ស្ដាប់ការនិយាយរបស់ ប្រាសាទ ដាវីន ទើបដឹងថា ល្អឥតខ្ចោះសមជាម្ចាស់មកុដ Miss Universe Cambodia 2024

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ម្ចាស់​មកុដ​ថ្មី Miss Universe Cambodia 2024 ប្រាសាទ ដាវីន បាន​ឡើង​បញ្ចេញ​មតិ និង​ណែនាំ​ខ្លួន​ជា​ផ្លូវ​ការ ធ្វើឲ្យ​អ្នក​គាំទ្រ និង​ភ្ញៀវ​កិត្តិយស ជា​ពិសេស​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ញញឹម​ជាប់​មាត់ ពេល​ជ្រើសរើស​បាន​បេក្ខភាព​ដ៏​មាន​គុណភាព​ពិត​ៗ។ នរណា​ៗ​ក៏​លាន់​មាត់ នា​រាត្រី​នោះ ប្រាសាទ ដាវីន ពិតជា​ស្រស់​ស្អាត ព្រម​ទាំង​មាន​ការ​វិវត្តន៍​ខ្លាំង​ទាំង​ការ​ដើរ និង​ការ​ឡើង​បញ្ចេញ​មតិ​ជា​សាធារណ។ អ្នកនាង​ក៏​បានទៅ​ហ្វឹកហាត់​បន្ថែម​នៅ​បរទេស​មួយ​រយៈ​មក​ហើយ​ទាំង​ការ​ដើរ និង Q&A ដើម្បី​ឲ្យ​ច្បាស់​ថា ការ​វិល​ត្រឡប់​មក​វិញ​លើក​នេះ ត្រូវតែ​ល្អឥតខ្ចោះ។

សម្ដី​មួយ​ៗ​ច្បាស់ ស្នាម​ញញឹម​មាន​ជាប់​លើ​ផ្ទៃ​មុខ កែវ​ភ្នែក​ស្រទន់ បាញ់​តម្រង់​មក​អ្នក​ស្ដាប់ និង​ប្រកប​ដោយ​ភាព​ជឿជាក់ ច្បាស់​ណាស់​ថា​ស្ថាប័ន Miss Universe Cambodia ជ្រើសរើស​បាន​ម្ចាស់​មកុដ​ស័ក្ដិសម និង​ល្អ​បំផុត។ ក្រោយ​ការ​ប្រកាស​លទ្ធផល ធ្វើឲ្យ ប្រាសាទ ដាវីន វ័យ ៣៣ ឆ្នាំ​ ក្លាយ​ជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​ដែល​រៀបការ និង​មាន​កូន​ស្រី​ម្នាក់ ​ឈ្នះ​មកុដ Miss Universe Cambodia នេះ​បាន។ ពេល ដាវីន ឡើង​បញ្ចេញ​មតិ​ក្នុង​នាម​ជា​ម្ចាស់​មកុដ បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ ២០២៤ ធ្វើ​ឲ្យ​គេ​ដឹង​កាន់តែ​ច្បាស់​ថា នាង​ពិតជា​ស័ក្ដិសម​ជាមួយ​តំណែង​នោះ​ខ្លាំង ទាំង​ចំណេះដឹង ការ​រៀបចំ​ខ្លួន ដំណើរ រួម​ទាំង​ការ​និយាយ​ស្ដី។

ខ្លឹមសារ​ទាំង​ស្រុង​ដែល បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ ២០២៤ កាល​ពី​យប់​មិញ “ជម្រាប​សួរ​ប្រជាជន​កម្ពុជា! Good evening and Hello Universe។ ខ្ញុំ​រំភើប និង​ភ័យ​ផង​ដែល​ឈរ​នៅ​ទីនេះ​នៅ​ចំពោះ​មុខ​អ្នក​ទាំងអស់​គ្នា​នៅ​ថ្ងៃនេះ មិន​ត្រឹម​តែ​រូប​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​និមិត្តរូប​នៃ​សក្ដានុពល​គ្មាន​ព្រំដែន ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​ស្ត្រី​គ្រប់​រូប។ ជា​បវរកញ្ញា​ចក្រវាល​កម្ពុជា​ដែល​ទើប​ទទួល​គ្រង​មកុដ​ថ្មី​ៗ ខ្ញុំ​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​ពិត​ថា សុបិន​មិន​មែន​គ្រាន់​តែ​ជា​រូប​ចម្លាក់​នៃ​ការ​ស្រមើស្រមៃ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ពិត​ដែល​អាច​សម្រេច​បាន​ក្នុង​ដំណើរ​ជីវិត​នេះ។ ខ្ញុំ​បាន​ដឹង​ថា ភាព​ជា​អ្នក​ដឹកនាំ មិនមែន​និយាយ​អំពី​មុខ​តំណែង​ដែល​ខ្លួន​មាន​នោះ​ទេ ប៉ុន្តែ​ជា​សកម្មភាព​ដែល​ត្រូវ​ធ្វើ ហើយ​វា​និយាយ​អំពី​ការ​បំផុស​គំនិត​អ្នក​ដទៃ ការ​ជំរុញ​ឲ្យ​មាន​ភាព​រីក​ចម្រើន ​ និង​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។

