ថ្មីៗនេះសមាជិក T-ara គឺ Jiyeon បានចែករំលែករូបភាពច្រើនសន្លឹកនៅលើបណ្ដាញសង្គមរបស់នាងដោយភ្ជាប់ជាមួយនឹង caption ជាភាសាកូរ៉េដែលមានន័យថា “សូមមើលមកទីនេះ”។ នៅក្នុងនោះគេសង្កេតឃើញថា Jiyeon ហាក់ដូចជាកំពុងធ្វើកម្សាន្ដនៅក្រៅប្រទេសដែលមានបុរសម្នាក់អង្គុយក្បែរនាងថែមទៀតផង។



ផ្អែមតាមគេហទំព័រព័ត៌មាន Allkpopz បានបង្ហាញបុរសដែលមានរូបរាងសង្ហារម្នាក់នោះគឺជាបងប្រុសបង្កើតរបស់នាងគឺ Park Hyo Jun មានអាជីពជាតារាម៉ូដែល។ អ្នកទាំងពីរត្រូវបានគេស្គាល់ថាជាបងប្អូនដែលមានភាពស្និតស្នាល និងស្រឡាញ់គ្នាបំផុត។
ជាក់ស្ដែងបន្ទាប់ពីបានលែងលះជាមួយនឹងអតីតស្វាមី Hwang Jae Gyun កាលពីឆ្នាំមុនហើយ តារាស្រីរូបនេះត្រូវបានគេសង្កេតឃើញថាទទួលបានការលួងលោមជាច្រើនពីមិត្តភក្ដិ និងមនុស្សជុំវិញខ្លួនស្របពេលនាងពិតជាត្រូវការកម្លាំងចិត្ត ជាពិសេសគឺក្ដីស្រឡាញ់យ៉ាងកក់ក្ដៅពីក្រុមគ្រួសារ និងបងប្រុសរបស់នាងតែម្ដង។ ការលួងលោមទាំងនេះប្រៀបបាននឹងឱសថដ៏ល្អបំផុតសម្រាប់ព្យាបាលរបួសផ្លូវចិត្តឱ្យប្រសើរឡើងវិញ ដោយគេសង្កេតឃើញថានាងមានភាពស្រស់ស្រាយច្រើនជាងមុន។



គួររំឭកផងដែរថា Jiyeon បានរៀបការជាមួយអ្នកលេងកីឡាវាយកូនបាល់ Hwang Jae Gyun ក្នុងខែធ្នូ ឆ្នាំ ២០២២ ប៉ុន្តែជាអកុសលចំណងស្នេហារបស់នាងមិនអាចរក្សាបានយូរអង្វែងឡើយដោយអ្នកទាំងពីរបានលែងលះគ្នានៅខែតុលា ឆ្នាំ២០២៤។
មុនពេលឈានទៅដល់ការលែងលះ មានពាក្យចចាមអារ៉ាមរឿងអាស្រូវយ៉ាងច្រើនអំពីអតីតស្វាមីរបស់នាងម្ដងហើយម្ដងទៀត ប៉ុន្តែត្រូវបានច្រានចោលថាជារឿងមិនពិត។ យ៉ាងណាមិញក្រដាសមិនអាចខ្ចប់ភ្លើងជិតឡើយ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ៤ ខែទីបំផុតពួកគេក៏បានទទួលស្គាល់ និងប្រកាសថាការលែងលះគឺរឿងពិតទាំងស្រុង ក្រោយកីឡាករវាយកូនបាល់រូបនេះត្រូវបានគេប្រទះឃើញចូលរួមពិធីជប់លៀងផឹកស៊ីជាញឹកញាប់ដោយមិនបានយកចិត្តទុកដាក់ចំពោះភរិយា៕






















































Account
Security
Favourite Content