នៅក្នុងវិស័យសិល្បៈកូរ៉េ នៅពេលមានឈ្មោះថាជាសិល្បករគឺតែងតែជៀសមិនផុតពីការរិះគន់ដោយអ្នកលេងអ៊ីនធឺណេតក៏ដូចជាទស្សនិកជននោះទេ។ រាល់ការរិះគន់នីមួយៗគឺតែងកើតចេញពីដើមចមណាមួយដែលពួកគេយល់ថាសិល្បករមិនល្អគ្រប់គ្រាន់ ហើយគួរតែទទួលយកការស្ដីបន្ទោស។ ប៉ុន្តែមិនមែនមានន័យថាហេតុផលដែលពួកគេលើកយកមកធ្វើជាប្រធានបទនៃការស្អប់សិល្បករទាំងអស់សុទ្ធតែត្រឹមត្រូវនោះទេដូចជាតារាសម្ដែងទាំង ៥ រូបនេះជាដើម៖
១. តារាសម្ដែងស្រី Han So Hee


តារាសម្ដែងស្រី Han So Hee ធ្លាប់ត្រូវបានអ្នកលេងអ៊ីនធឺណេត និងទស្សនិកជនជនជាតិកូរ៉េរិះគន់យ៉ាងចាស់ដៃចំពោះរូបថតមួយសន្លឹកដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គមដោយបានបង្ហាញរូបសាក់ និងការជក់បារី។ ឆ្លើយតបទៅនឹងការរិះគន់ទាំងនោះ អ្នកគាំទ្ររបស់តារាស្រី Han So Hee និងមិត្តភក្ដិរបស់នាងក៏បានលើកឡើងថាការចាក់សាក់ និងជក់បារីនៅតែជាបញ្ហាធំនៅពេលដែលមនុស្សស្រីជាអ្នកធ្វើវា ខណៈវាជារឿងធម្មតាសម្រាប់មនុស្សប្រុស។ ពួកគេបានបន្ដថាសព្វថ្ងៃនេះមានមនុស្សជាច្រើនចូលចិត្តការចាក់សាក់ ដូច្នេះមិនមានហេតុផលណាមួយបង្ហាញថាការចាក់សាក់ខុសឡើយដោយសារវាជាផ្នត់គំនិតរបស់មនុស្សម្នាក់ៗ។
២. តារាសម្ដែងប្រុស Gang Dong Won



ជាទូទៅតារាសម្ដែងប្រុស Gang Dong Won តែងតែត្រូវបានគេសរសើរថាជាតួឯកប្រុសដែលមានរូបរាងស្រស់សង្ហារចាប់តាំងពីលោកចូលប្រឡូកក្នុងអាជីបជាតារាសម្ដែង។ ទោះបីជាយ៉ាងនេះក្ដី លោកក៏ធ្លាប់ត្រូវបានគេរិះគន់យ៉ាងសន្ធឹកកំលុងពេលសន្និសីទកាសែតសម្រាប់ខ្សែភាពយន្ដ Peninsula ដោយអ្នកលេងអ៊ីនធឺណេតជាច្រើនបាននាំគ្នាវែកញែកចំពោះការតុបតែងខ្លួនដែលមើលទៅដូចជាមនុស្សវ័យកណ្ដាល់ និងមិនសង្ហារដូចពីមុន។ ជាការឆ្លើយតប តារាសម្ដែង Gang Dong Won បានប្រាប់ឱ្យដឹងថានៅថ្ងៃនោះលោករបស់លោកពិតជាហើម ហើយស្ថានភាពរបស់លោកក៏មិនល្អដែរ។ លោកបន្ដទៀតថាជាការពិតឥឡូវនេះលោកកាន់តែមានវ័យចំណាស់ ដូច្នេះលោកក៏មានថ្ងៃល្អ និងថ្ងៃអាក្រក់សម្រាប់ខ្លួនឯងដូចគេទូទៅដែរ។
៣. តារាសម្ដែងប្រុស Jang KeunSuk

