ជោគជ័យនៃការប្រគំតន្ត្រីដ៏ធំរបស់ក្រុមចម្រៀង TREASURE នៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ នៅតែបន្តបន្សល់ទុករឿងរ៉ាវគួរឱ្យកោតសរសើរមិនដាច់ពីមាត់។ ក្រៅពីភាពរំភើបញាប់ញ័រនៅលើឆាក អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺទឹកចិត្តដ៏សប្បុរសរបស់ក្រុមអ្នកគាំទ្រកម្ពុជា ដែលបានប្រែក្លាយសេចក្តីស្រឡាញ់ចំពោះសិល្បករ ទៅជាអំពើល្អជួយដល់សង្គម។

ដើម្បីអបអរវត្តមានរបស់ TREASURE Cam-Teume បានរួមគ្នារៀបចំគម្រោងផ្សព្វផ្សាយយ៉ាច្រើន ដូចជាការដាក់ផ្ទាំង Billboard និងសកម្មភាពស្វាគមន៍ផ្សេងៗទៀត។ យោងតាមការចុះផ្សាយរបស់ផេក Find Your Treasure Cambodia ក្រោយពីការទូទាត់ចំណាយលើគម្រោងទាំងឡាយរួចរាល់ ថវិកាដែលនៅសល់ត្រូវបាននាំយកទៅប្រើប្រាស់ក្នុងគោលបំណងមនុស្សធម៌យ៉ាងគួរឱ្យភ្ញាក់ផ្អើល។
ទឹកប្រាក់ដែលនៅសល់ពីការរៃអង្គាសនោះ ត្រូវបានក្រុមអ្នកគាំទ្រសម្រេចយកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យបេះដូងជប៉ុន (Japan Heart) ដែលជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ល្បីល្បាញក្នុងការជួយសង្គ្រោះជីវិតកុមារនៅកម្ពុជាចំនួន ២០៥ ដុល្លារ ឬ ១ ០២០ ០០០ រៀល។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងក្រោមឈ្មោះរបស់សិល្បករសំណព្វចិត្តគឺ TREASURE និងឈ្មោះក្រុមអ្នកគាំទ្រ TREASURE MAKER CAMBODIA ផ្ទាល់តែម្ដង ដើម្បីកុមារដែរកើតជំងឺ នឹងកំពុងព្យាបាលជំងឺមហារីកនៅកម្ពុជា។

សកម្មភាពនេះបានសបញ្ជាក់ឱ្យឃើញថា ការគាំទ្រតារាខេប៉ុបមិនមែនត្រឹមតែជាការចំណាយពេលវេលា និងថវិកាដើម្បីភាពសប្បាយរីករាយផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងសាមគ្គីដ៏ធំធេងដែលអាចជួយដល់មនុស្សជុំវិញខ្លួន ជាពិសេសអ្នកដែលកំពុងជួបការលំបាក។ នេះគឺជាមោទនភាពមួយសម្រាប់សហគមន៍អ្នកគាំទ្រនៅកម្ពុជា ដែលមិនត្រឹមតែបង្ហាញភាពខ្លាំងក្នុងការគាំទ្រអាយដល ប៉ុន្តែថែមទាំងបង្ហាញបេះដូងដ៏កក់ក្ដៅទៅកាន់សង្គមជាតិផងដែរ។ ទង្វើដ៏ប្រពៃរបស់ Cam-Teume នាពេលនេះ បានទទួលការសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម និងបានក្លាយជាគំរូដ៏វិជ្ជមានមួយសម្រាប់ក្រុមអ្នកគាំទ្រដទៃទៀតក្នុងការធ្វើសកម្មភាពសង្គមនាពេលអនាគត៕























Account
Security
Favourite Content