នៅចាំនាវាយក្សដែលកម្ពុជាឲ្យចតកាលកូវីត-១៩ ឥឡូវ MS Westerdam បានមកម្ដងទៀត ដោយដឹកភ្ញៀវជិត ២ ពាន់នាក់

កាលពី​ឆ្នាំ ២០២០ នាវា MS Westerdam ដែល​ផ្ទុក​មនុស្ស ២ ២៥៧ នាក់ នៅ​លើ​នោះ បាន​ចំណាយ​ពេល​ជិត ២ សប្ដាហ៍​នៅ​សមុទ្រ​មិន​អាច​ចរចា​បាន​ជោគជ័យ​លើ​កំពង់ផែ​ដែល​ត្រូវ​ចូល​ចត​ឡើយ ដោយ​ប្រទេស​ជាច្រើន​បាន​បដិសេធ តែ​កម្ពុជា​តែ​មួយ​គត់ ដែល​ទទួល​កប៉ាល់​យក្ស​មួយ​នេះ​ឲ្យ​ចុះចត។

រូបភាពនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយ ប៉ែន រដ្ឋា

រូបភាពកាលពីថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០២៣

នៅ​ព្រឹក​ថ្ងៃ ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ នាវា​ទេសចរណ៍​ MS Westerdam ​បាន​ត្រឡប់​មក​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ ប្រទេស​កម្ពុជា​ជា​លើក​ទី៣ ហើយ​នាំ​អ្នក​ដំណើរ​អន្តរជាតិ​ជិត ២ ពាន់​មក​ជាមួយ។ កាលពី​ឆ្នាំ ២០២៣ MS Westerdam បានត្រលប់មកប្រទេសកម្ពុជាជាលើកទីពីរហើយ។

ថ្នាក់​ដឹក​នាំ​របស់​នាវា​ទេសចរណ៍​មួយ​នេះ ​មិន​ភ្លេច​ឡើយ​ទឹក​ចិត្ត​ដ៏​ធំ​ធេង​របស់​កម្ពុជា អំឡុង​ពេល​កូវីដ-១៩ ដែល​កាល​នោះ​មាន​តែ​ប្រទេស​​មួយ​គត់​ដែល​យល់​ព្រម​ឲ្យ​ពួកគេ​ចូល​ចត។ ​ព្រឹត្តិការណ៍​មនុស្សធម៌ ដែល​សម្ដេច​តេជោ ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នា​គ្រា​នោះ បាន​ធ្វើ​នា​ពេល​នោះ ធ្វើ​ឲ្យ​កម្ពុជា​ល្បី រន្ទឺ ​ពេញ​ពិភពលោក ជាមួយ​នឹង​ពាក្យ​ថា «កម្ពុជា​តូច តែ​បេះដូង​ធំ»។ ចាប់​តាំង​ពី​នោះ​មក ​នាវា​មួយ​នេះ​មិន​ដែល​ភ្លេច​កម្ពុជា និង​តែងតែ​នឹក​រលឹក​ចូល​ចត​នៅ​កំពង់​ផែ​ព្រះ​សីហនុ​ជា​និច្ច។

MS Westerdam បាន​ត្រឡប់​មក​លើក​ទី​២ និង​នាំ​យក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ១ ៨៥០ នាក់​មក​លេង​កម្ពុជា។ ក្នុង​ចំណោម​ភ្ញៀវ ១ ៨៥០ នាក់ មាន​ស្រី ៩៩២ នាក់ និង ៤៣ សញ្ជាតិ​ ហើយ​ក្នុង​នោះ​មាន​នាវិក ៨០៤ នាក់ ស្រី ១៥៦ នាក់។

ភ្ញៀវ​ដែល​មាន​ច្រើន​ជាង​គេ​ គឺ​មកពី​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ប្រទេស​កាណាដា។ បើ​យោង​តាម​ការ​បង្ហោះ​ពី កំពង់ផែ​ស្វយ័ត ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នាវា​ទេសចរណ៍​នេះ នឹង​ចាក​ចេញ​ពី​កំពង់​ផែ​ក្រុងព្រះសីហនុ បន្ត​ទៅ​ប្រទេស​ផ្សេង​ទៀត នៅ​ម៉ោង​៨​យប់ថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៥។

កប៉ាល់​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ ២០២០។ ការ​សម្រេចចិត្ត​នេះ​បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ ហើយ​ក៏​បាន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ដ៏​លំបាក​នា​គ្រា​​ជំងឺ​កូវីដ-១៩ រីក​រាល​ដាល​។

អ្នក​ដំណើរ​ដំបូង​បាន​ចុះ​ពី MS Westerdam នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ហើយ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ផ្ទាល់​ពី​សម្ដេច ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *