Cambodia International Models (CIM) ដែលជាក្រុមហ៊ុនបង្ហាញម៉ូតប្រជុំនូវតារាពោរពេញដោយទេពកោសល្យ កាលពីចុងសប្ដាហ៍បានរៀបចំពិធីសម្ពោធសាកល្បងក្រុមហ៊ុនCIM យ៉ាងឱឡារិក ក្រោមការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ហើយកាន់តែពិសេសកម្មវិធីបានគាស់អស់ បវរកញ្ញា និងបុរសឯកក្នុងវិស័យ Beauty Pageant ឱ្យមកចូលរួម សរុបប្រមាណជិត ១០០ នាក់។ វត្តមានបវរកញ្ញា និងបុរសឯកគ្រប់ជំនាន់បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដ៏មហាជន ព្រោះនេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រ ដែលបវរកញ្ញា និងបុរសឯកក្បែររយនាក់មកជួបប្រជុំគ្នាបែបនេះ។
កាន់តែអស្ចារ្យជាងនេះទៀតនោះ បវរកញ្ញា និងបុរសឯក តុបតែងខ្លួនយ៉ាងស្រស់សោភា ជាមួយឈុតសម្លៀកបំពាក់ និងរ៉ូបប្រណិតៗ អមដោយគ្រឿងអលង្ការភ្លឺចែងចាំង បណ្ដើរគ្នាយ៉ាងត្រសងដើរលើកម្រាលព្រំក្រហម ញ៉ាំងឱ្យពិធីនោះកាន់តែអធិកអធមថែមមួយកម្រិតទៀត។ ក្នុងនោះ ក៏មានការដើរបង្ហាញម៉ូតពេជ្រពីហាងពេជ្រ CSNJ ពីសំណាក់ Miss Universe Cambodia ៤ជំនាន់ កញ្ញា រឿន ណាត,សំណាង អេលីណា, រ៉េត សារីតា,ងិន ម៉ារ៉ាឌី, ជា ចារ៉ានី, ឆន ស្រីណេត, បុណ្យ កញ្ចនធីតា និងកញ្ញា ដាំ សុភ័ក្រស៊ីនឌី ថែមទៀតផង។








លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM ឱ្យដឹងថា CIM បង្កើតបានជាង ១ ឆ្នាំហើយ គិតត្រឹមថ្ងៃសម្ពោធសាកល្បងនេះ ជាក់ស្ដែងលោកចង់ធ្វើពិធីនេះតាំងពីខែមេសា ឆ្នាំមុនមកម្ល៉េះ តែដោយសារស្ថានភាពកូវីដ១៩ នៅកម្ពុជា មិនអំណោយផលឱ្យរៀបចំ ទើបត្រូវពន្យារពេលរហូតដល់ពេលនេះ។ ជាង ១ ឆ្នាំមកនេះ CIM បានចូលរួមជំរុញ និងលើកស្ទួយវិស័យបង្ហាញម៉ូត និងវិស័យ Beauty Pageant យ៉ាងពេញទំហឹង តាមរយៈការបង្ហាត់បង្រៀន និងបញ្ជូនបេក្ខភាពកម្ពុជាឱ្យចូលរួមកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិជាច្រើន ក្នុងនោះមានទាំងកម្មវិធី Miss Universe ផងដែរ។
ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ CIM ទទួលបានសិទ្ធពីកម្មវិធីអន្តរជាតិថ្មីៗជាច្រើន រហូតដល់ជាង ៤០ កម្មវិធី ដែលកម្មវិធីរាប់បញ្ចូលទាំងចាស់ថ្មី ត្រៀមសម្រាប់បញ្ជូនបេក្ខភាពកម្ពុជាទៅចូលរួមប្រកួត។


នាយកប្រតិបត្តិ CIM៖ «ខ្ញុំរំភើបខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់ដែលចូលរួមក្នុងកម្មវិធី ហើយក៏ជាឱកាសល្អដែល CIM បានបង្កើតកម្មវិធី ដើម្បីថ្លែងអំណរគុណដល់បណ្ដាលបងប្អូនជា Designer ជា Make-up artist និងបងប្អូនសារព័ត៌មានទាំងអស់ដែលតែងតែជួយគាំទ្រកន្លងមក។ អាចនិយាយបានថា ក្នុងអំឡុងពេលកូវីដរយៈពេល១ ឆ្នាំជាងនេះ ក្រុមហ៊ុនផ្សេងៗមានបញ្ហាច្រើន ហើយខ្លះក៏បានបិទ តែសម្រាប់ CIM នៅតែរវល់ ដោយសារក្នុងពេល Lockdown ខ្ញុំបានព្យាយាមបម្លែងកម្មវិធីប្រកួតផ្សេងៗទៅកម្មវិធីប្រកួតអនឡាញ។ ឆ្នាំនេះយើងមានកម្មវិធីកាន់តែច្រើនដូចជា ការប្រកួតបញ្ចប់ Miss Queen Cambodia យើងទើបប្រកាសទទួលពាក្យប្រកួត Miss Universe Cambodia 2022 ថ្មីនេះ បន្តមកក៏នឹងមានការប្រកួត Miss Cambodia 2022, Face of Cambodia 2022 និងកម្មវិធីបន្តបន្ទាប់ទៀត។ អាចនិយាយថា កម្មវិធីប្រកួតក្នុងស្រុកយើងមាន ៦ កម្មវិធី និងកម្មវិធីប្រកួតបន្តលើកឆាកអន្តរជាតិជិត ៤០ កម្មវិធី»។
ម៉ែន និមលរតន៍ បានបន្តទៀតថា «ខ្ញុំនៅតែមានគំនិតសុទិដ្ឋិនិយមក្នុងការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ ឱកាសមានច្រើនណាស់សំខាន់ប្អូនៗនៅពេលចូលរួមការងារសិល្បៈឬចង់ជោគជ័យក្នុងអាជីពអីមួយសុំឱ្យមានការតាំងចិត្តខ្លួនឯងក្នុងការធ្វើឱ្យខ្លួនឯងរីកចម្រើនក្រុមហ៊ុនជាចំណែកមួយ គឺ ៥០%ក្នុងការជំរុញនិងជួយបណ្ដុះបណ្ដាលប្អូនទៅរកភាពជោគជ័យប៉ុន្តែបើខ្លួនឯងមានការតាំងចិត្តខ្លាំងខ្ញុំជឿថា ទាំងអស់គ្នានឹងទទួលភាពជោគជ័យ។វាជាបទពិសោធន៍របស់ខ្ញុំ»។
CIM វិវត្តន៍ខ្លួនក្នុងពេលដ៏ខ្លី និងទទួលបានជោគជ័យជាផ្លែផ្កា។ ក្រុមហ៊ុននេះ មានហ្វឹកហាត់ និងគ្រប់គ្រងតារា និងតួវ័យក្មេង ដើម្បីក្លាយជាតារាបង្ហាញម៉ូត តារាសម្ដែង ពិធីករ និងតារាល្បី។ មិនតែប៉ុណ្ណោះ CIM ក៏ជាភ្នាក់ងារទទួលរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ដូចជាបវរកញ្ញាចក្រវាលកម្ពុជា និងបវរកញ្ញាអន្តរជាតិជាដើម និងមានទទួលផលិតកម្មវិធីទូរទស្សន៍ Digital Content និងព្រឹត្តិការណ៍ផ្សព្វផ្សាយផ្សេងៗយ៉ាងសម្បូរបែប៕
















Account
Security
Favourite Content