នៅព្រឹកថ្ងៃទី១០ មករា ២០២៣ មជ្ឈមណ្ឌលបុប្ផាណាបានសម្ដែងនូវការរំលែកទុក្ខពីចម្ងាយតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនចំពោះដំណឹងមរណភាពរបស់លោក NATE Thayer ជាអ្នកសារព័ត៌មានដែលបានធ្វើការសម្ភាសន៍ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតក្នុងរបបខ្មែរក្រហមគឺ ប៉ុល ពត ។

ក្នុងការចូលរួមរំលែកទុក្ខនៃការបាត់បង់លោក NATE Thayer មជ្ឈមណ្ឌលបុប្ផាណាបានប្រកាសពីការចាក់បញ្ចាំងកុនពិសេសមួយមានចំណងជើងថា «អាថ៌កំបាំងរបស់ប៉ុលពត» នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០ នាទីយប់ នៅមជ្ឈមណ្ឌលបុប្ផាណា។
«អាថ៌កំបាំងរបស់ប៉ុលពត» ជាភាពយន្តដឹកនាំដោយ ម៉ាបិន អេដ្រៀន (Maben, Adrian) ក្នុងឆ្នាំ២០០១ ដែលមានរយៈពេល៦០នាទី។ ខែ្សភាពយន្តឯកសារនេះបង្ហាញអំពីខ្សែជីវិតរបស់ ប៉ុល ពត ដែលមានឈ្មោះពិតថា សាឡុត ស និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាមេដឹកនាំពួកខ្មែរក្រហម។ ជីវប្រវត្តិនៃជីវិតឯកជនរបស់គាត់បានគូសវាសឡើងវិញចាប់តាំងពីកុមារភាពរហូតដល់មរណភាពរបស់គាត់តាមរយៈភាពយន្តឯកសារមួយនេះ។
ដោយឡែកសម្រាប់ NATE Thayer។ លោកគឺជាអ្នកកាសែតជនជាតិអាមេរិកដ៏ល្បីមួយរូបដែលអាចតាមដានរឿងរ៉ាវនានាបានស៊ីជម្រៅសម្រាប់ទំព័រកាសែត និងទស្សនាវដ្តីល្បីៗជាច្រើនស្ថាប័នដូចជា Soldier of Fortune, Far Eastern Economic Review, Associated Press, Washington Post និងកាសែតភ្នំពេញប៉ុស្តិ៍របស់កម្ពុជា។

Nate Thayer បានស្លាប់កាលពីថ្ងៃទី៤ មករា ២០២៣ នេះដោយជំងឺប្រចាំកាយក្នុងអាយុ៦២ឆ្នាំ។ លោកគឺជាអ្នកកាសែតបរទេសដំបូងគេបង្អស់ ដែលបានជួបសម្ភាសន៍កាលពីឆ្នាំ១៩៩៧ ជាមួយមេដឹកនាំខ្មែរក្រហម សាឡុត ស ឬ ប៉ុល ពត បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។ នៅក្នុងបទសម្ភាសន៍នោះដែរ ប៉ុល ពត បានឆ្លើយថា «តើខ្ញុំជាមនុស្សព្រៃផ្សៃមែនឬទេ?» និង «ខ្ញុំមិនសោកស្តាយអ្វីទាំងអស់ ចំពោះវិនាសកម្មប្រល័យពូជសាសន៍ ដែលរបបខ្មែរក្រហមបានធ្វើលើប្រជាជនកម្ពុជា»៕
រូបភាព៖ មជ្ឈមណ្ឌលបុប្ផាណា




























Account
Security
Favourite Content