កម្មវីធីប្រគំតន្ដ្រីធំប្រចាំឆ្នាំ SBS Gayo Daejeon បានធ្វើឡើងនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ ដោយមានការចូលរួមពីក្រុមតារាខេប៉ុបល្បីៗ ជាច្រើន។ នៅឆ្នាំនេះកម្មវិធី កាន់តែមានភាពសប្បាយរីករាយដោយធ្វើចំថ្ងៃបុណ្យ Christmas។ ក្រុមតារាខេប៉ុបនីមួយៗ បានបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈការសម្ដែង និងរាំ ជាពិសេសនៅក្នុងឱកាសនោះផងដែរ។




ជាមួយគ្នាដែរ សមាជិកក្រុមចម្រៀង NCT គឺ Ten បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការព្រួយបារម្ភដោយសារកំហុសបច្ចេកទេសធ្វើឲ្យលោកធ្លាក់ពីលើឆាកតន្ដ្រី។ តាមសម្ដីអ្នកដែលទស្សនាការប្រគំតន្ដ្រីផ្ទាល់ នាពេលនោះ Ten ត្រូវឡើងច្រៀង និងសម្ដែងបទ Baggy jeans ប៉ុន្ដែដោយសារឆាកមានប្រឡោះទើបធ្វើឲ្យលោកធ្លាក់ចុះទៅក្រោមមួយទំហឹង មុខស្ទើរតែបុកជាមួយជ្រុងរបស់ឆាក។ មួយសន្ទុះក្រោយ Ten ក៏បានព្យាយាមឡើងមកវិញ និងសម្ដែងបទនេះឲ្យដល់ចប់។





បន្ទាប់ពីមានបញ្ហានេះកើតឡើង Ten បានបញ្ជាក់ប្រាប់អ្នកគាំទ្រថាខ្លួនមិនមានបញ្ហាអ្វីនោះទេ ប្រសិនបើមានបញ្ហាមិនស្រួលណាមួយខ្លួននឹងផ្ដល់ដំណឹងដល់អ្នកគាំទ្រភ្លាម។
គួរបញ្ជាក់ផងដែរ កំហុសបច្ចេកលើឆាកនេះធ្លាប់បានកើតឡើងម្ដងរួចមកហើយក្នុងកម្មវិធី SBS Gayo Daejeon នាឆ្នាំ ២០១៩ ដែលធ្វើឲ្យតារាស្រី Wendy សមាជិកក្រុម Red Velvet បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយមកតារាស្រីនេះត្រូវបានរាយការណ៍ថាបានបាក់ឆ្អឹងត្រគាក និងផ្នែកខាងស្ដាំនៃដងខ្លួន។ ស្របពេលជាមួយគ្នា ទោះជា Ten បានលើកឡើងថាខ្លួនមិនមានបញ្ហាអ្វី ប៉ុន្ដែមហាជនជាច្រើន និងអ្នកគាំទ្រនៅតែព្រួយបារម្ភព្រមទាំងសង្ឃឹមថា Ten នឹងមិនមានបញ្ហាអ្វី។ មួយវិញទៀត ក្រុមអ្នកគាំទ្រក៏សង្ឃឹមថាកម្មវិធីមួយនេះមានការប្រុងប្រយ័ត្នជាងមុនជៀសវាងបញ្ហាកើតមានឡើងម្ដងទៀតនាំឲ្យមានគ្រោះថ្នាក់ដល់អ្នកត្រូវសម្ដែងលើឆាក៕

























Account
Security
Favourite Content