ប្រហិត Hot Pot អ្នកបាត់ដំបងឆ្ងាញ់មាត់មិនស្ទើរទេ

អេតមីនជឿជាក់ថាប្រិយមិត្តជាច្រើនធ្លាប់ញ៉ាំ ធ្លាប់ឮច្រើនមកហើយពីមីហតផត និងស៊ុបហតផតអីជាដើម។ ថ្ងៃនេះ AMS នឹងមកណែនាំហតផតថ្មីមួយទៀតដែលប្លែកហើយឆ្ងាញ់ខុសពីគេ តែអ្នកភ្នំពេញរាង sad បន្តិចហើយព្រោះមានតែនៅខេត្តបាត់ដំបងតែប៉ុណ្ណោះ។ ពីមុនយើងធ្លាប់ញ៉ាំច្រើនមកហើយប្រហិតបំពង ប្រហិតស្ងោរ និងប្រហិតឆឹង តែនៅហាងតៀមប្រហិតហតផតនិងសាច់អាំង សាខាម្ចាស់ដើមមានប្រហិតហតផតដែលបានទទួលការពេញនិយមពីសំណាក់អតិថិជនខ្លាំងមែនទែន។ គ្រាន់តែឮឈ្មោះក៏ប្លែកដែរ ចុះទម្រាំរសជាតិអ៊ែមយ៉ាងណាទៅ? ប្លែកយ៉ាងណាទៅ?

តាមការសម្ភាសខ្លីជាមួយបងស្រី លីម ម៉ុយអ៊ីម ដែលជាម្ចាស់ហាង និងជាម្ចាស់ប្រេនហាងតៀមប្រហិតហតផតនិងសាច់អាំង សាខាម្ចាស់ដើមផ្ទាល់បានបញ្ជាក់អំពីចំណុចពិសេសដែលប្រហិតហតផតទទួលបានការស្វាគមន៍នោះគឺទឹកជ្រលក់រូបមន្តពិសេសដែលបងស្រីធ្វើដោយខ្លួនឯងដែលបានដាក់លក់មកជាង ៧ ឆ្នាំមកហើយ។ ចំពោះរសជាតិវិញមិនទ្រលាន់ហើយអាចញ៉ាំបានទាំងមនុស្សចាស់ និងកូនក្មេង។ ជាធម្មតានៅពេលយើងទៅញ៉ាំប្រហិតគេតែងតែបំពងហើយក៏លើកដាក់ចានយកមកញ៉ាំ ប៉ុន្តែនៅតៀមប្រហិតហតផតអតិថិជនតែងតែទទួលបានប្រហិតក្ដៅៗជានិច្ច។ ប្រសិនបើអ្នកទាំងអស់គ្នាទៅញ៉ាំដល់ហាងខាងហាងតៀមប្រហិតហតផតនឹងដាក់ខ្ទះឱ្យយើងបានញ៉ាំក្ដៅៗតែម្ដង។

ចុះបើអតិថិជនចង់ខ្ចប់ទៅផ្ទះ តិចលែងក្ដៅទៅ? កុំបារម្ភអីបើសិនជាយើងចង់ខ្ចប់យកទៅញ៉ាំនៅផ្ទះក៏បាន ខាងហាងនឹងធ្វើការវេចខ្ចប់ប្រហិតដាក់ក្នុងប្រអប់ Hot Pot ជូនអតិថិជនដូចនេះអតិថិជននៅតែអាចញ៉ាំប្រហិតក្ដៅៗបានដដែល។ នៅហាងតៀមប្រហិតហតផតមានប្រហិតដល់ទៅចំនួន ១៦ មុខឱ្យជ្រើសរើស។ ចំពោះប្រហិត​ hotpot  នេះមួយឈុតមានប្រហិត ១០ មុខ មី ១ ដុំ និងនំប៉័ងប័រ ១ ដើមផងដែរ។ បងស្រី ម៉ុយអ៊ីម ក៏បានបញ្ជាក់បន្ថែមដែរថាប័រដែលប្រើប្រាស់ក្នុងហាងគឺធ្វើដោយដៃផ្ទាល់តែម្ដង។​​ ឃើញប្រហិតមួយឈុតដែលមានច្រើនមុខអញ្ចឹងតម្លៃវិញត្រឹមតែ ២៤០០០៛ តែប៉ុណ្ណោះ។ ប្រសិនបើអតិថិជនគិតច្រើនពេកញ៉ាំមិនអស់ ឬចង់ហៅថែមនោះគឺប្រហិត ១ ចង្កាក់តម្លៃ ២០០០៛ មី ១​ ដុំតម្លៃ ១៥០០៛ និងនំប៉័ងប័រ ១ ដើមតម្លៃ ១៥០០៛។

ក្រៅពីប្រហិត hotpot នៅតៀមប្រហិតហតផតនិងសាច់អាំង សាខាម្ចាស់ដើមក៏មានមុខម្ហូបផ្សេងទៀតដូចជាគោឡើងភ្នំ សាច់អាំងឈីស និងប្រភេទបុកល្ហុងបែបថៃជាច្រើនមុខទៀតដែលទទួលការគាំទ្រពីអតិថិជនដែរ។

រូបភាពដោយ៖ ហាងតៀមប្រហិតហតផត និងសាច់អាំង សាខាម្ចាស់ដើម

តៀមប្រហិតហតផតនិងសាចអាំង សាខាម្ចាស់ដើម

ទីតាំង៖ នៅផ្លូវលេខ207 ភូមិរំចេក5 ឃុំរតនៈ ក្រុងបាត់ដំបង ( ខាងកើតស្ពានសម្តេចសខេង 100 ម៉ែត នៅខាងឆ្វេងដៃ ជាប់ហាងបោកអ៊ុតទាន់ចិត្ត មានតូបកាហ្វេពណ៌លឿងមុខហាង )

ម៉ោងលក់៖ 11:00AM – 8:30PM

អត្ថបទដោយ៖ ទ្រីយ៉ា