ជឿអត់ការផុសលើបណ្ដាញសង្គម ក៏អាចបញ្ជាក់ថាយើងចាស់ទុំឬនៅ

បច្ចុប្បន្ន​មនុស្ស​ភាគច្រើន​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ហើយ​ថែម​ទាំង​ចូលចិត្ត​បញ្ចេញ​អារម្មណ៍ និង​ការ​យល់​ឃើញ​មួយ​ចំនួន​នៅ​ទី​នោះ។ បណ្ដាញ​សង្គម​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ហ្វេសប៊ុក​ទាក់ទាញ​អ្នក​លេង​ច្រើន​ជាង​គេ​បង្អស់ ចំណែក​អ្នក​លេង​វិញ​មាន​ទាំង​ក្មេង​ជំទង់ យុវវ័យ វ័យ​កណ្ដាល ហើយ​សូម្បី​តែ​វ័យ​ចំណាស់​ក៏​ប្រើ​ដែរ។

ក្រឡេក​ទៅ​មើល​ការ​បង្ហោះ​រូប និង​ខ្លឹមសារ​ពី​មុន​ៗ យើង​នឹង​ហួស​ចិត្ត​ដ្បិត​អី​រូប​ខ្លះ រឿង​ខ្លះ​វា​មិន​គួរ​បញ្ចេញ​ទៅ​ឲ្យ​អ្នក​ដទៃ​ឃើញ។ ក្នុង​នោះ​បើ​យើង​ដឹង​ហើយ​ថា នោះ​ជា​រឿង​ខ្លះ​មិន​គួរ​សរសេរ​ចេញ​ទៅ តែ​ខ្លួន​នៅ​ប្រព្រឹត្ត​ទៀត នោះ​បញ្ជាក់​ថា​យើង​មិន​ទាន់​មាន​ចរិត​ចាស់​ទុំ​នៅ​ឡើយ​ទេ។

រឿងរ៉ាវ​ក្នុង​គ្រួសារ

ច្បាស់​ណាស់​នរណា​ក៏​ជួប​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​ដែរ តែ​មិន​គួរ​បង្ហោះ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដទៃ​ដឹង​ឡើយ ព្រោះ​នៅ​ពេល​យើង​ដោះស្រាយ​បាន ភាព​ល្អូកល្អើន​នឹង​ត្រឡប់​មក​វិញ ហើយ​អ្នក​ដទៃ​នឹង​នាំ​គ្នា​សើច​ចំអក ឬ​ដៀមដាម​ឲ្យ។

របស់​មាន​តម្លៃ

ជឿ​ថា​ភាគច្រើន​សុទ្ធតែ​ធ្លាប់​អួត​របស់របរ​មាន​តម្លៃ​ដែល​ដៃគូ គ្រួសារ ឬ​មិត្តភក្ដិ​ជូន លើ​បណ្ដាញ​សង្គម ដើម្បី​ទទួល​បាន​ពាក្យ​សរសើរ ហើយ​យើង​ពិតជា​សប្បាយចិត្ត​នឹង​ការ​សរសើរ​អស់​ទាំង​នោះ។ ប៉ុន្តែ​យើង​ភ្លេច​គិត​ហើយ​ថា​មនុស្ស​អាក្រក់​ដូចជា​ចោរ​លួច ចោរ​ប្លន់ ក៏​លេង​បណ្ដាញ​សង្គម​ដែរ បើ​អ្នក​អស់​នោះ​ឃើញ យើង​អាច​មាន​គ្រោះថ្នាក់​ធំ ហើយ​រឿង​នេះ​ព័ត៌មាន​ក៏មានផ្សាយ​ជា​ញឹកញាប់។

រឿង​ស្នេហា

បញ្ហា​ស្នេហា​នេះ​មួយ​អ្នក​លេង​បណ្ដាញ​សង្គម ៩០% ហើយ ឲ្យតែ​ឈ្លោះ​គ្នា​នឹង​រៀបរាប់​ទី​នោះ ដើម្បី​ឲ្យ​ភាគី​ម្ខាង​ទៀត​ដឹង​ឮ ឬមិត្តក្នុង​ហ្វេសប៊ុកលួងលោម។ ចំណុច​នេះ​ក៏​មិន​ខុស​ពី​ចំណុច​ទី​១​ដែរ ពេល​ផ្អែមល្ហែម​បង្ហោះ ហើយ​ឈ្លោះ​គ្នា​បែក​គ្នា​បង្ហោះ ត្រូវ​គ្នា​វិញ​ក៏​បង្ហោះ ដូចនេះ​អ្នក​ជា​មិត្ត​ក្នុង​បណ្ដាញ​សង្គម​គិត​ថា​យើង​មិន​ទាន់​ចាស់​ទុំ​ចេះ​ទប់​ចិត្ត​ទប់​កាយ ចេះខន្តី​ទេ។ ការ​ផុស​រូប​គូស្នេហ៍ ឬ​បញ្ហា​ស្នេហា ត្រូវ​ចេះ​កំណត់ និង​គិត​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់លាស់។

– share មិន​ឈប់ មិន​ខ្វល់​ថា​នោះ​ជា​អ្វី

សម្រាប់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ចូលចិត្ត share សម្រង់​សម្ដី វីដេអូ ឬ​រូបភាព​កំប្លែង​ៗ ដើម្បី​រំសាយ​អារម្មណ៍​តានតឹង។ ប៉ុន្តែ​អ្នក​ខ្លះ​បែរជា​ចែក​រំលែក​បន្ត​គ្រប់​ផុស​ពី​ផេក​ផ្សេង​ៗ មិន​ខ្វល់​ថា​នោះ​ល្អ​អាក្រក់ គឺ share ឲ្យ​មិត្ត​ក្នុង​បណ្ដាញ​សង្គម​បាន​ឃើញ​ទាំងអស់។ ចំណុច​នេះ​ក៏​អាច​ឲ្យ​អ្នក​ដទៃ​ធុញ និង​លែង​ចង់​បន្ត​រាប់អាន​យើង​ក៏​ថា​បាន។

គោលដៅ​ជីវិត មុខរបរ ឬ​ការងារ

មុន​ពេល​​ទទួល​បាន​ភាព​ជោគជ័យ​ពី​ការងារ មុខរបរ​រកស៊ី កុំ​ទាន់​បង្ហាញ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ពី​គោលដៅ​យើង​អី។ ព្រោះ​អ្នក​ដែល​មិន​ចូលចិត្ត​យើង អាច​បំផ្លាញ ក៏​ដូចជា​សើច​យំ ពេល​ការងារ ឬ​អ្វី​មួយ​ដែល​យើង​បម្រុង​ធ្វើ​នោះ​បរាជ័យ៕