ស្តេឡា កូនកាត់ខ្មែរ-ប៊ុលហ្គារី សម្រេចក្តីស្រមៃជាតួអង្គស្រីក្នុងរឿងប្រលោមលោកបែបបុរាណវិទ្យា

ដូចបានដឹងស្រាប់ហើយថា ស្រីស្អាត ស្តេឡា ដែលជាកូនកាត់ខ្មែរ-ប៊ុលហ្គារី មិនត្រឹមជាតារាសម្តែងម្នាក់ដ៏មានទេពកោសល្យ តែនាងក៏ជា Influencer វ័យក្មេងម្នាក់ដែលទទួលបានប្រជាប្រិយភាពនាពេលបច្ចុប្បន្នផងដែរ។ ប្រជាប្រិយភាពរបស់ ស្តេឡា កើនឡើងស្រឺតៗបន្ទាប់ពីនាងលេចមុខសម្តែងក្នុង MV បទ មនុស្សអរូប ដោយនាងបានដើរតួជា Barista ក្នុងហាងកាហ្វេមួយកន្លែង បន្ទាប់មកនាងលេចមុខកាន់តែច្រើនឡើងតាមរយៈ ការផលិតផល និងការ Review ផលិតផ្សេងៗ។

តារាស្រីកូនកាត់-ប៊ុលហ្គារីរូបនេះ ក៏ជាបុគ្គលម្នាក់ដែលអ្នកប្រើប្រាស់ហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមតាមដានឥតឈប់ឈរម្នាក់ដែរ ព្រោះសម្រស់ និងការតុបតែងខ្លួនរបស់នាង។ កាន់តែពិសេស ឆាប់ៗនេះ ស្តេឡា នឹងបង្ហាញខ្លួនក្នុងរឿងថ្មីមួយចំណងជើងថា «វិមានអាទិទេព»។ 

រូបភាព៖ ក្រុមកេរដំណែលខ្មែរ – Kerdomnel Khmer Group (KDNK)

យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកឈ្មោះថា ក្រុមកេរដំណែលខ្មែរ – Kerdomnel Khmer Group (KDNK) ប្រលោមលោករឿង «វិមានអាទិទេព» ជាស្នាដៃនិពន្ធអក្សរសិល្ប៍ដំបូងគេ(បែបប្រវត្តិសាស្ត្រ) ដែលពាក់ព័ន្ធនឹងអតីតរាជធានី ឆោក គគ៌្យ(កោះកេរ) និងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ព្រមទាំងរឿងរ៉ាវដែលបានកើតឡើងនាដើមសតវត្សរ៍ទី១០ សម័យមហានគរ។ រឿងនេះ និពន្ធដោយ តារានិករ និងទីប្រឹក្សាផ្ទៃសាច់រឿងទាំងមូល គឺ បណ្ឌិត ចិន្ត ច័ន្ទរតនា (ទីប្រឹក្សាខ្សែភាពយន្តរឿង “ហ្លួងព្រះស្តេចកន” របស់ផលិតកម្មត្រីសូល៍ភាពយន្ត និងរឿង “ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ – Raya and the last dragon” របស់ក្រុមហ៊ុន Walt Disney)។

តួអង្គស្រី ក្នុងប្រលោមលោករឿង «វិមានអាទិទេព» គឺ តារាសម្តែងវ័យក្មេង ស្តេឡា ចំណែកតួអង្គប្រុស គឺតារាសាច់ដុំកង់ៗ លោក អ៊ុន សុទ្ធា។

បន្ទាប់ពីរូបថត Poster ផ្សព្វផ្សាយរបស់រឿងនេះត្រូវបានបង្ហោះលើបណ្តាញសង្គម គេបានឃើញតួអង្គស្រីក្នុងរឿងនេះ គឺស្រីតូចច្រឡឹង ស្តេឡា បានធ្វើការចែករំលែក ព្រមជាមួយ Caption ដ៏ភ្ញាក់ផ្អើល បង្ហាញឱ្យឃើញថា នាងបានសម្រេចក្តីស្រមៃតាំងពីក្មេងហើយ ដែលចង់ក្លាយជាតួអង្គស្រីក្នុងសៀវភៅរឿងប្រលោមលោកបែបបុរាណវិទ្យា។ ស្តេឡា៖ «ក្តីស្រមៃទាំងពីក្មេងចង់ក្លាយជាតួអង្អស្រីក្នុងសៀវភៅរឿងប្រលោមលោកបែបបុរាណវិជ្ជា hehe»

បន្ទាប់ពីទទួលដំណឹងរីករាយនេះ ហ្វេនៗជាច្រើនរបស់នាងបាននាំគ្នាចូលអបអរសាទរ និងទន្ទឹងរង់ចាំមើលស្នាដៃថ្មីមួយនេះយ៉ាងអន្ទះសា៕