ក្នុង​នាម​ជា​ស្ត្រី យើង​គឺ​ជា​អ្នក​ដឹក​នាំ​ដោយ​ធម្មជាតិ។ យើង​ដឹក​នាំ​ដោយ​ការ​យល់​ចិត្ត ការ​អត់ធ្មត់ និង​ការ​ផ្ដល់​កិត្តិយស។ យើង​ដឹកនាំ​នៅ​ក្នុង​ផ្ទះ​របស់​យើង នៅ​កន្លែង​ធ្វើការ និង​ក្នុង​សហគមន៍​របស់​យើង។ យើង​ដឹកនាំ មិនមែន​ដោយ​ការ​ត្រួតត្រា​ទេ ប៉ុន្តែ​ដោយ​ការ​ចិញ្ចឹម​បី​បាច់។ ដូច​ដែល​យើង​តែងតែ​ជឿ​ថា ស្ត្រី​អាច​សម្រេច​បាន​អ្វី​ដែល​យើង​បាន​កំណត់។ ខ្ញុំ​មក​ទី​នេះ ដើម្បី​បញ្ជាក់ ព្រោះ​កាល​ពី​ ៥ ​ឆ្នាំមុន សុបិន​ចង់​ក្លាយ​ជា​បវរកញ្ញា​របស់​ខ្ញុំ​ត្រូវ​រលាយ ដោយសារ​ការ​កំណត់​អាយុ។ ខ្ញុំ​​បាន​ក្លាយ​ជា​ម្ដាយ​របស់​ព្រះនាង​តូច Kiyomi។ ប៉ុន្តែ​ក្ដី​សុបិន​នេះ ភ្ញាក់​រលឹក​ឡើង​វិញ នៅ​ពេល​ដែល​ស្ថាប័ន Miss Universe បើក​ទ្វារ​ទទួល​នារី​ទាំងអស់​ពី​គ្រប់​ទិសទី ដោយ​មិន​កំណត់​អាយុ។ ជា​សំណាង សកលលោក​បាន​ចារ​ទុក​ថា ខ្ញុំ​នៅ​ទី​នេះ ជា​ម្ដាយ​ដំបូង​ដែល​គ្រង​តំណែង​បវរកញ្ញា​ចក្រវាល​កម្ពុជា ហើយ​ក្នុង​នាម​ជា​ម្ដាយ ខ្ញុំ​កាន់តែ​មាន​អំណាច​ជាង​ពេល​ណា​ៗ​ទាំងអស់។ ភាព​ជា​ម្ដាយ​មិនមែន​ជា​ឧបសគ្គ ឬ​ជា​បន្ទុក​នោះ​ទេ ប៉ុន្តែ​ជា​ផ្លាក​សញ្ញា​នៃ​កិត្តិយស។ ពេល​ក្លាយ​ជា​ម្ដាយ វា​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ក្ដី​សុបិន​របស់​ខ្ញុំ​ទេ តែ​ជា​ការ​ចាប់​ផ្ដើម​ខ្លួន​ឯង​ជា​ថ្មី។ ដូច្នេះ​ស្ត្រី​គ្រប់រូប​នៅ​ទីនោះ មិន​ថា​អ្នក​ជា​កូនស្រី បងស្រី ប្រពន្ធ ឬ​ម្ដាយ​ទេ សូម​ចងចាំ​រឿង​នេះ​​ទុក គឺ​អ្នក​ខ្លាំង អ្នក​មាន​សមត្ថភាព ហើយ​អ្នក​ស័ក្ដិសម ក្ដី​សុបិន​របស់​អ្នក​ត្រឹមត្រូវ មហិច្ឆតា​របស់​អ្នក​មាន​សារៈសំខាន់ ហើយ​សក្ដានុពល​របស់​អ្នក គឺ​គ្មាន​ដែន​កំណត់។ ដូច្នេះ​សូម​កុំ​បណ្ដោយ​ឲ្យ​សុបិន​របស់​អ្នក​ក្លាយ​ជា​ការពិត ហើយ​នេះ​ជា​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០២៤ ប្រាសាទ ដាវីន”។

រូបភាព៖ INDRA Production

គួរ​បញ្ជាក់​ថា ប្រាសាទ ដាវីន គឺជា 4th Runner up កម្មវិធី Universal Woman 2023។ នាង​បាន​ប្រឡូក​ចូល​វិស័យ​សិល្បៈ​តាំងពី​អាយុ ១៣ ឆ្នាំ​មក​ម្ល៉េះ ហើយ​មក​ដល់​ឆ្នាំ ២០០៥ អ្នកនាង​ក៏​បាន​ជាប់ Freshie Girl លេខ៣។ ដាវីន បាន​ប្រឡូក​យ៉ាង​ជោកជាំ​ក្នុង​វិស័យ​មួយ​នេះ ជា​ពិសេស​ការ​បង្ហាញ​ម៉ូដ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នាង​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​មិន​ឈប់ឈរ រហូត​ធ្វើឲ្យ​ខ្លួន​ក្លាយ​ជា​ស្ត្រី​ដ៏​រឹងមាំ និង​មាន​ឥទ្ធិពល​ម្នាក់ ទាំង​ក្នុង​ការងារ​សិល្បៈ ការងារ​ផ្ទាល់ខ្លួន និង​ការងារ​សង្គម។ ក្រៅ​ពី​មាន​តួនាទី​ជា​ម្ដាយ តារា​បង្ហាញ​ម៉ូដ ជា​អ្នកជំនួញ ជា​អ្នក​ដឹក​នាំ​កម្មវិធី តារា​ស្រី​សម្បុរ​ទឹក​ឃ្មុំ​ដូច​នារី​ឡាទីន​រូប​នេះ ក៏​ជា​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត ជា​ទូត​សុច្ឆន្ទៈ ព្រម​ទាំង​ការងារ​ជាច្រើន​មុខ​ទៀត។

បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ ២០២៤ ប្រាសាទ ដាវីន នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត Miss Universe 2024 នៅ​ប្រទេស​ម៉ិកស៊ីកូ​នា​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ខាង​មុខ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *