នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់ធ្ងរ រួមមានការមិនទូទាត់ប្រាក់ចំណូល និងការបាត់បង់ទំនុកចិត្ត។

យោងតាមការរាយការណ៍ពី The Fact សមាជិក ៩ រូប រួមមាន Sangyeon Jacob Younghoon Hyunjae Juyeon Kevin Q Sunwoo និង Eric បានផ្ញើលិខិតជូនដំណឹងផ្លូវការទៅកាន់នាយកប្រតិបត្តិលោកស្រី Cha Ga Won កាលពីខែកុម្ភៈ កន្លងទៅ ដើម្បីបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយទីភ្នាក់ងារ ខណៈ New គឺជាសមាជិកតែម្នាក់គត់ដែលជ្រើសរើសបន្តនៅជាមួយទីភ្នាក់ងារ ដោយសារហេតុផលផ្ទាល់ខ្លួន។
សមាជិកទាំង ៩រូបនេះបានលើកឡើងពីបញ្ហានៅពីក្រោយថា ទីភ្នាក់ងារបានរំលោភលើកិច្ចសន្យាធំៗ និងធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្តទាំងស្រុង។ បន្ថែមពីនេះ នៅពេលពួកគេស្នើសុំពិនិត្យមើលកិច្ចសន្យា និងកំណត់ត្រាទូទាត់ហិរញ្ញវត្ថុ ក្រុមហ៊ុនបែរជាខកខានមិនបានផ្ដល់ឯកសារទាំងនោះក្នុងរយៈពេលជាងមួយខែ ស្របពេលដែលមិនមានការពន្យល់ច្បាស់លាស់ឡើយ។
ផ្អែកតាមការចុះផ្សាយរបស់ ZAPZEE នាយកប្រតិបត្តិក៏បានចោទប្រកាន់សមាជិកថាបានធ្វើខុស និងព្រមានថាពួកគេអាចនឹងត្រូវបង់ប្រាក់ពិន័យប្រសិនបើចាកចេញពីក្រុមហ៊ុនទៀតផង។
ទោះបីជាមានបញ្ហាបែបនេះក្ដី THE BOYZ នៅតែបន្តសកម្មភាពការងារដែលបានគ្រោងទុកអស់រយៈពេលជាងមួយខែ ដើម្បីបង្ហាញការគោរពដល់អ្នកគាំទ្រ។ យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្នការចរចារវាងភាគីទាំងពីរមិនទទួលបានជោគជ័យនោះទេ។

ប្រភពដដែលបានរាយការណ៍បន្ថែមថា បច្ចុប្បន្ននេះ ONE HUNDRED LABEL កំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ និងជំពាក់ប្រាក់បុគ្គលិក ក៏ដូចជាក្រុមហ៊ុនដៃគូជាច្រើន។ លើសពីនេះ ក៏មានការចោទប្រកាន់ថា នាយកប្រតិបត្តិបានយកប្រាក់កក់ផ្ទះស្នាក់នៅរបស់ក្រុមទៅប្រើប្រាស់ផងដែរ។ បច្ចុប្បន្ន សមាជិកម្នាក់ៗត្រូវចេញប្រាក់ផ្ទាល់ខ្លួនសម្រាប់ថ្លៃជួលកន្លែងហាត់ និងចំណាយលើបុគ្គលិកខ្លះ ដើម្បីត្រៀមការប្រគំតន្ត្រីនៅ KSPO Dome ដែលនឹងមកដល់នៅខែក្រោយ។
យ៉ាងណាមិញ នៅថ្ងៃតែមួយនេះ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ។ ទីភ្នាក់ងារនេះបានពន្យល់ថា កិច្ចសន្យាត្រូវបានចុះហត្ថលេខាផ្អែកលើលក្ខខណ្ឌដែលសមាជិកទាំង ១១ រូបត្រូវបន្តសកម្មភាពជាក្រុមរួមគ្នា ដោយមានការផ្តល់ប្រាក់រង្វាន់ចុះហត្ថលេខាយ៉ាងច្រើនដល់សមាជិកម្នាក់ៗ។
ទន្ទឹមគ្នានេះ ONE HUNDRED LABEL បានអះអាងថា បញ្ហាចម្រូងចម្រាសផ្សេងៗពាក់ព័ន្ធនឹងសមាជិកក្រុមកាលពីឆ្នាំមុន បានធ្វើឱ្យខូចខាតដល់លក្ខខណ្ឌនោះ និងធ្វើឱ្យសកម្មភាពក្រុមមានការលំបាក។ ទីភ្នាក់ងានេះបានបន្ថែមថា ទោះមានបញ្ហានេះក្ដី ខ្លួនបានព្យាយាមគាំទ្រក្រុមដោយការបញ្ចុះបញ្ចូលដៃគូ និងទទួលរងការខាតបង់ហិរញ្ញវត្ថុដើម្បីបន្តប្រតិបត្តិការ ប៉ុន្តែសមាជិកបែរជាមើលរំលងការខិតខំទាំងនេះ។

ទីភ្នាក់ងារខាងលើបានបញ្ជាក់ទៀតថា ខ្លួនបានបំពេញតួនាទីដោយផ្តល់ជូននូវយានជំនះ អ្នកគ្រប់គ្រង និងបន្ទប់ហាត់រាំ ជាបន្តបន្ទាប់ ប៉ុន្តែសមាជិកក្រុមខ្លួនឯងទេដែលជាអ្នកបដិសេធមិនព្រមទទួលយក។ បន្ថែមពីនេះ ទីភ្នាក់ងារនេះបានទាត់ចោលការអះអាងដែលថា នាយកប្រតិបត្តិលោកស្រី Cha Ga Won បានយកប្រាក់កក់ផ្ទះស្នាក់នៅទៅប្រើប្រាស់ខុសគោលដៅ ដោយចាត់ទុកថាវាជា “រឿងមិនពិតទាំងស្រុង និងមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះ”។
ONE HUNDRED LABEL ក៏បានប្រកាសពីផែនការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ប្រឆាំងនឹងអង្គភាពសារព័ត៌មានដែលបានចុះផ្សាយការចោទប្រកាន់ទាំងនោះផងដែរ។
គួររំឭកថា ក្រុម THE BOYZ បានបង្ហាញខ្លួនដំបូងបង្អស់ក្រោមផលិតកម្ម IST Entertainment ក្នុងឆ្នាំ ២០១៧ ហើយបានផ្ទេរមកកាន់ផលិតកម្ម ONE HUNDRED LABEL កាលពីខែធ្នូ ឆ្នាំ ២០២៤៕























Account
Security
Favourite Content