យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chosun Biz នៅថ្ងៃទី២៧ ខែសីហា នេះ San សមាជិកក្រុម ATEEZ នឹងចូលរួមក្នុងកម្មវិធី Boys II Planet ក្នុងនាមជា Planet Master ទី ៣ ត្រៀមបង្វឹកបេក្ខជន ៤៨នាក់ ឱ្យក្លាយជាតារាខេប៉ុបក្រុមថ្មី។

ក្នុងឱកាសដែល San អាចចែករំលែកបទពិសោធន៍ទៅកាន់អនាគតក្រុមខេប៉ុបជំនាន់ប្អូន តារាប្រុសវ័យ ២៦ឆ្នាំបានពោលឡើងថា៖ “ខ្ញុំក៏ធ្លាប់មានបទពិសោធន៍ជាតារាហ្វឹកហាត់ម្នាក់ដែរ នៅគ្រាដែលក្ដីស្រមៃរបស់ខ្ញុំមានសន្ទុះខ្លាំង។ អ៊ីចឹងហើយ ខ្ញុំពិតជារំភើបណាស់ ដែលអាចមានទំនាក់ទំនងជាមួយបេក្ខជន ដើម្បីចែករំលែកក្ដីស្រឡាញ់ទាំងនេះ”។
បន្ថែមពីតួនាទីជា Planet Master ម្ចាស់ពានរង្វាន់ Best K-pop Icon Award ពីកម្មវិធី Elle Style Awards ឆ្នាំ ២០២៤ រូបនេះ នឹងធ្វើជាពិធីករនៅក្នុងកម្មវិធីប្រកាសបេក្ខភាព ២៤ នាក់ចុងក្រោយ ដែលនឹងទៅប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយការប្រកាសនេះ ត្រៀមនឹងចាក់ផ្សាយលើកម្មវិធី Mnet Plus នៅថ្ងៃទី២៩ ខែសីហា ខាងមុខ។

គួរឱ្យដឹងផងដែរថា Boys II Planet គឺជាកម្មវិធីប្រកួតប្រជែងដែលមានទម្រង់ថ្មីប្លែក ព្រោះក្រៅតែពីគ្រូបង្វឹកគោលទៅលើជំនាញច្រៀង រាំ និងរ៉េប កម្មវិធីក៏មានអញ្ចើញគ្រូបង្វឹកពិសេស ដើម្បីជម្រុញឱ្យបេក្ខជនកាន់តែមានការខិតខំបន្ថែមទៀត ដូចជាអ្វីដែល San បានចូលរួមនៅគ្រានេះ។
ឯបេក្ខជនដែលជាម្ចាស់ជ័យលាភីពីកម្មវិធី Boys II Planet នឹងក្លាយជាក្រុមចម្រៀងខេប៉ុបបុរសថ្មីប្រចាំឆ្នាំ ២០២៥ ដូចគ្នានឹងសិស្សច្បងក្រុម Zerobaseone ដែលជាម្ចាស់ជ័យលាភីពីកម្មវិធី Boys Planet រដូវកាលមុន៕
























Account
Security
Favourite Content