហូតទទួលបានពានរង្វាន់អាល់ប៊ុមរ៉េបប្រចាំឆ្នាំពី Grammy Awards អាល់ប៊ុមដែលត្រៀមចេញ Am I the Drama? នេះ នឹងមានចម្រៀងដល់ទៅ ២៣បទ រួមទាំងបទចាស់ចំនួន ២ ដែរ គឺ Up និង WAP ផងដែរ៕
























































Account
Security
Favourite Content