សមាជិក NewJeans បានសម្រេចចិត្តបន្តសកម្មភាពការងារជាមួយ ADOR ឡើងវិញ បន្ទាប់ពីជម្លោះក្ដីក្ដាំជាយូរមក។

នៅថ្ងៃទី ១២ ខែវិច្ឆិកា ADOR បានចេញសេចក្តីថ្លែងការណ៍រៀបរាប់ថា៖ “សមាជិក NewJeans គឺ Haerin និង Hyein បានបង្ហាញពីចេតនារបស់ពួកគេក្នុងការបន្តសកម្មភាពជាមួយ ADOR។ បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ និងការពិភាក្សាយ៉ាងហ្មត់ចត់ជាមួយក្រុមគ្រួសាររបស់ពួកគេ សមាជិកទាំងពីរបានសម្រេចចិត្តគោរពសេចក្តីសម្រេចរបស់តុលាការ និងរក្សាកិច្ចសន្យាផ្តាច់មុខរបស់ពួកគេ”។
ADOR បន្ថែមថាពួកគេនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យ Haerin និង Hyein អាចបន្តសកម្មភាពកម្សាន្តរបស់ពួកគេបានយ៉ាងរលូន និងបានស្នើសុំការគាំទ្រយ៉ាងកក់ក្តៅពីអ្នកគាំទ្រ និងជំរុញឱ្យគ្រប់គ្នាចៀសវាងធ្វើការសន្និដ្ឋានគ្មានមូលដ្ឋានណាមួយអំពីសមាជិកទាំងពីររូប។
បន្ទាប់ពី Haerin និង Hyein សមាជិក Minji, Hanni និង Danielle ក៏បានបង្ហាញពីចេតនារបស់ពួកគេក្នុងការចូលរួមជាមួយភ្នាក់ងារនេះឡើងវិញដែរ។
រំឭកថយក្រោយ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំមុន NewJeans បានធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយដោយប្រកាសថាពួកគេនឹងចាកចេញពី ADOR ដោយនិយាយថាបញ្ហាដែលពួកគេបានស្នើសុំឱ្យក្រុមហ៊ុននេះកែតម្រូវមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ADOR បានអះអាងថាកិច្ចសន្យាផ្តាច់មុខរបស់ពួកគេនៅតែមានសុពលភាព ហើយបានដាក់ពាក្យបណ្តឹងកាលពីខែធ្នូឆ្នាំមុន ដើម្បីស្នើសុំការបញ្ជាក់ពីតុលាការអំពីសុពលភាពរបស់ពួកគេ។
នៅក្នុងខែកុម្ភៈ ឆ្នាំនេះ សមាជិកក្រុម NewJeans បានប្រកាសឈ្មោះក្រុមថ្មីថា “NJZ” ដោយចាប់ផ្តើមសកម្មភាពឯករាជ្យមិនពាក់ព័ន្ធក្រុមហ៊ុន ប៉ុន្តែនៅក្នុងខែមីនា តុលាការបានសម្រេចយល់ស្របតាមសំណើរបស់ ADOR ក្នុងការចេញដីកាហាមឃាត់សមាជិក NewJeans មិនឱ្យចូលរួមក្នុងសកម្មភាពឯករាជ្យណាមួយឡើយ។
ទោះបីជាសមាជិក NewJeans បានប្តឹងឧទ្ធរណ៍ក៏ដោយ តែទីបំផុតតុលាការកណ្តាលទីក្រុងសេអ៊ូល បានសម្រេចគាំទ្រ ADOR នៅថ្ងៃទី ៣០ ខែតុលា ដោយកំណត់ថាកិច្ចសន្យារបស់សមាជិក NewJeans នៅតែមានសុពលភាព ៕



















Account
Security
Favourite Content