តារាសម្ដែងអាមេរិក Robert Downey Jr ឬមហាជនជាច្រើនស្គាល់លោកតាមរយៈតួអង្គល្បី Iron Man បានឈ្នះពានរង្វាន់ Oscar ជាលើកដំបូងក្នុងឆាកជីវិតរបស់លោកក្រោយពីប្រឡូកក្នុងវិស័យសម្ដែងចាប់តាំងពីឆ្នាំ ១៩៧០។ លោកបានចាប់ផ្ដើមសម្ដែងតាំងពីមានអាយុ ៥ ឆ្នាំ។

កម្មវិធីទទួលពានរង្វាន់ Oscar ឬ Academy Awards បានធ្វើឡើងនៅរាត្រីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៤ ដោយមានវត្ដមានរបស់តារាសម្ដែងឆ្នើម និងល្បីៗ ជាច្រើន។ សម្រាប់ពានរង្វាន់ធំៗ ដូចជា Best Picture គឺបានទៅលើភាពយន្ដ “Oppenheimer”, សម្រាប់ Best Actor គឺបានទៅលើតារាប្រុស Cillian Murphy, សម្រាប់ Best Actress គឺបានទៅលើតារាស្រី Emm Stone។ ក្រឡេកទៅមើលពានរង្វាន់ Best Support Actor គឺបានទៅលើតារាប្រុស Robert Downey Jr សម្រាប់ការសម្ដែងក្នុងភាពយន្ដ “Oppenheimer”។


ក្រោយពីទទួលបានពានរង្វាន់ Oscar ជាលើកដំបូង តារាសម្ដែងលោក Robert Downey Jr ហាក់មានអារម្មណ៍រំភើប និងរីករាយយ៉ាងខ្លាំង។ លោកបាននិយាយពីអារម្មណ៍ពិតរបស់ខ្លួន និងនិយាយអរគុណដល់អ្នកដឹកនាំរឿង ក្រុមការងាររបស់ភាពយន្ដ “Oppenheimer” ព្រមទាំងភរិយាជាទីស្រឡាញ់របស់ខ្លួនផងដែរ។ លោកអរគុណដល់មនុស្សគ្រប់គ្នាដែលតែងលើកទឹកចិត្ដ និងមានជំនឿចិត្ដលើរូបលោក។ លោកអរគុណដែលមិនបោះបង់រូបលោកចោល និងធ្វើឲ្យលោកក្លាយជាតារាសម្ដែងប្រុសដ៏ល្អម្នាក់។


គួរបញ្ជាក់ថា តារាសម្ដែងលោក Robert Downey Jr ធ្លាប់បានឈរឈ្មោះជាបេក្ខភាពដណ្ដើមយកពានរង្វាន់ Oscar សម្រាប់តារាសម្ដែងប្រុសឆ្នើម (Best Actor)ក្នុងរឿង “Chaplin” ក្នុងឆ្នាំ ១៩៩៣ និងតារាសម្ដែងប្រុសរង ឆ្នើម (Best Support Actor) សម្រាប់រឿង “Tropic Thunder” ក្នុងឆ្នាំ ២០០៨ ប៉ុន្ដែរូបលោកមិនបានទទួលជ័យជំនះឡើយ។ រហូតដល់ឆ្នាំ ២០២៤ លោកបានសម្រេចក្ដីបំណងឈ្នះពានរង្វាន់ Oscar ជាលើកដំបូងក្នុងរឿង “Oppenheimer” ក្នុងនាមជាតារាសម្ដែងប្រុសរងឆ្នើម (Best Support Actor) ៕

























Account
Security
Favourite Content