ប្រទេសកម្ពុជាយើង បានចាត់ទុកថ្ងៃសង្ក្រាន្ត ជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជាពិធីបុណ្យដ៏ធំ និងសំខាន់បំផុតមួយសម្រាប់ប្រជាជាតិខ្មែរ។ ក៏ប៉ុន្តែក្រៅពីប្រទេសកម្ពុជា ក៏នៅមានប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសនៅប៉ែកខាងត្បូងមួយចំនួនទៀត ដែលមានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី មានលក្ខណៈគ្នាស្រដៀងគ្នានេះដែរ។
ជាក់ស្ដែងពាក្យថា សង្គ្រាន្ត មានដើមកំណើតចេញមកពីភាសាសំស្ក្រឹត ដែលមានប្រភពមកដើមពីប្រទេសឥណ្ឌា។ ចំណេរក្រោយមកវប្បធម៌នេះបានជះឥទ្ធិពលទៅដល់ ប្រទេសនៅក្នុងតំបន់ឥណ្ឌា ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូតក្លាយជាប្រពៃណីរួមដែលប្រត្តិបត្តិតៗគ្នា មកទល់នឹងពេលសព្វថ្ងៃនេះ។
យោងដូចហេតុនេះហើយ ថ្ងៃនេះ AMS សូមបើកបង្ហាញពីប្រទេសចំនួន ៨ ដែលមាន សង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំថ្មីដែលស្រដៀងនឹងសង្ក្រាន្ត ថាតើប្រទេសទាំងនោះនិយមធ្វើអ្វីខ្លះនៅក្នុងថ្ងៃនេះ។
ប្រទេសកម្ពុជា

សង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឬថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ជារៀងរាល់ឆ្នាំ។ នៅក្នុងឱកាសនេះ ប្រជាជនខ្មែរ តែងនិយមត្រឡប់ទៅសុក្រកំណើត យកចង្ហាន់ទៅវត្ត ធ្វើបុណ្យទាន និង ពូនភ្នំខ្សាច់ជាដើម។
លុះមកដល់ពេលថ្ងៃ ប្រជាជនខ្មែរតែងជួបជុំញាត្តិផៅរៀបចំកម្មវិធីកម្សាន្ត មិនថាល្បែងប្រជាប្រិយដូចជា ស្ដេចចង់ ចោលឈូង លាក់កន្សែង ឬក៏ជាការលេងជះទឹកជាដើម។ មុននឹងពិធីបុណ្យចូលឆ្នាំថ្មីបញ្ចប់ នៅរសៀលថ្ងៃទី ៣នៃកម្មវិធី បងប្អូនតែងកៀងគោគ្នាធ្វើពិធី ស្រង់ព្រះ និងចាស់ៗអ្នកមានគុណនៅតាមគ្រួសារនីមួយៗ។
ប្រទេសឡាវ

អាចនិយាយបានថា បុណ្យចូលឆ្នាំថ្មីរបស់ឡាវដែលមានឈ្មោះដើមថា Pi Mai មិនសូវជាខុសគ្នាពីបុណ្យចូលឆ្នាំរបស់ប្រទេសកម្ពុជាឡើយ រាប់ចាប់តាំងពីកាលបរិច្ឆេទ និងសកម្មភាពនៅចន្លោះពេល ៣ថ្ងៃនេះ។ បន្ថែមពីនេះ ជារៀងរាល់ឆ្នាំទីក្រុង Luang Prabang តែងរៀបចំប្រកួតបវរកញ្ញាដែលមានឈ្មោះថា នាងសង្ក្រាន្ត ដោយមានត្រឹមបេក្ខនារីតែ ៧នាក់ប៉ុណ្ណោះចូលរួមប្រកួត។ បេក្ខនាទីទាំងនេះ ជាតំណាងឱ្យបុត្រីទាំង ៧នាក់របស់ស្ដេច Kabinlaphom។
ប្រទេសថៃ

ប្រទេសថៃ ជាប្រទេសជិតខាងមួយទៀតដែលបានអនុវត្តពិធីបុណ្យសង្ក្រាន្តមិនខុសគ្នាប៉ុន្មានពីកម្ពុជា និងឡាវទេ។ បន្ថែមពីនេះ ប្រទេសថៃនិយមធ្វើបុណ្យដាក់បាត្រ និងប្រលែងពពួកសត្វត្រី ឬសត្វស្លាប ជាសិរីមង្គលសម្រាប់ឆ្នាំថ្មី។ សម្រាប់ការកម្សាន្តវិញ ប្រជាជនថៃតែងនិយមលេងជះទឹកដូចប្រទេសឯទៀតដែរ។
ប្រទេសមីយ៉ាន់ម៉ា

ពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានឈ្មោះជាផ្លូវការថា Thingyan ដែលពិធីបុណ្យនេះមានរយៈពេលយូរជាងប្រទេសអាស៊ានទាំង ៣ខាងលើនេះ ពោលគឺអាចមានរយៈពេលចន្លោះពី៤ ទៅ ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយពីវិធីបុណ្យ Thingyan គឺជាវប្បធម៌លេងជះទឹក ដែលចាត់ទុកជាការលេងជះទឹកដែលមានវ័យចំណាស់បំផុត ចាប់ផ្ដើមតាំងពីសម័យ Tagaung ចន្លោះគ្រិស្តសករាជទី១ ដល់គ្រិស្តសករាជទី១០ ជាមួយនឹងជំនឿក្នុងការលាងសម្អាតបាបចាស់ទាំងឡាយណាដែលបានធ្វើឡើងកាលពីឆ្នាំមុន។
ប្រទេសចិន

