ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

យោងតាមគេហទំព័រ dogdeskanimalaction.co.uk បានឱ្យដឹងថា កាលពីខែមីនា ឆ្នាំ ២០២៦ ប្រទេសនេះបានទទួលស្គាល់ជាផ្លូវការថា ការមើលថែសត្វចិញ្ចឹមដែលឈឺធ្ងន់ អាចជាមូលហេតុស្របច្បាប់សម្រាប់ការសុំឈប់សម្រាកពីការងារដោយទទួលបានប្រាក់ឈ្នួល។
នៅក្រោមច្បាប់ថ្មីនេះ បុគ្គលិកមានសិទ្ធិសុំច្បាប់ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន ៣ ថ្ងៃក្នុងមួយឆ្នាំ ដើម្បីមើលថែសត្វចិញ្ចឹមដែលឈឺ។ ទោះជាយ៉ាងណាក៏ដោយ ការសុំច្បាប់នេះក៏មានលក្ខខណ្ឌច្បាស់លាស់ផងដែរ ពោលគឺបុគ្គលិកត្រូវតែផ្តល់ឯកសារផ្លូវការពីគ្រូពេទ្យសត្វ ដើម្បីបញ្ជាក់ថាសត្វចិញ្ចឹមរបស់ពួកគេនោះពិតជាត្រូវការការថែទាំជាបន្ទាន់។ បន្ថែមពីលើនេះ ឆ្កែ ឬឆ្មាទាំងនោះត្រូវតែមានការចុះបញ្ជីជាផ្លូវការ និងបង្កប់ម៉ាក្រូឈីប (Microchip) រួចរាល់។
ដើមហេតុដែលនាំឱ្យមានការបង្កើតច្បាប់ថ្មីនេះ មានប្រភពពីរឿងក្ដីមួយកាលពីឆ្នាំ ២០១៧ នៅពេលបុគ្គលិកម្នាក់នៃសាកលវិទ្យាល័យ Sapienza University ក្នុងទីក្រុងរ៉ូម បានឈ្នះក្តីក្នុងការសុំច្បាប់ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួល ដើម្បីទៅមើលថែឆ្កែដែលឈឺរបស់នាង។ ពេលនោះ សាលក្រមតុលាការបានពឹងផ្អែកលើមាត្រា ៧២៧ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសអ៊ីតាលី ដែលចែងដាក់ទោសទណ្ឌលើការបោះបង់ចោលសត្វឱ្យស្ថិតក្នុងស្ថានភាពរងទុក្ខវេទនា។ រឿងក្តីនេះ ត្រូវបានគេស្គាល់ថាជា «រឿងក្តី Cucciola» ដែលបានចាត់ថ្នាក់ការថែទាំបន្ទាន់សម្រាប់សត្វចិញ្ចឹមថាជា «ហេតុផលផ្ទាល់ខ្លួន ឬរឿងគ្រួសារដ៏ធ្ងន់ធ្ងរ» នៅក្រោមច្បាប់ការងារ។
គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រយ៉ាងសកម្មពីសំណាក់អង្គការការពារសុខុមាលភាពសត្វនានា ដែលបានទទូចថា គ្មានម្ចាស់សត្វណម្នាក់គួរតែត្រូវបានបង្ខំឱ្យជ្រើសរើសរវាងអាជីពការងារ និងសុខុមាលភាពរបស់សត្វចិញ្ចឹមដែលកំពុងរងទុក្ខវេទនានោះឡើយ ៕





















































Account
Security
Favourite Content