ធ្លាប់ជាតួឯកប្រុសដែលមានរូបរាងស្រស់សង្ហារក្នុងវិស័យភាពយន្ដ ក្នុងឆ្នាំ ២០១៦ តារាសម្ដែងប្រុស Jang Keun-suk ត្រូវបានទស្សនិកជន និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនព្រួតគ្នារិះគន់លោកនៅពេលដែលលោកឡើងទម្ងន់។ មនុស្សជាច្រើនបានស្ដីបន្ទោសថាលោកមិនចេះគ្រប់គ្រងទម្ងន់ខ្លួនឯងដែលបណ្ដោយឱ្យខូចរូបរាងបែបនេះដោយមិនបានដឹងពីមូលហេតុច្បាស់លាស់ឡើយ។ នៅក្នុងឆ្នាំ ២០២០ តាមរយៈបទសម្ភាសនៅក្នុងកម្មវិធីវិទ្យុមួយ តារាសម្ដែងប្រុសរូបនេះបានឱ្យដឹងថាលោកត្រូវបានគេលើកលែងពីការហ្វឹកហាត់យោធាដោយសារជំងឺ Bipolar Disorder ជាប្រភេទជំងឺផ្លូវចិត្តដែលធ្វើឱ្យមានការផ្លាស់ប្ដូរមិនធម្មតារួមមានទាំងអារម្មណ៍ សកម្មភាព ថាមពល និងការផ្ដោតអារម្មណ៍។ បូករួមជាមួយនឹងការអង្គុយច្រើនកំលុងពេលបម្រើការក្នុងស្ថាប័នអគ្គីភ័យ និងគ្រោះមហន្តរាយគឺរឹតតែធ្វើឱ្យលោកឡើងទម្ងន់កាន់តែខ្លាំង។ ដូច្នេះទើបលោកចាប់ផ្ដើមធ្វើលំហាត់ប្រាណ និងទទួលយកការព្យាបាលតាំងពីពេលនោះមក។
៤. តារាសម្ដែងស្រី Gong Hyo Jin


បកទៅកាន់ឆ្នាំ ២០១៩ តារាសម្ដែងស្រី Gong Hyo Jin បានបង្ហោះរូបជាមួយនឹងតារាសម្ដែងប្រុស Kang Ha Neul ខណៈលោកបានផ្ញើឡានកាហ្វេដើម្បីលើកទឹកចិត្តដល់នាងកំលុងពេលថតរឿង “When the Camellia Blooms” របស់ Netflix។ ស្របពេលទទួលបានមតិលើកទឹកចិត្ត និងសរសើរជាច្រើន នាងក៏ទទួលបានមតិរិះគន់មួយចំនួនផងដែរដោយក្នុងនោះមាន comment មួយបានសរសេរថា “Sweet Ha Neul and ugly Hyo Jin.” ដែលប្រែថា Ha Neul ស្រស់សង្ហារ និង Hyo Jin ក៏អាក្រក់។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏តារាស្រី Gong Hyo Jin នៅតែប្រើពាក្យសុំទោសដដែល។ ក្រោយឃើញបែបនេះមានអ្នកគាំទ្រជាច្រើននាំគ្នាបញ្ចេញមតិលើកទឹកចិត្តនាង និងកុំឱ្យខ្វល់ខ្វាយពីពាក្យមិនល្អទាំងនោះ។
៥. តារាសម្ដែង Lee Ro Eun


រំឮកទៅកាលពីខែមីនា ឆ្នាំ២០២០ នៅក្នុងរឿង The World of the Married តារាសម្ដែង Lee Ro Eun ត្រូវបានគេផ្ដល់តួនាទីឱ្យសម្ដែងជាក្មេងស្រីមានវ័យ ២ ឆ្នាំ។ យ៉ាងណាមិញ នាងតូចក៏ទទួលបានវាសនាមិនខុសពីតារាសម្ដែងដែលមានចំណាស់ផ្សេងទៀតដែរដោយនាងត្រូវបានទស្សនិកជនរិះគន់ និងបញ្ចេញមតិអាក្រក់ៗជាច្រើនថានាងមានមាឌធំពេកហើយសម្រាប់ការសម្ដែងជាក្មេងស្រីមានអាយុ ២ ឆ្នាំ។ ការរិះគន់ជាបន្ដបន្ទាប់បានធ្វើឱ្យគ្រួសាររបស់នាងតូចឈានដល់ចំណុចមួយដែលសុំឱ្យអ្នកលេងអ៊ីនធឺណេតទុកគម្លាតឱ្យនាងរស់នៅឱ្យបានសុខផង។ គ្រួសាររបស់នាងតូច Lee Ro Eun ក៏បានចោទសួរថាតើក្មេងតូចម្នាក់បានធ្វើអ្វីខុសមែនទេ ទើបត្រូវទទួលបានការរិះគន់យ៉ាងខ្លាំងបែបនេះ? នាងគ្រាន់តែទៅថតដោយមិនបានអ្វីទាំងអស់ ដូច្នេះសូមឱ្យអ្នករិះគន់លុបចោលនូវមតិមិនល្អ និងទុកឱកាសឱ្យនាងតូចបញ្ចប់ការថតផងទៅចុះ។ បន្ទាប់មកក៏មានអ្នកគាំទ្ររូបនាងចេញមកសម្ដែងការហួសចិត្ត និងការពារជាបន្ដបន្ទាប់៕




















































Account
Security
Favourite Content