បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ក្រុមចម្រៀងបុរសថ្មីរបស់ផលិតកម្ម SM Entertainment មួយនេះបានធ្វើការវិលត្រលប់មកវិញជាមួយនឹងបទចម្រៀងថ្មីរបស់ពួកគេមានចំណងជើងថា “Impossible” ដែលបទនេះនឹងត្រូវបានបញ្ចូលក្នុងអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេមានចំណងជើងថា “RIIZING” ដែលត្រៀមចេញផ្លូវការនៅខែមិថុនាខាងមុខ។
បន្ទាប់ពីការចេញផ្សាយមិនបានប៉ុន្មាន បទ “Impossible” ក៏បានជាប់ចំណាត់ថ្នាក់កំពូលលើតារាងចម្រៀងក្នុងស្រុកជាច្រើននៅក្នុងប្រទេសកូរ៉េ ដោយឈានដល់លេខ ១ នៅលើតារាង Melon បានជាប់ជាបទចម្រៀង Trending របស់ YouTube និងតារាង VIBE របស់ Naver ផងដែរ។
មិនតែប៉ុណ្ណោះ បទនេះក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Songs នៅប្រទេសថៃ វៀតណាម និងម៉ុងហ្គោលី ព្រមទាំងបានជាប់ក្នុងចំណោមចំណាត់ថ្នាក់Top 10 នៅក្នុងប្រទេសនិងតំបន់ចំនួន ៩ ទៀតរួមមានប្រទេសជប៉ុន ហ្វាំងឡង់ ឥណ្ឌូណេស៊ី តៃវ៉ាន់ ម៉ាឡេស៊ី និងហុងកុង។ លើសពីនេះក៏បានឈានដល់លេខ ២ នៅលើតារាង QQ Music ក្នុងប្រទេសចិន និងលេខ ៣ នៅលើតារាង Line Music នៅប្រទេសជប៉ុនថែមទៀត។
ក្រុមចម្រៀង RIIZE ដើមឡើយរួមមានសមាជិកសរុប ៧នាក់ និងបានបង្ហាញខ្លួនដំបូងកាលពីខែកញ្ញា ឆ្នាំ២០២៣ ជាមួយបទចម្រៀងដំបូងមានចំណងជើងថា “Get a Guitar” ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗ។ ទោះយ៉ាងណាបច្ចុប្បន្ន ពួកគេនៅសល់សមាជិក ៦ នាក់ បន្ទាប់ពី Seunghan ត្រូវផ្អាកសកម្មភាពដោយសារព័ត៌មានអាស្រូវ ៕





























Account
Security
Favourite Content