និយាយពីអ្នកនាង យុគ ចិន្តា ប្រិយមិត្តអ្នកអានប្រាកដជាស្គាល់ថាអ្នកនាងត្រូវបានមហាជន និងអ្នកគាំទ្រចាត់ទុកជាពិធីការិនីឆ្នើម និងជួរមុខគេនៅក្នុងប្រទេសកម្ពុជា។ លើសពីភាពប៉ិនប្រសព្វក្នុងការប្រើប្រាស់សំនៀងវោហារសព្ទ និងការប្រើប្រាស់ពាក្យពេចន៍និយាយ ឬអត្ថាធិប្បាយហើយនោះ អ្នកនាងក៏ត្រូវបានមហាជនកត់សម្គាល់ថា ជាពិធីការិនីសាច់ចាំម្នាក់ផងដែរ ព្រោះអាចថែរក្សារូបសម្រស់បានស្អាតសមសួន ទោះបីកូនស្រីធំទន្ទឹមខ្លួនទៅហើយក្តី។


គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ យុគ ចិន្តា មិនសូវបង្ហាញខ្លួនញឹកញាប់ដូចពីមុនទៀតនោះទេ តែអ្នកនាងបានងាកមកប្រើជីវិតជាមួយធម្មជាតិវិញម្ដង ដើម្បីជាការសម្រាកលំហែអារម្មណ៍ និងព្យាបាលស្នាមរបួសក្នុងចិត្ត បន្ទាប់ពីបាត់បង់ម្ដាយកាលពីខែ ៧ ឆ្នាំ ២០២១ កន្លងទៅ។ទើបថ្មីៗនេះអ្នកនាងបានឡើងកម្មវិធី 3 FUN អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។ ក្នុងកិច្ចសម្ភាសន៍នោះ គេបានឃើញអ្នកនាងបកស្រាយរឿងរ៉ាវមួយចំនួន និងរម្លឹកពីបទពិសោធន៍ក្នុងការធ្វើជាពិធីការិនី ឱ្យមហាជនអ្នកគាំទ្របានដឹង។



អ្នកនាងរម្លឹកឡើងថា គិតមកទល់ពេលនេះ នាងបានឆ្លងកាត់ការងារជាពិធីការិនីនៅមុខកញ្ចក់ទូរទស្សន៍អស់រយៈពេល ២៦ ឆ្នាំមកហើយ និងបានឆ្លងកាត់បទពិសោធន៍ច្រើនរាប់មិនអស់។ ក្នុងអាជីពជាពិធីការិនីជាង ២០ ឆ្នាំមកនេះ គឺអ្នកនាងចូលចិត្តមើលគំរូ និងយកលំនាំល្អៗតាមលោកជំទាវ ចន្ធី ដែលជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ ទទក។
ក្រោយឈរជើងជាពិធីការនី ២០ ឆ្នាំប្លាយមកនេះ អ្នកនាងចែករំលែកដោយមិនលាក់លៀមថា ដើម្បីធ្វើឱ្យមហាជនអ្នកគាំទ្រចងចាំមិនភ្លេចពីកិត្តិនាមជាពិធីការិនី និងដើម្បីធ្វើជាពិធីការិនីម្នាក់ក្នុងដួងចិត្តអ្នកទស្សនា អ្នកនាងបានដៅគោលដៅមួយចំនួនសម្រាប់ខ្លួនឯង ដើម្បីសាងប្រជាប្រិយភាព និងជាគំរូសម្រាប់មហាជនទូទៅ។
ក្នុងកិច្ចសម្ភាសន៍ខាងលើម្ចាស់ហាងកាត់សម្លៀកបំពាក់អម បានលើកឡើងថា ការនិយាយជាពិធីការិនី គឺជា «គំរូ» រាល់សម្ដី និងការប្រើប្រាស់ពាក្យពេចន៍ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ហើយចៀសវាងរាល់ពាក្យសម្ដីលេងសើច ដែលបណ្ដាលឱ្យមានការលើសលស់ដោយប្រការណាមួយដែលនឹងកើតមានឡើង។ សម្រាប់អ្នកនាងផ្ទាល់ អ្នកនាងបានដាក់គោលដៅចំពោះខ្លួនឯងថា អ្នកនាងគឺជាពិធីការិនីម្នាក់ដែលពូកែស្ដាប់រឿង រាល់ការសម្ភាសន៍នីមួយៗ អ្នកនាងត្រូវតែស្ដាប់ដោយយកចិត្តទុកដាក់បំផុត។ មួយទៀតនោះ គឺការអានរាល់ឯកសារ ឬចំណេះដឹងទូទៅទាំងឡាយ ដែលពាក់ព័ន្ធជាមួយការងារ ដោយអ្នកនាងបានព្យាយាមអានបន្ថែមមិនដាច់ ព្រោះការអានច្រើនជំរុញឱ្យអ្នកនាងមានពាក្យបង្កើតជាសំណួរកាន់តែច្រើនតាមនោះដែរ។
ក្នុងនាមជាសិល្បការិនីរៀមច្បងម្នាក់ដែលបានហែលឆ្លងវិថីនេះមុន អ្នកនាងបានផ្ដាំផ្ញើទៅកាន់ប្អូនៗជំនាន់ក្រោយថា ជាអ្នកសិល្បៈ ឬជាពិធីករ ពិធីការិនី ត្រូវតែប្រកាន់ខ្ជាប់ ការគោរពដោយត្រូវលើកដៃសំពះ។ ការលើកដៃសំពះ គឺជាវប្បធម៌ដ៏ប្រពៃ និងជាអត្តសញ្ញាណខ្មែរ។ ការសំពះគោរពរៀមច្បង ទោះស្គាល់ ឬមិនស្គាល់ ក៏យើងត្រូវតែប្រតិបត្តិឱ្យជាប់ ទើបនេះជាទង្វើល្អរបស់កូនខ្មែរ៕










Account
Security
Favourite Content