ករុណា ពេជ្រ ផ្តាំឱ្យធ្វើរឿងមួយ ដើម្បីកុំឱ្យស្តាយក្រោយ

គេនៅចាំបានថា តារាចម្រៀងថោនលោកករុណា ពេជ្រ បានអូសវ៉ាលី​ចេញដំណើរឡើង​យន្ដ​ហោះ​នៅអាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ នៅថ្ងៃទី២០​ខែធ្នូឆ្នាំ២០២១ ដើ​ម្បីទៅ​បារាំងជួបនិងមើលថែម្ដាយដែលទើបតែ​បានធូរស្រាល​ពីជំងឺត្បៀត​សសៃ​ឈាម បន្ទាប់ពីឪពុករបស់លោកទទួលមរណ​ភាព​កាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ កន្លងទៅ។

បន្ទាប់ពីបានទៅដល់ និងបានចំណាយ​ពេលវេលាមើលថែទាំ​អ្នកម្តាយនៅ​ប្រទេសបារាំងបានប៉ុន្មានថ្ងៃ ស្រាប់តែ ករុណា ពេជ្រ បង្ហោះសារ​មួយភ្ជាប់ជាមួយ​រូបថតជាច្រើនសន្លឹកបង្ហាញពីសកម្មភាពកំពុងមើលថែទាំអ្នកម្តាយ។ តាមរយៈអ្វីដែលលោកបង្ហោះ លោកបានផ្តាំឱ្យបងប្អូនធ្វើរឿងមួយ ដើម្បីកុំឱ្យសោកស្តាយនៅថ្ងៃក្រោយ។

តារាចម្រៀងថោនករុណា ពេជ្រ បង្ហោះថា៖«ពីរ នាក់ម៉ែកូន…ជីវិត គឺ តែប៉ុណ្ណឹង …កាលក្មេងម៉ែដឹកដៃកូន ដល់ចាស់កូនរុញរទេះម៉ែ វាគឺជារឿងសាមញ្ញ ហើយវាក៏ជាច្បាប់ធម្មជាតិ….សូមផ្តាំ: ចំពោះបងប្អូន ដែលកំពុងមានឪពុក ម្តាយ នៅមានជីវិត សូមកុំអោយស្តាយក្រោយ រឺ ហួសពេល គួរធ្វើអ្វីដែលជាស្នាមញញឹមអោយបានច្រើន ហើយអោយទាន់ពេល ក្នុងនាមយើងដែលមានការតព្វកិច្ចជាកូន ចំពោះឪពុកម្តាយ …ព្រោះពេលវេលាពិតជាលឿនណាស់ ហើយអ្វីដែលខ្ញុំកំពុងនិយាយ គឺ ជាអ្វីដែលខ្ញុំបានឆ្លងកាត់ អស់ទៅហើយ….»

គួររំលឹកផងដែរថា លោកករុណា ពេជ្រ ត្រូវគ្រប់គ្នាចាត់ទុក​ជាតារាកត្តញ្ញូម្នាក់ដែល​បានចំណាយពេលវេលា និងប្រាក់កាក់មើលថែទាំ​ឪពុកដែល​មានជំងឺប្រចាំកាយអស់​រយៈពេលជាច្រើនឆ្នាំ ហើយពេលនេះ​ទៀតសោត​លោកក៏បានចំណាយ​ពេលហោះទៅប្រទេសបារាំងដើម្បីមើលថែទាំអ្នកម្តាយដែលទើបតែ​បានធូស្រាលពីជំងឺទៀតផង។

តាមការឱ្យដឹងពី ករុណា ពេជ្រ អ្នកម្ដាយរបស់លោកបានទៅរស់​នៅប្រទេស​បា​រាំង​រយៈ​ពេលជាង២០ឆ្នាំមកហើយ ខណៈរៀងរាល់ឆ្នាំឲ្យតែនៅខែត្រជាក់​គាត់​ច្រើន​តែចុះមកស្រុកខ្មែរ តែដោយសារតែមុន​នេះម្ដាយទើបមាន​សុខភាពល្អឡើងវិញបាន៦០%​ពីជំងឺទើបលោក​ត្រូវ​តែចេញទៅ​ជួបនិងមើល​ម្ដាយដោយផ្ទាល់នៅទីនោះ។

ដោយឡែក ការចាកចេញទៅបារាំងលើកនេះ​ លោកទទួលបានVisa ដល់ទៅ​១ឆ្នាំ ស្របពេលកន្លងមកលោកធ្លាប់តែបានVisa ពី១ទៅ៣​ខែ​ឬ៤៥ថ្ងៃប៉ុណ្ណោះ។ យ៉ាងណា សម្រាប់ដំណាក់កាលដំបូង​លោក​ទៅ​ត្រឹមតែជិត៣អាទិត្យសិនប៉ុណ្ណោះ ព្រោះត្រូវចុះមករៀបចំធ្វើបុណ្យខួបគម្រប់១០០ថ្ងៃឲ្យឪពុកឧបាសកម៉ុក សាខន ​នៅ​ថ្ងៃទី១៨​ខែ​មករា​ឆ្នាំ​២០២២ ខាងមុខនេះ នៅស្រុកកំណើតឪពុកនិងជាទីបញ្ចុះ​សពរបស់គាត់​នៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ៕