ឱកាសប្រឡូកក្នុងវិស័យសិល្បៈនៅក្នុងប្រទេសកូរ៉េខាងត្បូង មិនមែនជារឿងងាយៗនោះទេ ព្រោះតារាម្នាក់ៗទម្រាំនឹងអាចដើរលើវិថីនេះបាន ត្រូវឆ្លងកាត់នឹងការប្រកួតប្រជែងជាមួយនឹងមនុស្សរាប់ម៉ឺន រាប់សែននាក់។ តួយ៉ាង ដូចជា Lisa សមាជិកក្រុម BLACKPINK គឺជាបុគ្គលតែមួយរូបគត់ ក្នុងចំណោមអ្នកចូលរួមជាង ៤០០០នាក់ទៀតពីប្រទេសថៃ ដែល YG បានជ្រើសរើសឱ្យក្លាយជាតារាខេប៉ុបរបស់ខ្លួននៅគ្រានោះ។
ដោយឡែក តារាល្បីឈ្មោះមួយចំនួនវិញ បែរជាមានភ័ព្វសំណាងអាចទទួលបានឱកាសដ៏កម្រនេះ ទាំងមិនធ្លាប់មានគោលបំណងពីមុនមក។ ខាងក្រោមនេះ ជាតារាទាំង ១០រូប ចៃដន្យមានឱកាសបង្កើតកេរ្តិ៍ឈ្មោះលើវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង៖
១. Jin (BTS)

ដ្បិតសព្វថ្ងៃនេះ Jin បានឆក់យកប្រជាប្រិយភាពពីអ្នកគាំទ្រជុំវិញពិភពលោកក៏ពិតមែន តែដំណើរដើមទងនៃការចូលប្រឡូកក្នុងវិស័យខេប៉ុបរបស់លោកកើតឡើងដោយភាពចៃដន្យតែប៉ុណ្ណោះ។
ជាក់ស្ដែង នៅពេលដែលកំពុងសិក្សាក្នុងថ្នាក់អនុវិទ្យាល័យ តារាប្រុសដែលមានឈ្មោះពិតថា Kim Seokjin ធ្លាប់ទទួលបានសំណើពីបុគ្គលិកម្នាក់របស់ SM Entertainment ម្ដងហើយ តែដោយកាលនោះលោកគិតថាជាជនឆបោក ទើបសម្រេចបដិសេធទៅនឹងសំណើនេះ។ ប៉ុន្មានឆ្នាំក្រោយមក នៅពេលកំពុងរៀនសម្ដែងនៅសាកលវិទ្យាល័យ Konkuk និស្ស័យបាននាំឱ្យបុគ្គលិករបស់ BigHit Entertainment ម្នាក់មកជួប Jin នៅតាមផ្លូវ រហូតអាចបញ្ចុះបញ្ចូលតារាប្រុសរូបនេះ ចូលមកហ្វឹកហាត់ជាធ្វើជាតារាចម្រៀង ក្លាយខ្លួនជាសមាជិកក្រុម BTS ដូចមហាជនស្គាល់សព្វថ្ងៃនេះ។
២. Kim Ji-won

មុននឹងក្ដោបឱកាសបានសម្ដែងនៅក្នុងរឿងភាគល្បីៗដូចជា Queen of Tears, Fight for My Way, Descendants of the Sun និង My Liberation Notes Kim Ji-won គ្មានគោលបំណងធ្វើជាតារាសម្ដែងតាំងតែដំបូងនោះទេ។ ជារឿងចៃដន្យ នៅពេលមួយដែលតារាស្រីវ័យ ៣២ឆ្នាំរូបនេះដើរតាមផ្លូវដូចធម្មតា ក៏ត្រូវបានបុគ្គលិកពីក្រុមហ៊ុនកម្សាន្តមួយបានប្រទះឃើញនាង និងផ្ដល់ឱកាសឱ្យតារាស្រីរូបនេះក្លាយខ្លួនជាតារាខេប៉ុប។ ក៏ប៉ុន្តែជាព្រហ្មលិខិត តារាស្រីរូបនេះក៏ប្ដូរមកចាប់អាជីពជាតារាសម្ដែងជំនួសវិញ រហូតល្បីល្បាញមកទល់នឹងបច្ចុប្បន្ន។
3. Suzy

