កាលពីថ្ងៃ សុក្រ ទី ៧ ខែ មេសា ឆ្នាំ ២០២៣ កន្លងទៅ តារាប្រុស Lee SeungGi បានដឹកដៃគូស្នេហ៍ Lee DaIn ចូលរោងមង្គលការ និងរៀបចំពិធីយ៉ាងធំព្រមទាំងមានភ្ញៀវកិត្ដិយសដែលជាតារាល្បីៗ ចូលរួមច្រើនកុះករ។ ខណៈពេលដែលពិធីមង្គលការរបស់លោករៀបចំនៅសណ្ឋាគារល្បី The Grand InterContinental Seoul Parnas Hotel។



បើតាមប្រភពផ្ទៃក្នុងបានឱ្យដឹងថា ពិធីមង្គលការមួយនេះចំណាយអស់ខ្ទង់រាប់សិបម៉ឺនដុល្លារអាមេរិកឯណោះ។ ព្រោះត្រូវរៀបចំពិធីមង្គលការនៅ The Grand Hall ដែលមានតម្លៃថ្លៃ និងទទួលភ្ញៀវកិត្ដិយសក្នុងពីធីដល់ទៅជាង ៧០០ នាក់ ដូច្នេះតម្លៃត្រូវបានប៉ាន់ប្រមាណអស់ ៧៦ ០០០ ដុល្លារអាមេរិក។

ក្រឡេកមកមើលម្ហូបសម្រាប់ទទួលភ្ញៀវវិញ ត្រូវបានរាយការណ៍ថាជាប្រភេទបង្កងអាំងបែបហុងកុង មានបង្អែម ស៊ុបព្រុយត្រីឆ្លាម និងផ្សេងៗទៀត សម្រាប់ភ្ញៀវជាង ៧០០ នាក់សរុបទាំងអស់មានតម្លៃប្រមាណ ៩៨ ៨០០ ដុល្លារអាមេរិក។ ជាមួយនេះ ការរៀបចំតុបតែងផ្សេងៗ នៅក្នុងពិធីប្រមាណជាង ១៤ ០០០ ដុល្លារអាមេរិក។ ការចំណាយលើអ្នករៀបចំកម្មវិធីអស់ប្រមាណជាង ៣ ០០០ ដុល្លារអាមេរិក។
ជាចុងក្រោយ ប្រភពដដែលក៏បានរាយការណ៍ថា អ្នកទាំងពីរក៏បានរៀបចំកាដូពិសេសសម្រាប់ភ្ញៀវដែលចូលរួម ទុកជាអនុស្សាវរីយអស់ប្រមាណ ១៥២ ០០០ ដុល្លារអាមេរិក។ បើគិតជាទឹកប្រាក់សរុបក្នុងការចំណាយសម្រាប់ពិធីមង្គលការ តារាប្រុស Lee SeungGi និងភរិយាចំណាយអស់ប្រមាណជិត ៣៥ ម៉ឺនដុល្លារអាមេរិក៕





























Account
Security
Favourite Content