ចូលឆ្នាំថ្មី សមាជិកក្រុម Momoland ទាំងអស់សម្រេចចេញពីផលិតកម្ម MLD Entertainment

នៅរសៀលថ្ងៃទី ២៧ ខែ មករា​ ឆ្នាំ ២០២៣ ខាងផលិតកម្ម MLD Entertainment បានប្រកាសពីដំណឹងបញ្ចប់កុងត្រារបស់ខ្លួនជាមួយក្រុមតារាចម្រៀងស្រីល្បី Momoland។

ខាងផលិតកម្ម MLD Entertainment បានឱ្យដឹងថា៖ បន្ទាប់ពីបានពិភាក្សាយ៉ាងយូរជាមួយសមាជិកដែលនៅសេសសល់ទាំង ៦ នាក់រួមមាន HyeBin, Jane, Nayun, JooE, Ahin និង Nancy ទីបំផុតសមាជិកទាំងអស់សម្រេចមិនបន្ដកុងត្រាតទៅទៀតឡើយ និងសម្រេចចាកចេញពីផលិតកម្ម។

ជាមួយគ្នាដែរ ខាងផលិតកម្មក៏បានអរគុណក្រុមចម្រៀងនារីមួយនេះដែលបានបង្កើតនូវការចងចាំល្អក្នុងកំឡុងរយៈពេល ៧ ឆ្នាំមកនេះ និងជូនពរឱ្យសមាជិកទាំងអស់ទទួលបានការជោគជ័យជាមួយការចាប់ផ្ដើមថ្មី។ ដូច្នេះសូមអ្នកគាំទ្រកុំភ្លេចបន្ដការគាំទ្រ និងផ្ដល់ជាកម្លាំងចិត្តដល់សមាជិកក្រុម Momoland។

ទន្ទឺមនេះ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ទេថា ក្រុមចម្រៀង Momoland នឹងបន្ដជុំគ្នាចេញចម្រៀងក្រោមឈ្មោះដដែល ឬប្រើប្រាស់ឈ្មោះថ្មី ឬសម្រេចចិត្តបំបែកក្រុមតែម្ដងឡើយ។

គួរបញ្ជាក់ថាក្រុម   Momoland បានចេញច្រៀងជាផ្លូវការនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ជាមួយបទចម្រៀងមានចំណងជើងថា Jjan! Koong!។ ក្រុមចម្រៀងនារីមួយនេះកាន់តែមានភាពល្បីល្បាញខ្លាំងនៅពេលចេញបទចម្រៀង Boom Boom ក្នុងឆ្នាំ ២០១៨ និងឈ្នះពានរង្វាន់ជាច្រើនផងដែរ៕