Park YooChun ជាតារាចម្រៀង និងសម្ដែងប្រុសកូរ៉េខាងត្បូងដ៏ល្បីល្បាញម្នាក់ តែប៉ុន្មានឆ្នាំចុងក្រោយរូបលោកបានជាប់ពាក់ព័ន្ធរឿងអាស្រូវជាច្រើន ដែលធ្វើឲ្យអាជីពសិល្បៈលោកស្ទើរខ្ទេចគ្មានសល់។ ក្នុងឆ្នាំ ២០១៦ តារាប្រុសរូបនេះត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ។ ក្រោយមកលោកបានជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការបំពានលើអ្នកគាំទ្រ។ មិនទាន់អស់នៅឡើយ លោកធ្លាប់ត្រូវបានអ្នកចាត់ការរបស់ខ្លួនចេញបកអាក្រាតថា លោកធ្លាប់សេពគប់មិត្ដស្រីច្រើនជាង ៥០ នាក់ អ្នកខ្លះជាស្ដ្រីរៀបការរួចថែមទៀត។ កាន់តែធ្ងន់ធ្ងរទៀតនោះ លោកក៏ត្រូវបានជាប់ក្នុងបញ្ជីខ្មៅ មិនអនុញ្ញាតឲ្យឡើងផ្សព្វផ្សាយ ឬបង្ហាញមុខលើកញ្ចក់ទូរទស្សន៍កូរ៉េទៀតឡើយ។


មិនទាន់ចប់រឿងនៅឡើយ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ យោងតាមប្រភពព័ត៌មានរបស់ប្រទេសកូរ៉េ Yonhap News បានឲ្យដឹងថា Park YooChun ធ្លាក់ខ្លួនជំពាក់បំណុលក្រុមហ៊ុនប្រមាណជាង ៣៨ ម៉ឺនដុល្លារអាមេរិក។ ដើមទងនៃរឿងនេះគឺកាលពីឆ្នាំ ២០២0 រូបលោកបានចុះកុងត្រាជាមួយក្រុមហ៊ុន Have Fun Together ដោយកុងត្រានេះមានកំណត់រហូតដល់ចុងឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០២១ តារាប្រុសរូបនេះក៏បានដាក់ពាក្យស្នើរសុំបញ្ចប់កុងត្រា បន្ទាប់ពីលោកមិនទទួលបានប្រាក់ឈ្នួល អំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ។ ការសម្រេចសម្រួលរវាងភាគីទាំងពីរបានលើកឡើងថា ការបញ្ចប់កុងត្រានឹងមានប្រសិទ្ធភាព ប្រសិនបើខាង Have Fun Together មានការខកខាន និងគ្មានលទ្ធភាពក្នុងការបង់ប្រាក់ឈ្នួលដល់តារាប្រុសរូបនេះតាមពេលវេលាកំណត់។


ក្រុមហ៊ុន Have Fun Together បានដាក់ពាក្យបណ្ដឹងដល់តារាប្រុស Park YooChun ក្រោមហេតុផលរូបលោកទៅបង្ហាញខ្លួនជាសាធារណៈ និងផ្សព្វផ្សាយក្រោមក្រុមហ៊ុនដទៃ ទាំងមិនទាន់បានបញ្ចប់កុងត្រាជាមួយ Have Fun Together។ ជាលទ្ធផល តារាប្រុស Park YooChun ត្រូវតុលារតម្រូវឲ្យបង់ប្រាក់ប្រមាណ ៣៨៥ ០០០ ម៉ឺនដុល្លារដល់ក្រុមហ៊ុន Have Fun Together។


គួរបញ្ជាក់ថា ថ្មីៗនេះ តារាប្រុស Park YooChun កំពុងស្ថិតក្នុងការសង្ស័យលួចគេចពន្ធប្រមាណ ៤០៩ លានវ៉ុន ឬប្រហាក់ប្រហែល ៣៧ ម៉ឺនដុល្លារអាមេរិក។ ឈ្មោះរបស់លោកបានស្ថិតក្នុងបញ្ជីបុគ្គលល្បីៗ ដែលមិនទាន់បានបង់ពន្ធដែលបានចេញផ្សាយដោយទីភ្នាក់ងារពន្ធជាតិរបស់ប្រទេសកូរ៉េខាងត្បូង៕























Account
Security
Favourite Content