អ៊ិត ជូ​លី​ណា ចង់អណ្តែតខ្ពស់លើសិល្បៈដូច ខេមរៈ សិរីមន្ត និង ខេមរៈ ស្រីពៅ

តារាចម្រៀងសម្បុរស្រអែមស្រស់ កញ្ញា អ៊ិត ជូលីណា ត្រូវគេស្គាល់ថាជាប្អូនជីទួតមួយរបស់តារាចម្រៀង ខេមរៈ សិរីមន្ត និង ខេមរៈ ស្រីពៅ បានបោះជំហានចូលវិស័យសិល្បៈតាមរយៈការត្រួសត្រាយ និងជួយជ្រោមជ្រែង​ពី​លោក ខេមរៈ សិរីមន្ត តារាចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស និង​លោក ខេមរៈ ភា​រុណ អ្នកនិពន្ធ​បទ​ចម្រៀង​ល្បីឈ្មោះ។ 

អ៊ិត ជូ​លី​ណា បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនឱ្យចាប់អារម្មណ៍លើរូបនេះ ដោយសារទឹកដមសំនៀងដ៏ពីរោះរណ្តំរបស់នាង ថែមទាំងស្រដៀងគ្នាខ្លាំងនិងកញ្ញា ខេមរៈ ស្រីពៅ ទៀតផង។

គិតត្រឹមដើមឆ្នាំ២០២២នេះ កញ្ញា អ៊ិត ជូ​លី​ណា បាន​បញ្ចេញ​បទ​ចម្រៀង​របស់ខ្លួន​បានជា​ច្រើន​បទ ក្នុង​នោះគេ​ចាប់អារម្មណ៍​ឃើញ​មាន​បទល្បីៗដូចជា «ទុកពេល​ឱ្យ​បង​កែខ្លួន» «គេ​កូនអ្នកមាន​សាច់ឈាម​មិន​ដូច​បង​ទេ» «សម​មុខ​ហើយ​ដែល​អូន​ក្បត់​បង» និង​មាន​បទ​ចម្រៀង​ជាច្រើន​ទៀត ដែល​សុទ្ធសឹង​ជា​បទមិនចម្លងពីបរទេស (Original Song)។

ក្រៅពី​មាន​សមត្ថភាព​ច្រៀង​ហើយ​នោះ គេ​​កត់សម្គាល់​ឃើញថា កញ្ញា អ៊ិត ជូ​លី​ណា ក៏មាន​ទេពកោសល្យ​​អាច​និពន្ធ​បទ​ចម្រៀង និង ​Melody បាន​ថែម​ទៀតផង។ បច្ចុប្បន្ន គេឃើញតារាស្រីវ័យក្មេងនេះ ទទួលបានការងារថតសម្អាងការផងដែរ ហើយថែមទាំងមានរបរផ្ទាល់ខ្លួន១ទៀត។

អ៊ិត ជូ​លី​ណា បាន​លើកឡើងឱ្យដឹងថា កញ្ញាពិតជា​បាន​យក​ស្ទីល៍​ខ្លះ​ៗពីបងស្រីជីទួតមួយ កញ្ញា ខេមរៈ ស្រី​ពៅ ដែលជា​ម្ចាស់​បទ​ដើមពិតមែន ក៏ប៉ុន្តែ​ភាគច្រើន ​គឺ​កញ្ញា​ប្រើ​ស្ទីលច្រៀងជា​របស់​ខ្លួនឯងច្រើនជាង ​នៅពេល​បកស្រាយ​បទ​ចម្រៀងនីមួយៗ។

កន្លងមក អ៊ិត ជូ​លី​ណា ធ្លាប់​ប្រាប់ឱ្យដឹង​ថា កញ្ញា​មាន​មហិច្ឆតា​ក្នុង​ចិត្ត ​ចង់​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​ដូចជា ​លោក ខេមរៈ សិរីមន្ត និងកញ្ញា ខេមរៈ ស្រី​ពៅ ដែរ។ 

គួររំឮកផងដែរថា កញ្ញា អ៊ិត ជូលីណា ទើបប្រឡូកសិល្បៈតន្ត្រី ក្នុងនាមតារាចម្រៀងប្រមាណ២ឆ្នាំប៉ុណ្ណោះ។ តារាចម្រៀងវ័យក្មេងត្រូវបានគេស្គាល់តាមរយៈការច្រៀង Cover ឡើងវិញបទចាស់ៗរបស់តារាចម្រៀងស្រី ខេមរៈ ស្រីពៅ ដែលបានលាចាកលោកទៅហើយនោះ ដែលបទទាំងនោះត្រូវបានបង្ហោះជាសាធារណៈលើ Channel YouTube របស់តារាចម្រៀងជួរមុខប្រទេសកម្ពុជា ខេមរៈ សិរីមន្ត តែម្តង ៕