រ៉េត សារីតា អបអរ​​ខួបគម្រប់​ ២៧ឆ្នាំរបស់ខ្លួន តាម​រយៈ​កម្មវិធី​សប្បុរសធម៌​ដ៏ធំ

កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 កាលពីព្រឹកថ្ងៃអង្គារ បាននាំអំណោយដែលទទួលបានពីសប្បុរសជន តាមរយៈគំនិតផ្តួចផ្តើមរបស់កញ្ញាផ្ទាល់ ទៅចែកជូនប្រជាពលរដ្ឋរស់នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ចំនួន១២៧គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្គរ៥០គីឡូ គ្រឿងទេសគ្រប់មុខមួយកញ្ចប់ធំ និងថវិកាម្នាក់ ២០០០០៛។

កម្មវិធីសប្បុរសធម៌នេះ ត្រូវគេដឹងថា ធ្វើឡើងដើម្បីអបអរថ្ងៃខួបកំណើតគម្រប់វ័យ ២៧ឆ្នាំ របស់កញ្ញា ដែលបានកំពុងឈានមកដល់នៅថ្ងៃទី២២ សប្តាហ៍ក្រោយនេះ។

កញ្ញាឯកចក្រវាឡឆ្នាំ២០២០រូបនេះ ប្រាប់ឱ្យអ្នកសារពត៌មាន AMS ដឹងថា៖ «គោលបំណងនៃការរៀបចំកម្មវិធីសប្បុរសធម៌ គឺចង់ចែករំលែកទៅដល់ពួកគាត់ ដែលគាត់មានភាពខ្វះខាតខ្លះៗ ដូចថាយើងជួយកាត់បន្ថយខ្លះៗក្នុងការរស់នៅប្រចាំថ្ងៃ ហើយយើងបានចូលរួមជាចំណែក ជាថវិកាផ្សេងៗទៀតជាច្រើនពីសំណាក់ពុកម៉ែបងប្អូន ដែលជាអ្នកគាំទ្រ មិត្តភក្តិនៅជុំវិញទូទាំងប្រទេសតែម្តង។»

ក្នុងកម្មវិធីនេះ គេឃើញមានការចូលរួមពីសំណាក់បុគ្គលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តក្រុមហ៊ុន CIM ក្រុមការងារក្រុមហ៊ុន CIM កញ្ញា ទឹម រដ្ឋា និងបវរកញ្ញាតំណាងជាតិកម្ពុជា ជាច្រើនរូបផ្សេងទៀត។

សូមជម្រាបផងដែរថា នេះជាកម្មវិធីសប្បុរសធម៌ដែល កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 រៀបចំឡើងក្នុងខែនេះ។ ការពិតកញ្ញាគ្រោងរៀបចំកម្មវិធីនេះ ឱ្យចំថ្ងៃកំណើតកញ្ញាតែម្តង ប៉ុន្តែដោយសារមានគម្រោងធ្វើដំណើរកម្សាន្តទៅប្រទេសបារាំង ក្នុងសប្តាហ៍នេះ ទើបកញ្ញាសម្រេចចិត្តរៀបចំកម្មវិធីនេះមុនថ្ងៃដែលបានកំណត់ទុកយ៉ាងដូច្នេះ ៕