ដ្បិតមានបំណងចង់ចូលប្រឡូកក្នុងវិស័យសិល្បៈមែន តែការឈានជើងចូលវិថីនេះរបស់ Suzy ក៏កើតឡើង ដោយភាពចៃដន្យដែរ។
ដំបូងឡើយ តារាស្រីវ័យ ៣០ឆ្នាំរូបនេះបានដាក់ពាក្យប្រឡងទៅកាន់ក្នុងកម្មវិធី M’net Super K talent តែនាងមិនទទួលបានភាពជោគជ័យក្នុងកម្មវិធីនេះឡើយ។ ដោយមិនគ្រោងទុក នៅពេល Suzy តម្រង់ជួរចាំបង្ហាញសមត្ថភាពនៅគ្រានោះ មានបុគ្គលិក JYP ម្នាក់បានចាប់អារម្មណ៍ទៅលើនាង រហូតបានចុះកិច្ចសន្យារួមគ្នា។ ក្រោយចំណាយពេល ១ឆ្នាំក្នុងនាមជាតារាហ្វឹកហាត់ តារាស្រីរូបនេះបានបង្ហាញខ្លួនជាសមាជិកក្រុម Miss A មុននឹងមានឱកាសផ្លាស់ប្ដូរមកចូលប្រឡូកក្នុងការងារសម្ដែងនៅពេលក្រោយមក។
៤. Cha Eun-woo

បើនិយាយពីតារាប្រុសដែលពូកែទាំងផ្នែកចម្រៀង និងសម្ដែងនៅពេលនេះ ប្រាកដជាមិនអាចរំលង Cha Eun-woo បាននោះទេ។ ប្រវត្តិនែការក្លាយខ្លួនជាតារាល្បីឈ្មោះរបស់ Cha Eun-woo បានចាប់ផ្ដើមនៅក្នុងថ្ងៃធម្មតាមួយដែលលោកបានចូលរួមកម្មវិធីរបស់សាលា។ ក៏ប៉ុន្តែនៅពេលនោះរូបសម្រស់ដ៏ទាក់ទាញរបស់តារាប្រុសវ័យ ២៧ឆ្នាំរូបនេះ បានទាញចំណាប់អារម្មណ៍របស់បុគ្គលិក Fantagio Entertainment រហូតបុគ្គលិករូបនោះសាកល្បងចូលទៅបញ្ចុះបញ្ចូលលោក។
បន្ទាប់ពីនោះ Cha Eun-woo ក៏បានចូលហ្វឹកហាត់នៅក្រោមភ្នាក់ងារខាងលើ មុននឹងក្លាយខ្លួនជាសមាជិកក្រុម ASTRO និងបន្តប្រឡូកក្នុងវិស័យភាពយន្តតាមរយៈរឿង True Beauty និង A Good Day to Be a Dog ។
៥. Lee Jung-jae

មុនពេលដែល Squid Game នាំយកកេរ្តិ៍ឈ្មោះជាតារាលំដាប់ពិភពលោកមកឱ្យលោក Lee Jung-jae ក៏ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូងមួយរូបផងដែរ។ រំឭកពីដំណើរដើមទងវិញ តារាប្រុសវ័យ ៥២ឆ្នាំរូបនេះត្រូវបានអ្នកច្នៃម៉ូដម្នាក់ប្រទះឃើញលោក និងបានហៅឱ្យមកថតបង្ហាញម៉ូដជូនគាត់ រហូតអាចឆក់យកការងារសម្ដែងរឿងជាលើកដំបូងតាមរយៈរឿង Sandglass (1995)។
ក្រោយចូលប្រឡូកក្នុងវិស័យភាពយន្ត Lee Jung-jae បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនរហូតក្លាយខ្លួនជាតារាប្រុសលំដាប់ A រួមគ្នានឹងការបង្កើតប្រវត្តិសាស្រ្តថ្មី ក្នុងនាមជាតារាសម្ដែងពីទ្ទីបអាស៊ីរូបដំបូង ដែលអាចដើម្បីបានពានរង្វាន់តួឯកប្រុសឆ្នើម ពីកម្មវិធី Emmy។
៦. Han So-hee

មិនអាចប្រកែកបាន Han So-hee អាចប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បើកផ្លូវឱ្យខ្លួនឯងអាចចូលទៅកាន់វិស័យសិល្បៈ។ ជាក់ស្ដែង ក្រុមហ៊ុនជ្រើសរើសសិល្បករមួយបានប្រទះឃើញនាងតាមរយៈកម្មវិធី Instagram មុននឹងទាក់ទងឱ្យតារាស្រីរូបនេះមកទទួលការងារថតផលិតផល។ ការងារដំបូងនេះហើយ ដែលផ្ដល់ឱកាសឱ្យតារាស្រីវ័យ ៣១ឆ្នាំទទួលបានការងារសម្ដែង រហូតក្លាយខ្លួនជាតួឯកស្រីជួរមុខមួយរូបរបស់កូរ៉េខាងត្បូង។
៧. Kim Go-eun

