«6 Years In The Game» ជាចំណងជើងបទចម្រៀងថ្មី របស់កំពូលតារារ៉េបវ័យក្មេង វណ្ណដា និងតារារ៉េបជប៉ុន AWICH ទើបទម្លាក់លើទីផ្សារក្តៅៗ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ហើយក៏ចំថ្ងៃខួបកំណើតរបស់ វណ្ណដា តែម្តង។

នេះជាលើកដំបូងបង្អស់ ដែលកំពូល Rapper កម្ពុជា-ជប៉ុន ឆ្លងដែនមកបង្កើត collaboration ជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកសក្តានុពលចម្រៀងរ៉េបឱ្យកាន់តែល្បីសុះសាយ។ ជាក់ស្តែង MV បទ «6 Years In The Game» ត្រូវបានក្រុមការងារ បារមី ផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ផ្តោតលើគុណភាព និងបច្ចេកទេសជាចម្បង ឱ្យស័ក្តិសមជាចម្រៀង collaboration រវាងកំពូល Rapper ទាំងពីររូប។


ជាការអបអរសមិទ្ធផលដ៏ធំធេងនេះ បូករួមជាមួយថ្ងៃខួប ២៧ ឆ្នាំ កំលោះកូនអ្នកខេត្តព្រះសីហនុរូបនេះ បានរៀបចំពិធីជប់លៀងធំមួយ កាលពីល្ងាចថ្ងៃទី២២ ខែមករា កន្លងទៅ ដោយមានការចូលរួមពីក្រុមគ្រួសារ ក្រុមការងារផលិតកម្ម បារមី និងតារារ៉េបល្បីៗជាច្រើនរូបផងដែរ។
វណ្ណដា និងអ្នកចូលរួមទាំងអស់បានទស្សនាបទ «6 Years In The Game» អមជាមួយពាក្យជូនពរថ្ងៃខួបកំណើតរបស់តារារ៉េបល្បីឈ្មោះរូបនេះ។ ក្នុងថ្ងៃដ៏មានអត្ថន័យនេះ វណ្ណដា រំភើបចិត្តខ្លាំងណាស់ ព្រោះលោកមិនត្រឹមតែទទួលបានពាក្យជូនពរពីក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងបណ្តាហ្វេនៗទូទាំងប្រទេសប៉ុណ្ណោះទេ សូម្បីតែកំពូលតារារ៉េបជប៉ុន AWICH ក៏ធ្វើនំខេកដ៏ធំមួយ surprise វណ្ណដា ទៀតផង។ ពិសេសជាងនេះទៀត AWICH បាន video call មកជូនពរ វណ្ណដា ដោយផ្ទាល់ ដោយដៃកាន់នំខេកដ៏ធំច្នៃឡើងតាមរូប poster បង «6 Years In The Game» ធ្វើឱ្យ វណ្ណដា រំភើបបិទមាត់មិនជិតតែម្តង៕






















































Account
Security
Favourite Content