កម្អួតបាឡែន ឬ Ambergris ត្រូវបានគេចាត់ទុកជាវត្ថុចម្លែកបំផុតកើតឡើងដោយធម្មជាតិ ឬត្រូវបានគេហៅថា «មាសអណ្តែតទឹក» ដែលមានតម្លៃខ្ទង់លានដុល្លារ។ ជាឧទាហរណ៍ កាលពីខែកញ្ញា ឆ្នាំ ២០២១ អ្នកនេសាទម្នាក់នៅ ខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ បានរកឃើញកម្អួតបាឡែនទម្ងន់ ៣០គីឡូក្រាម ដោយអាចលក់បានជាង ១លានដុល្លារអាមេរិក ពោលគឺវាមានតម្លៃក្នុងរង្វង់ ៤មុឺនដុល្លារក្នុង ១គីឡូក្រាម។

ថ្មីៗនៅ នៅកម្ពុជា មហាជនបានផ្ទុះការចាប់អារម្មណ៍ ករណីបុរសម្នាក់អះអាងថារើសបានដុំម្យ៉ាងថាជាកម្អួតត្រីបាឡែន នៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យ៉ាងណាបច្ចុប្បន្ននេះ វត្ថុមួយដុំនោះត្រូវបានបញ្ចូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA ហើយក្នុងករណីវាជាពិតប្រាកដនោះវាគឺជាកម្អួនបាឡែនដំបូងបង្អស់នៅកម្ពុជា។
តើអ្វីគឺជា Ambergris?
Ambergris គឺជាភាសាបារាំងមានន័យថា ព័ណ៌លឿង-ប្រផេះ តែជាទូទៅគេប្រើសំដៅទៅលើកម្អួតត្រីបាឡែន។ សារធាតុ ឬដុំ Ambergris ជាសារធាតុម្យ៉ាងដែលកើតចេញពីត្រីបាឡែនឈ្មោល ខណៈអ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញពីហេតុផលច្បាស់នៅឡើយថាហេតុអ្វីបានជា ambergris ត្រូវបានផលិតនៅក្នុងខ្លួនរបស់បាឡែន និងថាតើវាត្រូវបានផលិតដោយរបៀបណា។

បើតាមការសន្មត និងទ្រឹស្តីរបស់អ្នកវិទ្យាសាស្ត្រមួយចំនួន ជារៀងរាល់ថ្ងៃ ត្រីបាឡែនឈ្មោលស៊ីពពួក cephalopods ជាច្រើនសន្ធឹកសន្ធាប់ជាអាហារតួយ៉ាងដូចជាមឹក និងកូនត្រីផ្សេងៗ។ ក្នុងករណីភាគច្រើន ចំណី ឬផ្នែកខ្លះនៃសត្វដែលវាស៊ីហើយមិនអាចរំលាយបានដូចជាចំពុះ ត្រូវបានក្អួតចេញមកវិញមុនពេលរំលាយអាហារ។
ប៉ុន្តែក្នុងកម្រ បំណែកនៃអាហារដែលមិនអាចកិនបានទាំងនេះអាចផ្លាស់ទីចូលទៅក្នុងពោះវៀនរបស់ត្រីបាឡែន ហើយតភ្ជាប់គ្នាជាដុំមួយ។ បន្តិចម្តងៗ ពួកវានឹងក្លាយជាបណ្តុំនៃ ambergris ដែលលូតលាស់នៅខាងក្នុងត្រីបាឡែនក្នុងរយៈពេលជាច្រើនឆ្នាំ រហូតទាល់តែវាក្អួតចេញមកក្រៅ អណ្តែតលើផ្ទៃសមុទ្រ។
ហេតុអ្វីបានជាកម្អួតត្រីបាឡែន ឬ Ambergris មានតម្លៃថ្លៃកប់ពពកបែបនេះ?
ការប្រើប្រាស់កម្អួតត្រីបាឡែន ត្រូវបានគេជឿថា មនុស្សចេះប្រើប្រាស់វាអស់រយៈពេលជាង ១ពាន់ឆ្នាំមកហើយ ចំណែកឯភ័ស្តុតាងហ្វូស៊ីលនៃដុំ Ambergris នេះមានអាយុកាលរហូតដល់ ១,៧៥ លានឆ្នាំឯណោះ។ Ambergris ត្រូវបានគេប្រើប្រាស់សម្រាប់ក្លិនក្រអូប និងទឹកអប់ប្រណិតៗតាំងពីសម័យបុរាណមកដល់បច្ចុប្បន្ន ក៏ដូចជានៅក្នុងឱសថបុរាណមួយចំនួនផងដែរ។

ប្រជាជនអេហ្ស៊ីបបុរាណ បានប្រើប្រាស់វាជាគ្រឿងក្រអូប ខណៈជនជាតិចិនបុរាណហៅវាថាជា ក្លិនក្រអូបរបស់នាគរាជ។ មូលហេតុដែលវាក្លាយទៅជាមានតម្លៃខ្លាំងគឺដោយសារតែវាក៏ជាវត្ថុដែលកម្រខ្លាំង និងមានតម្រូវការខ្ពស់បំផុតនៅក្នុងឧស្សាហកម្មទឹកអប់។ វាមានតួនាទីជាសារធាតុ បង្កើន និងរក្សាក្លិននៃទឹកអប់ឱ្យបានយូរបំផុត។
សព្វថ្ងៃនេះ សារធាតុ Ambergris តែងត្រូវបានគេប្រើប្រាស់នៅក្នុងឧស្សាហកម្មទឹកអប់ល្បី ជាពិសេសវាមានតម្រូវការខ្ពស់នៅប្រទេសដែលមានទីផ្សារទឹកអប់ធំៗ ដូចជាទីក្រុងឌូបៃ និងបារាំងជាដើម។ ហើយរាល់ផលិតផលណាដែរប្រើប្រាស់សារធាតុ Ambergris ផ្សំ តែងតែជាទំនិញមានតម្លៃកប់ក្តោង។
តើ Ambergris អាចបង្កគ្រោះថ្នាក់ ឬហានិភ័យដល់ត្រីបាឡែនទេ?
ពិតណាស់ វត្ថុដែលកម្រតែងត្រូវបានមនុស្សដែលមានបំណងមិនល្អតាមប្រមាញ់។ ទោះយ៉ាងណា ប្រទេសភាគច្រើន ដែលមានដែនសមុទ្រ តែងមានច្បាប់ការពារការនេសាទត្រីបាឡែនឈ្មោល ឬជីវចម្រុះរបស់ខ្លួន តែសម្រាប់ការជួញដូរ កម្អួតត្រីបាឡែន ឬ Ambergris មានប្រទេសខ្លះដាក់ច្បាប់ហាមឃាត់ និងប្រទេសខ្លះទៀតបើកឱ្យជួយដូរដោយស៊េរី ដ្បិតអីយល់ថាវាគឺជាវត្ថុធម្មជាតិ។
បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃឥណ្ឌា (WWF) ប្រទេសដែលហាមឃាត់ការជួញដូរ Ambergris មានដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា។ ដោយឡែក មកទល់បច្ចុប្បន្ននេះករណីជួញដូរ Ambergris មានច្រើនករណីរួចមកហើយ រួមទាំងមានក្នុងការដេញថ្លៃផងដែរ៕






















Account
Security
Favourite Content