ថ្មីៗនេះ តារាចម្រៀងយ៉េៗ ទេព បូព្រឹក្ស បានប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា ឆាប់ៗនេះនាងនឹងទម្លាក់ MV ចម្រៀងថ្មីមួយនៅមុនថ្ងៃបានឃើញមុខកូន ដើម្បីជាកាដូដល់អ្នកគាំទ្ររបស់នាងដែលតែងសួរថា តើពេលណានាងមានអ្វីថ្មី។ ទោះមិនប្រាប់ចំណងជើងបទចម្រៀងថ្មី តែអាចប៉ាន់ស្មានថាប្រហែលជាបទ «Goddess» ដែលធ្លាប់បង្ហោះ Poster លើបណ្តាញសង្គមកាលពីពេលកន្លងទៅ។

និយាយដល់រឿងកូន ម្ចាស់បទ «វីរនារី» ឱ្យដឹងថា ពេលនេះកូនក្នុងផ្ទៃនាងអាយុជាង៧ ខែហើយ នៅបាំងតែជាង១ ខែទៀតប៉ុណ្ណោះ នាង និង ជី ដេវីត នឹងបានក្លាយជាឪពុកម្តាយគេតាមបំណងហើយ។ យ៉ាងណាមិញ អនាគតអ្នកម្តាយរូបនេះ នៅមិនព្រមទម្លាយឱ្យដឹងភេទរបស់កូនឡើយ ដោយនាងទុកដើម្បីធ្វើកម្មវិធីលាតត្រដាងមួយ (Reveal baby) នាពេលឆាប់ៗនេះ ដូច្នេះហើយមិនអាចទម្លាយឱ្យដឹងមុនជាដាច់ខាត។
បូព្រឹក្ស មិនទាន់ច្បាស់រឿងគួរសម្រាលដោយធម្មជាតិ ឬត្រូវវះកាត់នោះទេ តែនាងជ្រើសរើសសម្រាលនៅក្នុងស្រុកមិនទៅក្រៅប្រទេសដូចតារាមួយចំនួននោះឡើយ។
ចាប់តាំងពីដឹងថាមានផ្ទៃពោះមក តារាចម្រៀងរូបនេះ កាន់តែទទួលបានភាពកក់ក្ដៅពីគូស្នេហ៍ ដោយលោកស្រលាញ់ថ្នាក់ថ្នមនាងទ្វេដង។ នៅពេលដឹងថាសុខភាព បូព្រឹក្ស រៀងខ្សោយលោកមិនឱ្យនាងធ្វើអ្វីឡើយ ឱ្យនៅតែផ្ទះមើលថែទាំសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃប៉ុណ្ណោះ ទើបធ្វើឱ្យនាងមានអារម្មណ៍អផ្សុកក៏ចេះតែចាក់អាវឲ្យ ជី ដេវីដ ចេញច្រៀងតាម Concert ជាញឹកញាប់ដូចដែលគ្រប់គ្នាបានឃើញតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។
បច្ចុប្បន្ន តារាចម្រៀងស្រីរូបនេះ មិនអាចកំណត់ពេលវេលាការវិលមកច្រៀងលើឆាកតន្ត្រីវិញបានទេ ត្រូវចាំមើលតាមជាក់ស្ដែងលើសុខភាពរបស់នាង តែពេលនេះអ្វីដែលនាងនិងម្ចាស់បទ «I’m Bored» ចង់ឃើញបំផុតគឺមុខកូនក្នុងផ្ទៃ៕























Account
Security
Favourite Content