ឥទ្ធិពលមិនធម្មតា! Jin ធ្វើឱ្យផលិតផល Gucci ច្រើនមុខលក់ដាច់ស្តុក ទោះមានតម្លៃរាប់ពាន់ដុល្លារ

ជាថ្មីម្ដងទៀត សមាជិកក្រុមចម្រៀង BTS, Jin បានបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួន ខណៈដែលផលិតផលរបស់ម៉ាក Gucci ជាច្រើនត្រូវដាច់ស្តុក បន្ទាប់ពីតារារូបនេះបានក្លាយជាទូតសុច្ឆន្ទៈ។

កាលពីដើមខែសីហាកន្លងទៅនេះ ក្រុមហ៊ុនផលិតផលប្រណីតរបស់អ៊ីតាលី Gucci បានប្រកាសតែងតាំងតារាចម្រៀងកូរ៉េ​ Jin ជាទូតសុច្ឆន្ទៈថ្នាក់សាកលលោករបស់ខ្លួន ព្រមជាមួយរូបថតដែលសមាជិក BTS រូបនេះតុបតែងខ្លួនជាមួយ Collection ថ្មីរបស់ Gucci ។

ការប្រកាសនេះបានបង្កឱ្យមានការចាប់អារម្មណ៍នៅទូទាំងពិភពលោក ដោយនៅប្រទេសជប៉ុន វិបសាយរបស់ Gucci បានគាំងបណ្ដោះអាសន្នដោយសារមានអ្នកចូលមើលច្រើនពេក ហើយនៅសហរដ្ឋអាមេរិក ឈ្មោះរបស់តារាវ័យ ៣១ឆ្នាំរូបនេះបានក្លាយជាប្រធានបទដែលគេ Search មើលច្រើនបំផុត។

លើសពីនេះមកដល់ពេលនេះក៏មានសេចក្ដីរាយការណ៍ថា ខ្សែកខ្សែតូចតម្លៃប្រហែល ៥៧០ ដុល្លារ និងក្រវិលរូបអក្សរ G ដែលតារាចម្រៀងរូបនេះពាក់ថតបានលក់ដាច់ស្តុកភ្លាមៗក្នុងប្រទេសកូរ៉េខាងត្បូង។ នៅសហរដ្ឋអាមេរិក ខ្សែកម៉ូដច្រវ៉ាក់ដែលតារារូបនេះពាក់ថតមានតម្លៃប្រមាណ ១៦២០ ដុល្លារក៏បានលក់ដាច់ស្តុកដូចគ្នា។ សូម្បីតែអាវរងាមានតម្លៃ ១៩៤០ ដុល្លារ និងកាបូបស្ពាយខាងក្រោយរបស់ Gucci មានតម្លៃរហូតដល់ ៣០៥០ ដុល្លារក៏ត្រូវបានលក់ដាច់ស្តុកអស់ដូចគ្នាក្នុងប្រទេសជប៉ុន ដោយសារតែឥទ្ធិពលផ្សព្វផ្សាយរបស់ Jin។

ទន្ទឹមនឹងការលក់ផលិតផលដាច់ដូចព្យុះ ការប្រកាស Jin ជាទូតសុច្ឆន្ទៈក៏បានបំបែកកំណត់ត្រាជាច្រើននៅលើបណ្ដាញសង្គមនានារបស់ Gucci ផងដែរ។ ជាក់ស្ដែងការបង្ហោះអំពី Jin លើបណ្ដាញសង្គម X របស់ Gucci បានទទួលការចុច Like ដល់ 112k like ល្មមបំបែកកំណត់ត្រាចាស់កាន់កាប់ដោយ Harry Styles ដែលទទួលបានការ like ចំនួន 111k ខណៈនៅលើ Instagram របស់ Gucci ដូចគ្នា ការបង្ហោះអំពី Jin ទទួលបានការចុច Like ដល់ 3.5 លាននិងមានការ Comment ដល់ជាង ៤​ម៉ឺន ដែលអាចបំបែកកំណត់ត្រាចាស់របស់ Kendall Jenner ដែលទាក់ទាញការចុច like បាន 1.6 លាន៕ 

Leave a Reply

Your email address will not be published. Required fields are marked *