Kim Go-eun ជាមនុស្សម្នាក់ដែលអាចទទួលបានឱកាសដោយមិនដឹងខ្លួន។ ជាក់ស្ដែង តារាស្រីរូបនេះបានជួបគ្នានឹងអ្នកដឹកនាំរឿង Jung Ji-woo តាមរយៈមិត្តភក្តិតាំងតែពីរៀននៅសាកលវិទ្យាល័យម៉្លេះ។ លើសពីនេះទៀត សូម្បីតែនៅពេលដែលអ្នកដឹកនាំរឿងរូបនេះហៅនាងឱ្យទៅសាកល្បងបង្ហាញសមត្ថភាព ក៏នាងមិនបានត្រៀមខ្លួនដែរ។ តែជារឿងដែលមិនគួឱ្យជឿ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះបែរជាអាចយកឈ្នះមនុស្សជាង ៣០០នាក់ ទទួលបានការងារសម្ដែងជាលើកទី ១នៅក្នុងជីវិត។
៨. Kim Tae-hee

ត្រឡប់ទៅពេលដែលនិស្សិតពីសាកលវិទ្យាល័យជាតិសេអ៊ូលរូបនេះ កំពុងតែធ្វើដំណើរតាមរថភ្លើងក្រោមដី នាយកប្រតិបត្តិផ្នែកផ្សាយពាណិជ្ជកម្មមួយរូបបានទាក់ភ្នែកនឹងសម្រស់របស់ Kim Tae-hee រហូតហៅនាងឱ្យធ្វើការងារជាតារាបង្ហាញម៉ូដនៅពេលក្រោយមក។ បន្ទាប់ពីបានក្លាយខ្លួនជាម៉ូដែលមួយរូប តារាស្រីវ័យ ៤៤ឆ្នាំរូបនេះ ក៏ចាប់ផ្ដើមឈោងចាប់យកឱកាសក្នុងវិស័យភាពយន្ត រហូតអាចសម្ដែងក្នុងរឿងល្បីៗដូចជា Stairway to Heaven និង Iris។
៩. Nam Joo-hyuk

Nam Joo-hyuk ដើមឡើយមានក្ដីស្រមៃចង់ក្លាយជាអ្នកលេងបាល់បោះទេ តែបន្ទាប់ជួបនឹងគ្រោះថ្នាក់ដែលបង្កឱ្យមានរបួស តារាប្រុសរូបនេះក៏បានបញ្ចប់ក្ដីស្រមៃជាកីឡាកររបស់ខ្លួន។ នៅថ្ងៃមួយ មានភ្នាក់ងារបង្ហាញម៉ូដបានប្រទះនឹងតារាប្រុសវ័យ ៣១ឆ្នាំរូបនេះនៅពេលដែលលោកកំពុងដើរតាមដងផ្លូវដូចសព្វមួយដង ដែលនេះជាការបើកផ្លូវឱ្យ Nam Joo-hyuk បានឈានជើងប្រឡូកលើវេទិកាបង្ហាញម៉ូដ មុននឹងបន្តទៅក្ដោបបានការងារសម្ដែងក្នុងរឿងភាគល្បីៗដូចជា Weightlifting Fairy Kim Bok-joo និង Twenty-Five Twenty-One។
១០. Sehun (EXO)

ជីវិតរបស់ Sehun បានជួបនឹងការផ្លាស់ប្ដូរយ៉ាងខ្លាំង តាំងតែពីនៅវ័យក្មេងនៅឡើយ។ មានអាយុត្រឹម ១២ឆ្នាំ Sehun ត្រូវបានបុគ្គលិករបស់ SM Entertainment ប្រទះឃើញលោកដោយចៃដន្យ។ នៅគ្រានោះ បុគ្គលិករូបដដែលមិនហ៊ានចូលទៅរក តារាប្រុសរូបនេះភ្លាមៗនោះទេ និងបានដើរតាមលោករហូតដល់ទៅជិត ៣០នាទី ទើបសម្រេចចិត្តចូលទៅនិយាយបញ្ចុះបញ្ចូលឱ្យ Sehun សាកល្បងមកបង្ហាញសមត្ថភាព។ ជំនួបដោយឥតព្រៀងទុកនេះហើយ ដែលបានធ្វើឱ្យមនុស្សសាមញ្ញរូបនេះក្លាយខ្លួនជាសមាជិក EXO ដែលជាក្រុមចម្រៀងខេប៉ុបបុរសដ៏ល្បីល្បាញបំផុតមួយ៕




Account
Security
Favourite Content