M Picture Cambodia បានរៀបចំពិធីចាក់បញ្ចាំងពិសេសរឿង «ទំនួញព្រាយ» ឬ «TEE YOD» នៅលើផ្ទាំងសំពត់សដ៏ធំ IMAX នៅរោងភាពយន្ត Major Cineplex អ៊ីអន២ កាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីយុវវ័យអ្នកនិយមទស្សនាភាពយន្ត និងអ្នកវិភាគកុនល្បីៗជាច្រើនរូប។






លោក សុខ សិរីសុភា ប្រធានផ្នែកនាំចូល និងចែកចាយភាពយន្ត M Picture Cambodia បានរៀបរាប់ឱ្យដឹងថា មែនទែនទៅការដែលយើងសម្រេចនាំយករឿង «ទំនួញព្រាយ» មកចាក់បញ្ចាំងនៅទីផ្សារកម្ពុជាគឺដើម្បីសិក្សាមើលទីផ្សាររឿងនេះនៅ IMAX ថាវាខ្លាំងកម្រិតណា ព្រោះរឿងនេះជារឿងថៃដំបូងគេដែលមាននៅក្នុងអេក្រង់IMAX និងជាភាពយន្តរន្ធត់ ព្រឺព្រួច ដែលរកចំណូលបានច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលដ៏ខ្លី ដើម្បីឱ្យយើងយកទៅសិក្សាលើរឿងខ្មែរ ដែលយើងអាចនឹងមាននៅក្នុង IMAX នេះដូចគ្នាដែរ។
ប្រធានផ្នែកនាំចូល និងចែកចាយភាពយន្ត រូបនេះបន្តថា អ្វីដែលជាគោលជំហររបស់ M Picture Cambodia គឺមិនត្រឹមតែនាំចូលភាពយន្តក្រៅស្រុកប៉ុណ្ណោះទេ តែក៏មានជំហរក្នុងការផលិតរឿងខ្មែរដូចគ្នាដែរ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣ នេះ M Picture Cambodia បានចាក់បញ្ចាំងរឿងមួយរួចមកហើយ ចំណងជើង «KTV: Killing Time Violently» គ្រាន់តែមិនសូវផ្ទុះការគាំទ្រខ្លាំង ប៉ុន្តែយ៉ាងណា M Picture Cambodia មិនបោះបង់ចោលការផលិតឡើយ ដោយនឹងបន្ថែមការផលិត និងដើមទុនទៀតសម្រាប់ឆ្នាំក្រោយ។

លោកសង្ឃឹមថា តាមរយៈការចាក់បញ្ចាំងរឿងនេះនៅកម្ពុជា យើងមិនត្រឹមតែអាចសិក្សាពីទីផ្សារ IMAX ប៉ុណ្ណោះទេ តែក៏អាចសិក្សាពីឆ្អឹងរឿងសំខាន់ៗបានផងដែរ។ តួយ៉ាងរឿង «ទំនួញព្រាយ» គឺដកស្រង់ចេញពីរឿងពិតមួយដែលកើតនៅប្រទេសថៃ ខណៈដែលកម្ពុជាយើងក៏កើតមានរឿងអភូតហេតុ អបិយជំនឿផ្លូវងងឹត និងពពួកអមនុស្សដូចគ្នា ដែលយើងអាចលើកយកវាមកធ្វើជាគំនិត បំផុសក្នុងការផលិតរឿងខ្មែរយើងទៅថ្ងៃខាងមុខ ដែលវាជាទម្រង់រឿងរបស់ខ្មែរយើងតែម្តង។
លោក សុខ សិរីសុភា សង្កត់ធ្ងន់ថា បច្ចេកទេសរបស់អេក្រង់យក្ស IMAX ផ្តោតសំខាន់លើ ២ ចំណុច គឺ រូបភាព និងសំឡេង។ ដូចនេះ ប្រសិនបើយើងយករូបភាព និងសំលេងរឿងខ្មែរយើងបំប្លែងជាគុណភាពកម្រិត IMAX លោកជឿជាក់ថា ប្រជាជនខ្មែរយើងក៏អាចនឹងគាំទ្រដូចគ្នាដែរ។ ម៉្យាង អេក្រង់យក្ស IMAX មានតែមួយគត់នៅកម្ពុជាទើប M Picture Cambodia ដាក់គោលដៅចង់ឱ្យមានរឿងខ្មែរយើងបញ្ចាំងលើ IMAX នេះផងដែរ។































Account
Security
Favourite Content