Ariana Grande ត្រៀមបញ្ចេញអាល់ប៊ុមទី ៨ ក្រោមឈ្មោះថា “Petal” នៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខ ដោយអាល់ប៊ុមថ្មីនេះ នឹងរៀបរាប់រឿងរ៉ាវជីវិតដែលធំធាត់ឡើង តាមរយៈស្លាកស្នាមប្រេះស្រាំ។

នៅថ្ងៃទី២៨ ខែមេសា នេះ តារាចម្រៀងវ័យ ៣២ឆ្នាំ បានប្រកាសនៅលើ Instagram ផ្ទាល់ខ្លួនថា នាងនឹងចេញអាល់ប៊ុមថ្មី ដែលជាការរួបរួមចម្រៀងចំនួន ១២បទ ជាស្នាដៃសហនិពន្ធរវាងតារាស្រីផ្ទាល់ និង Ilya ដែលជាដៃគូផលិតចម្រៀងដ៏ជិតស្និទ្ធ ធ្លាប់សហការគ្នាតាំងតែពីអាល់ប៊ុម Sweetener កាលពីឆ្នាំ ២០១៨។
Ariana Grande បានបង្ហើបឱ្យដឹងថា ចំពោះគោលគំនិតនៃ Petal នឹងផ្តោតលើការនិទានរឿងរ៉ាវនៃការរីកចម្រើនរបស់ជីវិត តាមរយៈបទពិសោធន៍ដ៏លំបាក និងការប្រឈមមុខជាមួយបញ្ហានានា ក៏ប៉ុន្តែអាល់ប៊ុមនេះក៏ជាស្នាដៃមួយដែលពេញទៅដោយជីវិតជីវ៉ាដូចគ្នា។

គួរឱ្យដឹងផងដែរថា ការបញ្ចេញអាល់ប៊ុមថ្មីនៅគ្រានេះ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ព្រោះកន្លងមក Ariana Grande ធ្លាប់បាននិយាយថា នាងប្រហែលជាត្រូវការក្លូនខ្លួនឯង ទើបអាចចេញអាល់ប៊ុមថ្មីក្នុងពេលឆាប់ៗនេះបាន ខណៈនាងកំពុងមមាញឹកនឹងការងារទាំងក្នុងវិស័យសិល្បៈ និងជំនួញ។
ជាក់ស្ដែង ម្ចាស់ពានរង្វាន់ Grammy រូបនេះ ត្រូវមមាញឹកនឹងការងារសម្ដែងក្នុងភាពយន្តថ្មី Focker-in-Law ដែលគ្រោងចាក់ផ្សាយនៅក្នុងខែវិច្ឆិកា ខាងមុខ រួមទាំងការប្រគំតន្ត្រី Eternal Sunshine Tour ដែលនឹងប្រព្រឹត្តទៅនៅអំឡុងខែមិថុនា ដល់ខែកញ្ញា ក៏ដូចជាការងារសម្រាប់យីហោគ្រឿងសម្អាង R.E.M Beauty ជាដើម៕

























Account
Security
Favourite Content