នៅថ្ងៃទី៣ ខែកក្កដា នេះ Le Jung Jae ដែលសម្ដែងជាតួឯកប្រុស Gi Hun នៅក្នុងរឿង Squid Game ទាំង ៣រដូវកាល បានផ្ដល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Sports Chosun ដោយចែករំលែកពីការយល់ឃើញរបស់លោកថា ការបញ្ចប់រឿងនេះគឺផ្អែកទៅលើភាពជាក់ស្ដែង ហើយលោកគោរពលើការសម្រេចចិត្តរបស់អ្នកនិពន្ធ។

ជាក់ស្ដែង ទស្សនិកជនមួយចំនួនដែលជាអ្នកគាំទ្ររឿងភាគ Squid Game តាំងតែពីរដូវកាលដំបូង បានបង្ហាញការខកចិត្តចំពោះការបញ្ចប់សាច់រឿងទាំងមូលរបស់ Squid Game ក៏ប៉ុន្តែ Lee Jung Jae បានផ្ដល់ទស្សនៈផ្សេងគ្នា ដោយលោកគោរពទៅលើការសម្រេចចិត្តរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿង Hwang Dong-hyuk។
តារាប្រុសវ័យ ៥២ឆ្នាំបាននិយាយថា៖ “អ្នកដឹកនាំរឿងគាត់មានចក្ខុវិស័យខ្លាំង។ ជាធម្មតារឿងដែលជោគជ័យតែងតែមានវគ្គបន្តទៅមុខឥតឈប់ឈរ ក៏ប៉ុន្តែជំនួសដោយការអូសបន្លាយរឿងដើម្បីភាពជោគជ័យ អ្នកដឹកនាំរឿងបានជ្រើសរើសយកភាពជាក់ស្ដែងនៃសាច់រឿង។ នេះបង្ហាញថា គាត់យកចិត្តទុកដាក់លើការងារ ជាជាងប្រាក់កម្រៃ និងប្រជាប្រិយភាព”។

Lee Jung Jae បានរៀបរាប់បន្តថា ចាប់តាំងពីរដូវកាលទី ១ លោកទទួលបានដំណឹងថា រឿងនេះនឹងមិនមានរដូវកាលបន្តទេ ក៏ប៉ុន្តែដោយសារតែភាពជោគជ័យដ៏មហាសាលទើប ក្រុមការងារសម្រេចចិត្តបង្កើតរដូវកាលថ្មីដើម្បីជាការអរគុណដល់អ្នកគាំទ្រ។ ឯលោកក៏មានបេសកម្ម ត្រូវធ្វើយ៉ាងណាឱ្យដូចទៅនឹងការចង់បានរបស់អ្នកដឹកនាំបំផុត។
តួឯកប្រុសរូបនេះ បានបង្ហាញពីការនឹករឭកចំពោះការងារដ៏ជោគជ័យនៅគ្រានេះថា បើទោះបីជាពេលសម្ដែងវាពិបាក និងចំណាយកម្លាំងច្រើន ក៏ប៉ុន្តែ ៥ឆ្នាំក្នុងការសម្ដែងរឿងនេះ គឺជាបទពិសោធន៍ដ៏អស្ចារ្យ ហើយលោកនៅតែចង់បន្តធ្វើវាទៅមុខទៀត។

គួរឱ្យដឹងផងដែរថា Squid Game រដូវកាលទី ៣ គឺជាការបន្តសាច់រឿងរបស់ Gi Hun ត្រឡប់ចូលមកលេងល្បែងពិឃាដជាថ្មី ក្នុងគោលបំណងបញ្ចប់ភាពព្រៃផ្សៃនេះ បន្ទាប់ពីខ្លួនទទួលបានជោគជ័យកាលពីរដូវកាលទី ១។ នៅក្នុងរដូវកាលបិទចក្រវាលនេះ Squid Game នៅតែទទួលបានប្រជាប្រិយភាពខ្លាំង ក្លាយជារឿងភាគដំបូងបង្អស់របស់ Netflix ដែលទទួលបានអ្នកទស្សនាច្រើនលំដាប់លេខ ១ នៅក្នុង ៩៣ប្រទេសផ្សេងគ្នា៕























Account
Security
Favourite Content