ព្រះនាងតូច នរោត្តម ជេនណា កំពុងជួបទុក្ខធំប៉ុនភ្នំ

កាលពីពេលថ្មីៗនេះ​ព្រះនាង​តូច នរោត្តម ជេនណា បាន​ឲ្យ​ដឹង​ពី​រឿង​ទុក្ខសោក​ដែល​កំពុង​ជួប ធ្វើឲ្យ​ព្រះនាង​មិន​អាច​ធ្វើ​ចិត្ត​បាន​នោះ គឺ​ការ​បាត់បង់​ជីដូន​បង្កើត​គឺ អ្នកម្នាង ឌួង​ ឌីយ៉ាត កាលពី​ម្សិលមិញ ដោយ​រោគាពាធ។

ព្រះនាង​បាន​រៀបរាប់​ឲ្យ​ដឹង​ថា «មរណភាព​នៃ​ជីដូន​ខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ខ្ញុំ​ និង​ព្រះមាតា​ខ្ញុំ​ ព្រះអង្គ​ម្ចាស់ក្សត្រី​ នរោត្តម​ បុប្ផារី​ មាន​សេចក្តី​រំជួល​ចិត្ត​រន្ធត់​ក្តុកក្តួល​ជា​ពន់ពេក​ណាស់​ចំពោះ​ការ​ចាកចេញ​ដ៏​ឆាប់រហ័ស​នៃ​ជីដូន​បង្កើត​ខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ដោយ​ជីដូន​ខ្ញុំ​បាន​ទទួលមរណភាព​ កាលពី​ម៉ោង ១១:៣៩ នាទីព្រឹក​នាថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ ២០២២ នេះ​ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​ ដោយ​រោគាពាធ»។

ដោយ​ក្ដី​អាឡោះអាល័យ​ព្រះនាង បាន​រៀបរាប់​បន្ត​ទៀត​ថា «ម៉ាក់យាយ​ជាទី​ស្រឡាញ់​របស់​ចៅ​ ចៅ​ស្តាយ​ណាស់​ដែល​ចៅ​មិន​បាន​ជួប​ និង​នៅ​ក្បែរ​ម៉ាក់​យាយ​ក្នុង​ដង្ហើម​ចុងក្រោយ។​ ចៅ​តែងតែ​បន់ស្រន់​សុំ​អោយ​ម៉ាក់​យាយ​នៅ​ជាមួយ​ចៅ​អោយ​បាន​យូរ​ តែ​ពេល​នេះ​ម៉ាក់យាយ​ទៅ​ចោល​ចៅ​ហើយ ទៅ​គ្មាន​ថ្ងៃ​បាន​ជួប​វិញ។ ឱ! ម៉ាក់​យាយ​អើយ​ ចៅ​នៅ​តែ​នឹក​ នឹក​ នឹក​ និង​ចងចាំ​ពី​ការ​ស្រឡាញ់​ ការអប់រំ ការ​ថ្នមថ្នាក់​របស់​ម៉ាក់​យាយ​គ្មាន​ថ្ងៃ​ភ្លេច»។

ចំណែក​ការ​បូជា​សព​ជី​ដូន​របស់ ព្រះនាងតូច នរោត្តម ជេនណា នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ។ ព្រះនាង​ក៏​បាន​បន្ត​ឲ្យ​ដឹង​ថា សព​អ្នកម្នាង ឌួង​ ឌីយ៉ាត​ បាន​មក​ដល់​វត្តបុទុមវត្តី ដើម្បី​តម្កល់​ធ្វើបុណ្យ ទក្ខិណានុប្បទាន តាម​គន្លងប្រពៃណី ព្រះ​ពុទ្ធសាសនា​កាលពី​យប់​ថ្ងៃ​ទី ១១។

ក្នុង​នោះ​សែ​រាជវង្ស និង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រូប​នោះ​បញ្ជាក់​ថា ពិធី​បូជា​សព​ជីដូន​ព្រះនាង​និង​ធ្វើ​ឡើង​នៅ​ម៉ោង ៧ ព្រឹក​ ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២២​ នា​បរិវេណ​វត្ត​បុទុមវត្តី ហើយ​ទ្រង់​ក៏​ចូល​អញ្ជើញ​សូមសម្ដេច​ ព្រះអង្គម្ចាស់ក្សត្រា​ ព្រះអង្គម្ចាស់ក្សត្រី​ អ្នកអង្គម្ចាស់​ អ្នកម្នាង​ ឯកឧត្តម​ លោកឧកញ៉ា​ លោកជំទាវ​ លោក​ លោកស្រី​ ដែលស្រឡាញ់រាប់អាន អ្នកម្នាង ឌួង​ ឌីយ៉ាត សូមយាង​ និង អញ្ជើញ​ចូលរួម​ជា​ការ​ជូន​ដំណើរជាកិច្ចចុងក្រោយ។ សម្រាប់​ពុកម៉ែ​បងប្អូន​ជិតឆ្ងាយ​ដែលគាំទ្រ​ និង​ស្រឡាញ់ ព្រះនាង ចង់មកចូលរួមគោរពសព ក៏អាចចូលរួមបាន​ដោយមេត្រីភាព៕