ជឿថា អ្នកចូលចិត្តធ្វើម្ហូប ភាគច្រើនប្រាកដជាធ្លាប់ជួបបញ្ហាក្លិនឆ្អាបជាប់ដៃ នៅពេលត្រូវចម្អិនប្រភេទត្រី ឬគ្រឿងសមុទ្រម្ដងៗ។ បើទោះបីជាលាងដៃនឹងសាប៊ូប៉ុន្មានដងទៅហើយ ក្លិនទាំងនោះនៅតែអាចតោងជាប់នឹងក្រចកមិនបាត់ នាំឱ្យមានអារម្មណ៍មិនស្រណុកចិត្តពេញមួយថ្ងៃ។

ពេលចម្អិនអាហារបែបនេះនៅពេលក្រោយ អ្នកមិនបាច់បារម្ភរឿងក្លិនឆ្អាបជាប់ដៃទៀតទេ ព្រោះរបស់ក្នុងផ្ទះទាំង ៦នេះ អាចយកមកបំបាត់ក្លិនឆ្អាបយ៉ាងមានប្រសិទ្ធភាព អស់កង្វល់៖
១. អំបិលម៉ដ្ត
វិធីសាមញ្ញបំផុតមួយក្នុងការបំបាត់ក្លិនឆ្អាបពីដៃ គឺការប្រើប្រាស់អំបិលម៉ដ្ត។ អ្នកអាចដួសអំបិលប្រហែល ១ ស្លាបព្រាបាយ រួចដុសខាត់ឱ្យសព្វបាតដៃដែលសើមតិចៗ បន្ទាប់មកសឹមលាងចេញដោយទឹកស្អាត។ អំបិលនឹងជួយជម្រះទាំងរំអិល និងក្លិនឆ្អាបបានយ៉ាងល្អ ខណៈក៏ជួយឱ្យដៃរបស់អ្នកទន់ជាងមុនផងដែរ។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្ន មិនគួរដុសខ្លាំងៗពេកទេដើម្បីការពារកុំឱ្យរលាត់ស្បែក។
២. ក្រូចឆ្មារ ឬក្រូចសើច

ពេលច្របាច់យកទឹកក្រូចឆ្មារធ្វើម្ហូបហើយ កុំប្រញាប់បោះសំបកចោលអី ព្រោះសំបកក្រូចឆ្មារនេះជាវត្ថុធាតុដើមដ៏សំខាន់មួយក្នុងការសម្អាតរបស់គគ្រិច។ អ្នកអាចយកសំបក ឬចំណិតដែលនៅសល់មកដុសសង្កត់តាមចុងម្រាមដៃ និងប្រឡោះក្រចក ដែលជាកន្លែងក្លិនឆ្អាបងាយប្រមូលផ្ដុំ។ ជាតិអាស៊ីតពីធម្មជាតិ និងប្រេងក្រអូបពីសំបកក្រូច នឹងជួយកម្ចាត់ក្លិនឆ្អាបបានល្អ ប្តូរមកវិញនូវក្លិនក្រអូបឆ្ងុយប្រហើរបែបធម្មជាតិ។
៣. កាកកាហ្វេ
មនុស្សមួយចំនួនចូលចិត្តយកកាកកាហ្វេដាក់ក្នុងផ្ទះ ដើម្បីបំបាត់ក្លិនមិនល្អ។ ដូចគ្នាដែរ កាកកាហ្វេនេះក៏អាចកម្ចាត់ក្លិនឆ្អាបពីដៃបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ អ្នកគ្រាន់តែយកកាកកាហ្វេមកលាយជាមួយទឹកបន្តិច រួចដុសខាត់លើដៃប្រហែល ២-៣ នាទី សឹមលាងទឹកចេញ។ កាកកាហ្វេនឹងជួយបឺតស្រូបក្លិនឆ្អាបចេញអស់គ្មានសល់ ថែមទាំងជួយជម្រះកោសិកាស្បែកចាស់ៗ ធ្វើឱ្យស្បែកដៃដែលធ្លាប់គ្រើម ប្រែមកជាទន់ ដូចបានស្ក្រាប់ដៃក្នុងពេលតែមួយ។
៤. ទឹកលាងអង្ករ

តាំងពីដើមមក ចាស់បុរាណខ្មែរយើងនិយមទុកទឹកអង្ករដើម្បីលាងសាច់ជ្រូក មាន់ ត្រី ដោយប្រាប់តៗគ្នាថា ទឹកអង្ករអាចជួយបំបាត់ក្លិនឆ្អាបបានយ៉ាងល្អ។ ស្របគ្នាដែរ អ្នកក៏អាចយកទឹកអង្ករនេះមកបំបាត់ក្លិនឆ្អាបលើដៃដូចគ្នា ដោយការយកដៃទៅត្រាំក្នុងទឹកអង្ករប្រហែល ១-២ នាទី រួចដុសសម្អាតតិចៗ មុននឹងលាងដៃនឹងទឹកស្អាតម្ដងទៀត។ ស្របពេលដែលទឹកអង្ករក៏ជាគ្រឿងថែរក្សាសម្រស់ដូចពេញនិយមបែបជប៉ុនផងនោះ ការធ្វើបែបនេះនឹងជួយឱ្យដៃរបស់អ្នកបាត់ក្លិនឆ្អាប និងមានសំណើមក្នុងពេលតែមួយ។
៥. ទឹកខ្មេះ
ប្រសិនបើអ្នកត្រូវធ្វើមុខម្ហូបដែលមានក្លិនឆ្អាបខ្លាំង ដូចជាពពួកគ្រឿងក្នុង ឬត្រីសមុទ្រ សូមណែនាំឱ្យអ្នកសាកល្បងយកទឹកខ្មេះដែលលាយជាមួយទឹកក្ដៅឧណ្ហៗ មកលាងសម្អាតដៃឱ្យសព្វ។ បន្ទាប់មកសឹមលាងសម្អាតជាមួយសាប៊ូក្រអូបម្តងទៀតដើម្បីបំបាត់ក្លិនជូររបស់ទឹកខ្មេះ។ ការធ្វើបែបនេះនឹងជួយឱ្យដៃរបស់អ្នកបាត់ក្លិនឆ្អាប បើទោះបីជាអ្នកត្រូវចម្អិនសាច់ដែលមានក្លិនខ្លាំងក៏ដោយ។
៦. ថ្នាំដុសធ្មេញ

ដ្បិតមិននៅក្នុងផ្ទះបាយ តែថ្នាំដុសធ្មេញក៏មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនឆ្អាបផងដែរ។ អ្នកអាចច្របាច់ថ្នាំដុសធ្មេញលើបាតដៃ រួចដុសសម្អាតដៃដូចជាការលាងដៃនឹងសាប៊ូទូទៅ។ ផលិតផលមួយនេះមានតួនាទីសម្រាប់កម្ចាត់ក្លិនអាក្រក់ស្រាប់ ដូច្នេះពេលយកមកលាងដៃ វានឹងជួយបំបាត់ក្លិនឆ្អាប ថែមទាំងបន្សល់ទុកក្លិនក្រអូបបែបស្រស់ស្រាយជាប់នៅលើដៃអ្នកផងដែរ៕

























Account
Security
Favourite Content