មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងជជែកវែកញែកព្រោងព្រាតបន្ទាប់ពីទំព័រហ្វេសប៊ុកផេក មួយឈ្មោះថា បាយ័នយូនីគ-Bayon Unique Adventure បានបង្ហោះព័ត៌មានជុំវិញករណីកុមារីម្នាក់ អាយុ ១០ឆ្នាំ ស្លៀកឈុតបុរាណ រាំរបាំនៅប្រាសាទអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរាស្នើសុំឱ្យលុបវិញ ព្រោះមិនមានការស្នើសុំអនុញ្ញាតថតជាមុន។
ទំព័រហ្វេសប៊ុកផេកខាងលើបានរៀបរាប់ថា៖ «ក្មួយស្រីយ៉ាយ៉ា(អាយុ១០ឆ្នាំ) គ្រងឈុតប្រពៃណីខ្មែនៅអង្គរវត្តពិតជាស្អាតណាស់ តែគួរឱ្យស្តាយ វីដីអូ (រយៈពេលប្រហែល15 វិនាទី) ដែលក្មួយបញ្ចេញកាយវិការរាំរបាំជូនពរដែលក្មួយបានរៀននៅសាលាអន្តរជាតិបាន ៦ខែ (១អាទិត្យម្តង) ត្រូវបានមន្រ្តីអាជ្ញាធរអប្សារាប្រាប់ថាខុសច្បាប់ដោយមិនបានសុំច្បាប់មុន ហើយទាមទារឱ្យខ្ញុំលុបចេញ និងមិនឱ្យបង្ហោះជាសាធារណៈដាច់ខាត»។

ជុំវិញការលើកឡើងខាងលើនេះ ដើម្បីបញ្ជាក់ឱ្យច្បាស់ថារឿងហេតុបែបណានោះ AMS-Infotainment បានទំនាក់ទំនងទៅកាន់ លោក ឡុង កុសល ដែលជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរាដើម្បីបំភ្លឺ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៣នេះ។ ក្នុងនោះអ្នកនាំពាក្យរូបនេះបានបកស្រាយថា ជាទូទៅ ជាគោលការណ៍រាល់ការស្នើសុំក្នុងការថត គឺអាជ្ញាធរមានការយកចិត្តទុកដាក់ណាស់ រាល់ទម្រង់នៃការថត នៃការសម្ដែងនោះ។ ដូចនេះរាល់ការថតទុកជាអនុស្សាវរីយ៍ក្ដី ជាវីដេអូផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ក្ដី ដែលមានការប្រើប្រាស់សំលៀកបំពាក់ គឺចាំបាច់ណាស់តម្រូវឱ្យអ្នកជំនាញនៃក្រសួងវប្បធម៌ ផ្ដល់នូវការវាយតម្លៃ ទៅលើសំលៀកបំពាក់ និងទម្រង់សិល្បៈទាំងនោះ ព្រោះបារម្ភខ្លាចមានបញ្ហា ឬ ខុសដោយប្រការណាមួយនោះ នឹងរងការវាយប្រហារ ការស្ដីបន្ទោស ពីសាធារណជន។

អ្នកនាំពាក្យខាងលើបញ្ជាក់ទៀតថា ដោយបង្កាកុំឱ្យមានបញ្ហាដូចរៀបរាប់ខាងលើ ទើបតម្រូវឱ្យមានការស្នើសុំជាមុន សូម្បីតែម្ចាស់ផេកខាងលើក៏បានសរសេរដែរថា ខ្លួនមិនបានស្នើជាមុននោះទេ ហើយក៏បានដឹងរួចមកហើយថា ត្រូវស្នើសុំអនុញ្ញាតជាមុន។ ដូចនេះគួរចូលរួមជាមួយអាជ្ញាធរថានៅទីកន្លែងណាមួយក៏ដោយក៏មានការគ្រប់គ្រង ការរៀបចំ ការត្រួតពិនិត្យ និងមានការទទួលខុសត្រូវ។ លោកសួរទៅវិញថា៖ «ដូច្នេះតើក្នុងនាមជាពលរដ្ឋមួយរូប អ្វីៗយើងចង់ធ្វើស្រេចតែចិត្ត ? ឬត្រូវស្វែងរកការចូលរួមដើម្បីធ្វើខ្លួនឱ្យក្លាយជាពលរដ្ឋល្អ និងមួយវិញទៀតដើម្បីឱ្យអ្នកដែលបំពេញការងារជូននោះ ជៀសផុតពីការស្ដីបន្ទោសផ្សេងៗ»។
ដូច្នេះសរុបមកវិញអាជ្ញាធរនៅទីនោះ គ្រាន់តែបំពេញតួនាទីភារកិច្ចរបស់ពួកគាត់ប៉ុណ្ណោះ។ ត្រូវសួរទៅវិញថា តើពលរដ្ឋបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនហើយឬនៅ? ជាសំណូមពរសូមឱ្យម្នាក់ៗបំពេញតួនាភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនកុំឱ្យការខកខានការបំពេញតួនាទីរបស់ខ្លួន ហើយមកក្លាយជាបន្ទុករបស់អ្នកដទៃ។ អ្នកនាំពាក្យអាជ្ញាធរជាតិធអប្សរាបន្ថែម៕


























Account
Security
Favourite Content