តាមតម្រាហុងស៊ុយ ការជ្រើសរើសពណ៌សម្លៀកបំពាក់ ឬសម្ភារៈផ្សេងៗក្នុងឱកាសចូលឆ្នាំចិនគឺសុទ្ធតែត្រូវបានផ្សាភ្ជាប់ជាមួយភាពសម្បូរសប្បាយ សំណាងល្អ និងអាយុវែង។ ជាក់ស្ដែងឆ្នាំថោះនេះក៏មានពណ៌ចំនួន ៤ ដែលនាំហុងស៊ុយ ថាមពលវិជ្ជមាន និងសំណាងដែរ។ ដូច្នេះថ្ងៃនេះ យើងនឹងណែនាំអំពីពណ៌ទាំង ៤ នោះរួមជាមួយអត្ថន័យផងដែរ។
១. ពណ៌បៃតង

ក្នុងក្បួនហុងស៊ុយ ពណ៌បៃតងតំណាងឱ្យធម្មជាតិ ការលូតលាស់ ដំណើរបន្តទៅមុខ និងភាពរឹងមាំ។ ហើយវាក៏ត្រូវបានគេជឿថាពណ៌បៃតងនឹងនាំមកនូវសំណាងល្អ ភាពរុងរឿង និងសម្បូរសប្បាយផងដែរ។ ស្របពេលនេះ ពណ៌បៃតងអាចជួយឱ្យអារម្មណ៍ និងចិត្តគំនិតមានភាពស្ងប់សុខ និងតុល្យភាពដែរ។ មិនតែប៉ុណ្ណោះ វាក៏បានផ្សាភ្ជាប់ជាមួយសុខភាព ការព្យាបាល ក៏ដូចជាការបំពេញថាមពលដល់ផ្លូវកាយ និងផ្លូវចិត្តទៀតផង។
២. ពណ៌ផ្កាឈូក
ពណ៌ផ្កាឈូកគឺតំណាងឱ្យក្ដីស្រឡាញ់ មេត្តាធម៌ និងមនុស្សធម៌ផងដែរ។ ជាមួយគ្នានេះដែរ ភាពស្រាលស្រទន់នៃពណ៌ផ្កាឈូកអាចនឹងជួយគ្រប់គ្រង និងបន្ធូរភាពតានតឹងចេញពីរាងកាយ ក៏ដូចជាចិត្តគំនិតទៀតផង។ វាក៏ត្រូវបានគេជឿថា ពណ៌ផ្កាឈូកអាចទាក់ទាញសេចក្ដីស្រឡាញ់ ភាពចុះសម្រុងគ្នា និងថាមពលវិជ្ជមាននៅក្នុងទំនាក់ទំនង។ យោងទៅតាមហុងស៊ុយចិន ពណ៌ផ្កាឈូកគឺត្រូវបានគេប្រើប្រាស់តាមវិធីផ្សេងៗគ្នា ដើម្បីជួយជំរុញថាមពលនៃក្ដីស្រឡាញ់ និងមេត្តាធម៌។
៣. ពណ៌ក្រហម

ជាទូទៅ ពណ៌ក្រហមគឺតំណាងឱ្យការស្រឡាញ់ (passion) ថាមពល និងសំណាងល្អ។ ភាពរស់រវើកនៃពណ៌ក្រហមនឹងជួយរំញោច និងបង្កើនថាមពលដល់ទាំងចិត្ត និងកាយផងដែរ។ ជាក់ស្ដែងតាមក្បួនហុងស៊ុយ ពណ៌ក្រហមគឺត្រូវបានគេជឿថាអាចជួយទាក់ទាញសំណាងល្អ ភាពរុងរឿង ភាពសម្បូរសប្បាយ និងលុយកាក់ហូរចូលដូចទឹកថែមទៀតផង។
៤. ពណ៌ខៀវ

ពណ៌ខៀវអាចប្រៀបប្រដូចទៅនឹងទឹក ហើយវាក៏ផ្សាភ្ជាប់ជាមួយភាពស្ងប់ស្ងាត់ ភាពឈ្លាសវៃ ភាពក្លាហាន ការជឿជាក់ និងភាពស្មោះត្រង់ផងដែរ។ ការប្រើប្រាស់ពណ៌ខៀវគឺត្រូវបានគេជឿថាលើកកម្ពស់ភាពច្បាស់លាស់នៃការគិត និងទំនាក់ទំនង។ បើតាមតម្រាហុងស៊ុយវិញ ពណ៌ខៀវអាចជួយជំរុញឱ្យមានភាពក្លាហានក្នុងការបើកបង្ហាញអំពីគំនិត និងចំណេះដឹងរបស់ខ្លួនឯងផងដែរ៕



Account
Security
Favourite Content