លោក In Ji Woong ជាអតីតគ្រូបង្វឹកក្រុម Kpop ផ្នែករាំ និងមានបទពិសោធន៍ជាច្រើនឆ្នាំផងដែរ។ ថ្មីៗនេះ លោកបានផ្ដល់បទសម្ភាសន៍ជាមួយខាង News1 ព្រមទាំងបានរៀបរាប់ពីរឿងរ៉ាវខ្លោចចិត្តជាច្រើនដែលបានកើតឡើងចំពោះអ្នកហ្វឹកហាត់ដែលគ្មានឱកាសបានចេញច្រៀងជាផ្លូវការ។

ផ្ដើមដំបូងលោកបានលើកឡើងថា៖ វាអាស្រ័យទៅតាមច្បាប់របស់ក្រុមហ៊ុននីមួយៗ តែជាទូទៅប្រសិនបើចង់ក្លាយជាតារាចម្រៀង Kpop អ្នកហ្វឹកហាត់គ្រប់រូបត្រូវចំណាយពេលក្នុងការហាត់ច្រៀង រាំ រ៉េប យ៉ាងហោចណាស់ក៏ ៥ ទៅ ៦ ឆ្នាំដែរ បើយូរវិញគឺប្រហែល ៧ ទៅ ៨ ឆ្នាំទើបមានឱកាសចេញច្រៀង។
លោកបានបន្ដថា៖ អ្នកហ្វឹកហាត់ទាំងអស់ពិតជាទទួលរងសម្ពាធខ្លាំងព្រោះក្រុមហ៊ុនមានវិន័យតឹងតែង និងមានការប្រកួតប្រជែងគ្នាខ្លាំង បើប្រហែសតែបន្ដិចត្រូវធ្លាក់ចេញតែម្ដង។ ក្រុមចម្រៀងនីមួយៗ សមាជិកច្រើនបំផុតអាចមានត្រឹមជាង ១០ នាក់ប៉ុណ្ណោះ ខណៈអ្នកហ្វឹកហាត់មានដល់ទៅរាប់រយនាក់ឯណោះ។
លោកបានបន្ដថា៖ ប្រសិនបើជាប់ក្នុងចំណោមដែលក្រុមហ៊ុនរើសយកត្រៀមឱ្យចេញច្រៀងទៀត ការហ្វឹកហាត់កាន់តែពិបាក និងមានការតឹងតែងខ្លាំងសឹងតែអស់សិទ្ធិសេរីភាព។ មែនទែនទៅ មិនអាចដើរទៅណាមកណាតែម្នាក់ឯងឡើយ សូម្បីតែទៅទិញទឹក។
លោកបន្ដទៀតថា៖ បើក្រឡេកទៅមើលអ្នកដែលគ្មានឱកាសបានចេញច្រៀងក្រោយហ្វឹកហាត់អស់ ៧ ទៅ ៨ ឆ្នាំវិញ ពិតជាគួរឱ្យអាណិតខ្លាំង។ ប្រសិនបើពួកគេជាកូនអ្នកធូរធារមិនជាបញ្ហាអ្វីឡើយ ដោយសារតែមិនសូវបារម្ភរឿងបញ្ហាលុយកាក់ ឬអាចទៅរកស៊ីនានា។ តែបើជាអ្នកមិនសូវធូរធារវិញ ពួកគេខ្លះធ្លាក់ខ្លួនទៅធ្វើការងារប្រើកម្លាំងពលកម្មផ្សេងៗ ដោយសារពួកគេមិនបានរៀនសូត្រ ឬចាប់យកជំនាញការងារណាច្បាស់លាស់ធ្វើឱ្យពួកគេពិបាកក្នុងការរកការងារល្អធ្វើ ដូច្នេះអស់ជម្រើសមានតែទ្រាំធ្វើការងារគ្រប់យ៉ាងដើម្បីរកប្រាក់។
លោកបន្ថែមថា៖ អ្នកខ្លះវិញបាក់ទឹកចិត្តរហូតគិតផ្ដេសផ្ដាស់ក៏មាន ហើយក៏មានអ្នកខ្លះមានវាសនាមិនល្អត្រូវធ្លាក់ខ្លួនទៅធ្វើការនៅតាមបារ ក្លឹបកម្សាន្ដ និងធ្វើការងារស្លៀកពាក់លេចលើលេចក្រោមជាដើម។
ជាចុងក្រោយ លោកបានលើកឡើងថា៖ ការហ្វឹកហាត់ធ្វើជាតារា Kpop ពិតជាមិនស្រួលដូចគ្រប់គ្នាគិតទេ ហើយមិនមែនមនុស្សគ្រប់គ្នាមានឱកាស មានសំណាងបានចេញច្រៀង និងមានភាពល្បីល្បាញឡើយ។ រាល់ពេលដែលក្រុមចម្រៀងនីមួយៗ ចេញច្រៀង តែងតែមានអ្នកហ្វឹកហាត់យ៉ាងហោចណាស់ ២០ ទៅ ៣០ នាក់ផ្សេងទៀតដែលត្រូវជម្រុះចេញមិនបានចេញច្រៀង វាពិតជារឿងគួរឱ្យសង្វេគមួយ៕























Account
Security
Favourite Content