អូវ៉ាន់ទីន តួស្រីរឿង «ព្រះនាងកង្កែប» មានសមត្ថភាពរាំ ជាងសម្ដែង

តារា​សម្ដែង​វ័យ​ក្មេង និង​ជា​តួ​ស្រី​ម្នាក់​ទៀត​ក្នុង​រឿង «ព្រះនាងកង្កែប» អូវ៉ាន់ទីន ដែល​មាន​ឈ្មោះ​ពិត ឈុន ទីនសាន់ណា ក៏​មាន​សមត្ថភាព​​រាំ​បាន​យ៉ាង​ស្ទាត់​ជំនាញ​ដែរ។ តារា​ស្រី​មុខ​សែន cute រូប​នេះ បាន​ឲ្យ​ដឹង​ថា ដោយសារ​កាលពី​មុន​ធ្លាប់​ហ្វឹកហាត់ និង​រាំ​ មុន​ពេល​ចាប់ផ្ដើម​អាជីព​ជា​តារា​សម្ដែង ទើប​អាច​រាំ​ល្អ។

សម្រាប់​តួ​ស្រី​វ័យ​ក្មេង​រូប​នេះ បាន​បញ្ជាក់​ប្រាប់ AMS ថា ដំបូង​ឡើយ​គឺ​នាង​មាន​ជំនាញ​ខាង​រាំ តែ​ក្រោយ​មក​អ្នក​ផលិតកម្ម​វិធី​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​សាកល្បង​សម្ដែង ហើយ​ក៏​បន្ត​រហូត​មក​ដល់​ពេលនេះ។ បើ​និយាយ​ពី​ការ​សម្ដែង​ពេល​ដំបូង​ៗ​វិញ តារា​ស្រី​មាន​ដើម​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​ថា រៀង​ឆ្គង​ៗ​ តែ​ក្រោយ​មាន​ការ​ហ្វឹកហាត់​បន្ថែម ព្រម​ទាំង​សម្ដែង​បាន​ច្រើន ធ្វើឲ្យ​បច្ចេកទេស​កាន់តែ​វិវត្តន៍​​ម្ដង​បន្តិច។

អូវ៉ាន់ទីន ថា​រូប​នាង​សព្វថ្ងៃ​ក៏​ទើប​ថត​បញ្ចប់​រឿង​ថ្មី ខណៈ​ដែល​រឿង «ព្រះនាងកង្កែប» ក៏​ត្រៀម​ចាក់​ផ្សាយ​ឆាប់​ៗ​នេះ។ បើ​និយាយ​ពី​អាជីព​សម្ដែង​នាង​កាន់តែ​រវល់​ តែ​មិន​ត្រូវ​ឲ្យ​មាន​អ្វី​ថ្មី​សម្រាប់​ទស្សនិកជន​ដែរ មិនមែន​ទទួល​ថត​គ្រប់​រឿង​​ឡើយ ត្រូវ​មើល​សាច់​រឿង និង​គិត​ថា​ទទួល​បាន​អ្វី​ថ្មី​ពី​តួ​សម្ដែង​នោះ​អត់។

បើ​និយាយ​ពី​តួ​សម្ដែង​ក្នុង​រឿង​ «ព្រះនាង​កង្កែប​» វិញ​នាង​ពិតជា​ពេញចិត្ត​ចំពោះ​តួអង្គ​នោះ​ខ្លាំង​ណាស់ ព្រោះ​ភាគច្រើន​គឺ​ស្រដៀង​នាង។ ទោះ​ជា​យ៉ាង​ណា អូវ៉ាន់ទីន មិន​បង្ហាញ​ប្រាប់​ច្រើន​ពី​ចរិត​តួអង្គ​ឡើយ ដោយ​ចាំ​ឲ្យ​ចាក់​ផ្សាយ​ជា​ផ្លូវការ​នៅ AMS Infotainment ក្នុង​មួយ​សប្ដាហ៍​ចាក់​ ២ ថ្ងៃ គឺ​ថ្ងៃ​ពុធ និង​សៅរ៍ ចាប់ពី​ថ្ងៃ ៦ ខែ​កុម្ភៈ​ឆ្នាំ ២០២៣ នេះ​តទៅ។

ចំពោះ​ស្ទីល៍​តុបតែង​ខ្លួន​វិញ តារា​សាច់​ស​ខ្ចី​រូប​នោះ​ថា​ ដោយសារ​តែ​ក្នុង​រឿង និង​នៅ​ក្រៅ​រឿង «ព្រះនាងកង្កែប» នាង​​ចូលចិត្ត​បែប cute cute ច្រើន​ជាងសិចស៊ី ហើយ​វា​ស៊ី​នឹង​រូបរាង​ទៀត ទើប​មិន​ផ្លាស់ប្ដូរ​ច្រើន ហើយ​រូបរាង​ក៏​មិនសូវ​ដូរ​ដែរ ដោយ​ព្យាយាម​រក្សា​ឲ្យ​នៅ​ថេរ​ប៉ុន​រាល់ថ្ងៃ​សិន តែ​បើ​មាន​រឿង​ថ្មី​តម្រូវឲ្យ​ប្ដូរ​នាង ថា​មិន​ខ្លាច​ឡើយ៕ ​​​​​​​​​