ព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត «សមរាត្រី» ឬជាភាសាអង់គ្លេស «Angkor Wat equinox» តែងកើតឡើង ២ដងក្នុងមួយឆ្នាំពោលគឺនៅក្នុងខែមីនា និងខែកញ្ញា។ ក្នុងឆ្នាំ ២០២៣ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ នឹងកើតឡើងលើកទី១ នៅចន្លោះថ្ងៃទី ២០-២២ខែមីនា បើតាមការផ្សព្វផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

យ៉ាងណាសម្រាប់ ព្រឹត្តិការណ៍សមរាត្រីឆ្នាំ ២០២៣ នឹងអស្ចារ្យជាងឆ្នាំមុនៗដោយសារមាន ការរៀបចំព្រះរាជពិធីសុំភ្លើង និងប្រទានភ្លើងអគ្គីជ័យកីឡា ពីព្រះមហាក្សត្រនៅមុខប្រាសាទអង្គរវត្តតែម្តង។ បើតាមនាយកដ្ឋានព័ត៌មានបានឲ្យដឹងថា ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គនឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង និងប្រទានភ្លើងអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលធ្វើឡើងខេត្តសៀមរាប នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថាព្រឹត្តិការណ៍ដ៏អស្ចារ្យ «សមរាត្រី» នេះពុំមែនកើតឡើងដោយឯងៗ ឬជាអភូតហេតុនោះទេ តែវាជាការគុណគូររៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុន។
បើតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា៖ «សមរាត្រី គឺជាពេលវេលាដែលរវាងពេលថ្ងៃនិងពេលយប់ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែ សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យ ប្រាសាទអង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង»។
លោក អ៉ឹម សុខរិទ្ធី ឱ្យដឹងថា ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិឱ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផង។ អាចនិយាយបាន ថាព្រឹត្តិការណ៍ពិសេសថ្ងៃ រះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះកើតមានតែនៅលើ ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។ ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី នឹងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុង ១ ឆ្នាំ២ដងក្តី ក៏ប៉ុន្តែ បាតុភូតនោះ កើតឡើងមិនដូចគ្នាទេ៕
























































Account
Security
Favourite Content