នៅក្នុងសន្និសីទសារព័ត៌មានរឿង Can This Love Be Translated? តារាសម្ដែងប្រុសកូរ៉េ Kim Seon Ho បានបង្ហើបពីផលលំបាកក្នុងការសម្ដែងរឿងនេះ ខណៈលោកមានពេលត្រឹមតែ ៤ខែប៉ុណ្ណោះដើម្បីរៀននិយាយ និងវេយ្យាករណ៍ភាសាថ្មី។

នៅពីថ្ងៃទី១៣ ខែមករានេះ តួឯកទាំងពីរ គឺ Kim Seon Ho និង Go Youn Jung រួមជាមួយអ្នកដឹកនាំរឿង Yoo Young Eun បានចូលរួមក្នុងសន្និសីទសារព័ត៌មានរឿង Can This Love Be Translated? ដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូល។
នៅក្នុងភាពយន្តភាគថ្មីនេះ Kim Seon Ho ត្រូវសម្ដែងជាតួអង្គ Joo Ho Jin ជាអ្នកបកប្រែភាសាផ្ទាល់ខ្លួនឱ្យ Cha Mu Hee ដែលជាតារាសម្ដែងលំដាប់អន្តរជាតិ។ តារាប្រុសវ័យ ៣៩ឆ្នាំបានរៀបរាប់ថា តួអង្គរបស់លោក គឺជាអ្នកជំនាញខាងបកប្រែភាសា ដែលចេះស្ទាត់ ៦ភាសា រួមមានភាសាអ៊ីតាលី អង់គ្លេស ជប៉ុន ចិន បារាំង និងកូរ៉េ។


យ៉ាងណាមិញ លោកបានឱ្យដឹងថា៖ “នៅក្នុងស្គ្រីប ខ្ញុំត្រូវនិយាយ ៤ភាសា គឺជប៉ុន អង់គ្លេស អ៊ីតាលី និងកូរ៉េ។ ដូច្នេះ ខ្ញុំត្រូវទន្ទេញប្រយោគសន្ទនាឱ្យចាំច្បាស់ដូចដែលបានសរសេរនៅក្នុងស្គ្រីប ធ្វើម្ដងហើយម្ដងទៀត ទើបចាប់ផ្ដើមដាក់អារម្មណ៍ចូលទៅក្នុងប្រយោគនោះ”។
“បន្ទាប់ពីនេះ ខ្ញុំបានរៀនវេយ្យាករណ៍ឱ្យយល់ដឹងកាន់តែស៊ីជម្រៅ ហើយខ្ញុំមានពេលរៀនត្រឹមតែ ៤ខែទេ។ ខ្ញុំពិតជាភ័យមែនទែន ហើយពិតជាចង់ឃើញពីប្រតិកម្មរបស់ទស្សនិកជនចំពោះការសម្ដែងរបស់ខ្ញុំ” លោកបន្តដូច្នេះ។

នៅពេលពិធីករបាននិយាយលេងថា ពេលនេះប្រហែល Kim Seon Ho ជាមនុស្សពូកែខាងភាសាខ្លាំងហើយ តារាប្រុសបានតបទាំងសំណើចវិញថា៖ “ចំណេះដឹងខ្ញុំមានដែនកំណត់ទេ។ សូមចងចាំថា ខ្ញុំបានរៀនចេះតែប្រយោគសន្ទនាដែលសរសេរក្នុងស្គ្រីបប៉ុណ្ណោះ”។
គួរឱ្យដឹងដូចគ្នាថា Can This Love Be Translated? គឺជាភាពយន្តស្នេហាបែបកំប្លែងថ្មីរបស់ Netflix ដែលបានទៅផ្ដិតយកទេសភាពពី ៤ប្រទេសផ្សេងគ្នា រួមមាន កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងកាណាដា ខណៈភាពយន្តនេះនឹងចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃទី១៦ ខែមករានេះ តទៅ៕


























Account
Security
Favourite Content