នៅក្នុងតំបន់ស្វយ័ត Xishuangbanna ខេត្ត Yunan ភាគខាងត្បូងប្រទេសចិន ពិធីបុណ្យជះទឹក គឺជាបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន Tai Lue។ ក្រៅពីសកម្មភាពខាងលើនេះ បុណ្យចូលឆ្នាំថ្មីដែលមានភូមិសាស្ត្រនៅជាប់ព្រំដែនរវាងប្រទេសឡាវ និងមីយ៉ាន់ម៉ានេះ ក៏មានភាពលេចធ្លោទៅលើក្បូនដង្ហែរបង្ហាញពីរបាំ និងវប្បធម៌ក្នុងតំបន់ផងដែរ រួមទាំងមានការប្រកួតទូកពិសេសមួយបែប ដែលមានឈ្មោះថា ទូកនាគទៀតផង។
ប្រទេសនេប៉ាល់

បុណ្យចូលឆ្នាំថ្មីរបស់ប្រទេសនេប៉ាល់ មានឈ្មោះជាភាសាដើមថា Navavarsha ដែលជាពិធីបុណ្យដ៏ធំបំផុតនៅក្នុងប្រទេស ក៏ដូចជាពិធីសាសនាមួយដ៏សំខាន់ដែរ។ ក្រៅពីការជួបជុំមិត្តភក្ដិបងប្អូន នៅពេលព្រឹកប្រជាជននេប៉ាល់តែងនិយមទៅវត្ត ដើម្បីប្រារព្ធពិធីបូជា Puja។ ពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏អមគ្នានឹងពិធីបុណ្យ Bisket ដែរ រំឭកដល់ សមរភូមិ Mahabharata ដោយមានការគោរព និងដង្ហែររូបតំណាងរបស់អាទិទេព Bhairab និង Bhadra នៅជុំវិញទីក្រុង។
ប្រទេសស្រីលង្កា

ចូលឆ្នាំថ្មី Sinhalese ឬ Aluth Avurudda គឺជាពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសស្រីលង្ការ។ នៅក្នុងផ្នែកខ្លះនៃប្រទេស ស្រីៗនិយមប្រមូលផ្ដុំគ្នាគោះស្គរ ដើម្បីជាការប្រកាសថា ឆ្នាំថ្មីបានមកដល់ហើយ។ គ្រួសារនីមួយៗតែងធ្វើកិច្ចពិធីនានា ដោយគោរពទៅតាមពេលវេលាដែលហោរាសាស្ត្របានគុណគូរ ដោយពិធីនោះមានដូចជា ការបង្កាត់ភ្លើង ការធ្វើនំបែបប្រពៃណី និងសូម្បីតែការទទួលទានអាហារពេលដំបូងនៅក្នុងកំឡុងបុណ្យចូលឆ្នាំថ្មី។
យ៉ាងណាមិញការធ្វើពិធីទាំងនោះមានការខុសគ្នាពីមួយតំបន់ទៅមួយតំបន់ ហើយផ្នែកខ្លះគេនិយមប្រើប្រាស់កាំជ្រួចជាដំណឹងនៅពេលដែលវេលាមង្គលទាំងនោះមកដល់។ លុះនៅពេលប្រារព្ធពិធីបែបជំនឿទាំងនោះចប់ ទើបជាពេលវេលាដែលប្រជាជនស្រីលង្ការរួមគ្នាធ្វើសកម្មភាពកម្សាន្តនានា។
ប្រទេសឥណ្ឌា

សូមបញ្ចប់ដោយប្រទេសដើមកំណើតពាក្យថា សង្ក្រាន្ត។ នៅក្នុងប្រទេសឥណ្ឌា នៅកំឡុងពេលចូលឆ្នាំនេះ ប្រជាជនឥណ្ឌាក៏មានរៀបចំពិធីបុណ្យមួយដែលមានឈ្មោះថា Holi។ ក្រៅពីឈ្មោះថា Holi ពិធីបុណ្យនេះក៏ឈ្មោះផ្សេងទៀតដែរ ដូចជា ពិធីបុណ្យនៃនិទាឃរដូវ ពិធីបុណ្យនៃពណ៌ និង ពិធីបុណ្យនៃសេចក្តីស្រឡាញ់។
ខុសប្លែកពីប្រទេសនៅអាស៊ីអាគ្នេយ៍ និងចិនដែលនិយមលេងជះទឹក នៅឥណ្ឌាមានទំនៀមទម្លាប់មួយដែលគេប្រើប្រាស់ម៉្សៅពណ៌ជះដាក់គ្នា ដោយប្រជាជនឥណ្ឌាមានជំនឿថា ការធ្វើបែបនេះគឺជាការលាងជម្រះអំពើបាបចេញពីរាងកាយឱ្យអស់។
សូមបញ្ជាក់ផងដែរ ដោយសារប្រទេសឥណ្ឌាមានទំហំធំ និងប្រជាជនមានជំនឿសាសនាទំនៀមទម្លាប់ផ្សេងគ្នា ដូច្នេះហើយពិធីបុណ្យបុណ្យចូលឆ្នាំថ្មីនេះអាចនឹងធ្វើឡើងនៅក្នុងតំបន់ខ្លះប៉ុណ្ណោះ ហើយការអនុវត្ត និងឈ្មោះក៏អាចនឹងខុសគ្នានៅតាមទីតាំងនីមួយៗផងដែរ៕




Account
Security
Favourite Content