ការមុជទឹកកម្សាន្តនាបាតសមុទ្រ ឬទេសចរណ៍បាតសមុទ្រគឺជាការកម្សាន្តមួយប្រភេទដែលនឹងនាំទេសចរទៅដល់ផ្ទាំងទស្សនីយភាពនៃជីវចម្រុះស្រស់ស្អាតនៅក្រោមទឹកដែលទេសចរពុំធ្លាប់បានឃើញ។ ការកម្សាន្តប្រភេទនេះមានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសលោកខាងលិច រួមទាំងប្រទេសជិតខាងយើងផងដែរ។ ហើយសម្រាប់សក្ដានុពលទេសចរណ៍បាតសមុទ្រកម្ពុជា ក៏ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទេសចរអន្តជាតិផងដែរ ដោយសារតែជីវៈចម្រុះ ផ្កាថ្មទន់ និងរឹង រួមទាំងត្រីសមុទ្រច្រើនប្រភេទរបស់កម្ពុជា។

ម្យ៉ាងសេវាកម្មនាំទេសចរមុជទឹកបាតសមុទ្រនេះនៅកម្ពុជាក៏មានស្តង់ដារគ្រប់គ្រាន់ដែលទេសចរជាតិ និងអន្តជាតិអាចកម្សាន្តដោយឥតកង្វល់។ បើតាមអ្នកជំនាញមុជទឹកមួយរូបរបស់ក្រុមហ៊ុននាំភ្ញៀវទេសចរមុជទឹកបាតសមុទ្រ Khmer Dive Group បានប្រាប់ AMS Infotainment ថាទេសចរដែលចង់កម្សាន្តនាបាតសមុទ្រតម្រូវឲ្យមានសញ្ញាប័ត្រមុជទឹកជាមុន តែក៏មានវគ្គសម្រាប់អ្នកគ្មានបទពិសោធន៍សោះផងដែរ។
លោកថា «ទេសចរដែលចង់មុជទឹកទស្សនាបាតសមុទ្រជម្រៅជ្រៅតម្រូវឲ្យមានសញ្ញាប័ត្រមួយដែលគេហៅថា Open Water ចំណែកអ្នកគ្មានបទពិសោធន៍សោះត្រូវចូលរៀនវគ្គដំបូងជាមុនដែលគេហៅថា Dry Diving ដែលជាការបំពាក់បំប៉នស្វែងយល់ពីឧបករណ៍ និងយល់ពីការជ្រមុជទឹកត្រឹមជម្រៅ ៥មែត្រ»។
លោកបន្តថា សម្រាប់ការបង្រៀនរបស់ Khmer Dive Group កម្រិតអាជ្ញាប័ណ្ណ Open Water មានតម្លៃ ៤០០ដុល្លារ និងត្រូវចំណាយពេល ៤ ថ្ងៃ តាមស្តង់ដារក្នុងការសិក្សាដែលថ្ងៃទី១ ជាការរៀនទ្រឹស្ដី ថ្ងៃទី២ ជាការអនុវត្តទឹករាក់ ហើយថ្ងៃទី៣ និងទី៤ ជាការចុះមុជទឹកជ្រៅដែលមានជម្រៅចាប់ពី ១៨ម៉ែត្រឡើងលើ។

លោកបានបញ្ជាក់បន្ថែមថា «ក្រោយទទួលបានអាជ្ញាប័ណ្ណមុជទឹកហើយចង់ Diving ទេសចរនឹងទទួលបានការរៀបចំឧបករណ៍មុជទឹកជូន ព្រមទាំងអាចជ្រើសរើសទីតាំងដែលខ្លួនចង់ទស្សនាបាតសមុទ្រដោយខ្លួនឯងដូចជាតាមបណ្ដាកោះណាមួយនៅខេត្តព្រះសីហនុ ឬតាមការណែនាំរបស់ក្រុមហ៊ុននាំទេសចរកម្សាន្តបាតសមុទ្រមួយនេះ»។
ត្បិតថាការកម្សាន្តប្រភេទនេះមានតម្លៃថ្លៃបន្តិចក្ដី តែការចំណាយតែម្ដង ទេសចរនឹងទទួលបានការកម្សាន្តដែលប្លែក បានយល់ពីជីវចម្រុះបាតសមុទ្រ សម្បត្តិធម្មជាតិ និងថែមទាំងបានរួមចំណែកថែរក្សាបរិស្ថានដែនសមុទ្រប្រទេសខ្លួនផងដែរ។
បន្ថែមពីលើនេះអ្នកជំនាញមុជទឹករបស់ Khmer Dive Group បានឲ្យដឹងថា «ភ្ញៀវដែលភាគច្រើនជាភ្ញៀវបរទេសបានត្រលប់មកច្រើនវិញបណ្ដើរៗមួយរយៈចុងក្រោយនេះ តែទោះយ៉ាងណាក៏មិនច្រើនដូចកាលមុនការរីករាតត្បាតនៃជំងឺកូវីត១៩ ដែរ»។ ហេតុនេះលោកក៏អំពាវនាវទៅដល់ភ្ញៀវជាតិ និងអន្តជាតិថា នៅក្នុងប្រទេសកម្ពុជាយើងក៏មានដែនសមុទ្រដែលស្រស់ស្អាត និងពោរពេញទៅដោយជីវចម្រុះដែលទេសចរគួរសាកល្បងការកម្សាន្តបែបនេះ។
សម្រាប់ទេសចរដែលចង់រៀន និងស្វែងយល់បន្ថែមពីការមុជទឹកនៅបាតសមុទ្រកម្ពុជាអាចទាក់ទងទៅកាន់ទំព័រហ្វេសប៊ុក Khmer Dive Group៕





























Account
Security
Favourite Content