សហគមន៍អេកូទេសចរណ៍អូជាំ ជាសហគមន៍ទេសចរណ៍មួយដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៨ និងមានប្រជាសហគមន៍រស់នៅជាង ១ពាន់នាក់ដែលភាគច្រើនប្រកបរបរកសិកម្ម និងលក់ដូរក្នុងវិស័យទេសចរណ៍។

សហគមន៍មួយនេះជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសក្ដានុពលបំផុតមួយក្នុងខេត្តបាត់ដំបង ដែលមានទេសភាពស្រស់ត្រកាលគ្រប់រដូវ។ មានទឹកធ្លាក់អូរជាំ ដ៏ស្រស់ស្អាតមានផ្ទាំងថ្ម ដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត រួមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ អមទៅដោយភ្នំល្វឹងល្វើយអមដោយផ្កាព្រៃចម្រុះពណ៌។
បន្ថែមពីលើនេះ សហគមន៍អេកូទេសចរណ៍អូរជាំក៏បានផ្សព្វផ្សាយ និងបើកឲ្យទេសចរចូលទៅទស្សនាទន្លេផែនដ៏ស្រស់ស្អាតនៅលើកំពូលភ្នំសំកុសផងដែរ។ លោក គឹម សុង ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំក៏បានឱ្យដឹងថា៖ «ក្រោយការផ្សព្វផ្សាយពីទន្លេផែន ធ្វើឲ្យទេសចរចង់ដឹង ចង់ឮ និងការចូលមកទស្សនាសហគមន៍អេកូទេសចរណ៍អូរជាំទាំងមូលមានការកើនឡើងប្រមាណ ៣០ភាគរយផងដែរ»។
បន្ថែមពីលើនេះទេសចរក៏អាចបោះតង់ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្វែងយល់ពីការរស់នៅរបស់ប្រជាសហគមន៍ និងងូតទឹកធ្លាក់ធម្មជាតិកម្ពស់ ៣០ ម៉ែត្រដែកមិនចេះរីងស្ងួតទោះបីស្ថិតនៅរដូវប្រាំងក៏ដោយ ។
សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងមានចម្ងាយប្រមាណជាង៨០គីឡូម៉ែត្រពីក្រុងបាត់ដំបង៕


























































Account
Security
Favourite Content