បណ្តាអ្នកគាំទ្រតារាចម្រៀង នីគីនីគី មានការភ្ញាក់ផ្អើលជាខ្លាំង ដោយថ្មីៗនេះម្ចាស់បទ «សង្សារថ្មី» បានបង្ហោះឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុក ពីការទទួលបានគ្រឿងឥស្សរិយយស ២ ផ្ទួនៗពីស្ថាប័ន ២ ផ្សេងគ្នា ដែលនាងបានជួយការងារ រួមមាន៖ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយប្រឡូកការងារសិល្បៈរយៈពេល ១៥ ឆ្នាំ។
ចំណែកគ្រឿងឥស្សរិយយស១ ទៀត ទទួលបានពីក្រសួងការពារជាតិ ដែលនាងបានបំពេញការងារជូន នៅក្នុងលំហាត់មហារំអិល17 លំហាត់មហារំអិល19 ការផ្ទេរតំណែងប្រធាន ADMM សម្រាប់ឆ្នាំ2022 ការផ្ទេរតំណែងប្រធាន ADMM សម្រាប់ឆ្នាំ2023 និងការប្រារព្ធខួប ១៥ឆ្នាំរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ។






នីគីនីគី ទទួលបានការអបអរសាទរយ៉ាងព្រោងព្រាតពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្ររបស់នាង ចំពោះការទទួលបានគ្រឿងឥស្សរិយយសនៅពេលនេះ។
ក្រឡេកមកការងារសិល្បៈវិញ បណ្តាអ្នកគាំទ្រកំពុងរង់ចាំស្នាដៃចម្រៀងថ្មីរបស់ នីគីនីគី យ៉ាងអន្ទះសារ ខណៈដែលបច្ចុប្បន្ននាងកំពុងមមាញឹកខ្លាំងជាមួយការងារ content creator។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺនាងបានងាកខ្លួនចូលវិស័យម៉ូដែល ដោយបានលេចមុខដើរបង្ហាញម៉ូដក្នុងកម្មវិធី fashion show ក្នុងស្រុក និងកម្មវិធី fashion show លំដាប់អន្តរជាតិឱ្យអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ថែមទៀតផង។ ទោះមិនមែនជាតារាបង្ហាញម៉ូដអាជីព តែម្ចាស់បទ «មនុស្សជំនិត» ធ្វើបានយ៉ាងល្អប្រសើរ រហូតទទួលបានការសរសើរពីគ្រូបង្រៀន រួមទាំងលោក អូលីវ៉ា ផ្ទាល់តែម្តង៕


























Account
Security
Favourite Content