YG សម្រេចរំសាយក្រុម 2NE1 ក្រោមហេតុផលមួយនេះ

ត្រលប់ទៅកាលពីឆ្នាំ ២០០៩ ក្រុមចម្រៀងនារី 2NE1 គឺពិតជាមានភាពល្បីល្បាញយ៉ាងខ្លាំង មិនថាតែនៅប្រទេសកូរ៉េខាងត្បូង ឬក៏ក្រៅប្រទេសឡើយ ខណៈបន្ដសាងកេរ្ដិ៍ឈ្មោះ និងចេញបទចម្រៀងដែលពិរោះៗ មានគុណភាពជាហូរហែ។ តែអ្វីដែលគួរឲ្យសោកស្ដាយ នៅក្នុងឆ្នាំ ២០១៦ ផលិតកម្ម YG ក៏បានប្រកាសរំលាយក្រុមតារាចម្រៀងស្រីមួយនេះជាផ្លូវការ ដែលធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោក ក៏ដូចជាមហាជន គឺមានភាពស្រឡាំងកាំង និងភ្ងាក់ផ្អើលជាខ្លាំង។

ជាក់ស្ដែង គិតមកដល់ពេលនេះក្នុងឆ្នាំ ២០២១ បើទោះជាក្រុមចម្រៀងស្រីមួយនេះបានរំសាយក្រុមអស់រយៈពេលជាង ៥ ឆ្នាំ ប៉ុន្ដែរឿងមួយនេះនៅតែត្រូវបានគេលើកឡើងយកមកនិយាយជារឿយៗ លើបណ្ដាញសង្គម ព្រោះតែមិនអស់ចិត្តថា តើមូលហេតុអ្វីឲ្យពិតប្រាកដទៅទើបបានជាក្រុមចម្រៀងនារី  2NE1 ត្រូវបានរំសាយភ្លាមៗ បែបនេះ?

អ្វីដែលកាន់តែធ្វើឲ្យ អ្នកគាំទ្រគាំងស្ទើរនិយាយមិនចេញគឺ សមាជិក របស់ 2NE1 ទាំងអស់គឺបានដឹងពីរឿងរំសាយក្រុមតាមរយៈប្រព័ន្ធអ៊ីធើណេតទៅវិញ ពោលគឺពួកគេមិនបានដឹងជាមុននោះទេថា ក្រុមរបស់ខ្លួនត្រូវបានខាងផលិតកម្មសម្រេចរំសាយចោល។

ក្នុងបទសម្ភាសន៍ កាលពីសប្ដាហ៍មុននេះ CL ដែលយើងគ្រប់គ្នាស្គាល់ថាជាប្រធានក្រុមរបស់ 2NE1 បាននិយាយថា៖

«រូបនាងពិតជាមិនបានដឹងជាមុនឡើយ ថាក្រុម 2NE1 ត្រូវបានរំសាយចោល។ នៅថ្ងៃដែលផលិតកម្ម YG ប្រកាសរឿងរំសាយក្រុមចោល គឺនាងកំពុង​តែនៅញ៉ាំអាហារពេលល្ងាចជួបជុំមិត្ត ក៏ស្រាប់តែមានគេទូរស័ព្ទប្រាប់ពីដំណឹងនេះ មែនទែនទៅវាពិតជាគួរឲ្យសោកស្ដាយ និងរឿងដ៏គួរឲ្យឈឺចាប់មួយនាពេលនោះ»

ក្រៅពី CL នោះ គឺ Minzy ក៏ជាសមាជិកមួយរូបដែលទម្លាយប្រាប់ក្នុងបទសម្ភាសន៍ថា៖ «នាងបានទទួលដំណឹងពីការរំលាយក្រុម តាមរយៈប្រព័ន្ធផ្សព្វផ្សាយ»

ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏មានអ្នកកាសែតម្នាក់ឈ្មោះ Lee JinHo បានបង្ហើបប្រាប់ថា លោកមានដំណឹងផ្ទៃក្នុងទាក់ទងនឹងការរំសាយក្រុមរបស់ 2NE1។ ក្នុងវីដេអូដែលលោកបានផុស គឺនិយាយរៀបរាប់យ៉ាងដូច្នេះថា៖

«ដើមឡើយ 2NE1 មិនត្រូវរំសាយក្រុមឡើយ ពួកគេត្រូវបន្ដចេញច្រៀង ៣ នាក់គឺ CL, Sandara Park និង Park Bom ។ ហើយបទចម្រៀងក៏បានត្រៀមរួចរាល់ សូម្បីតែការថតចម្រៀងក៏ធ្វើអស់ហើយ។ ប៉ុន្ដែមានសមាជិកម្នាក់ដែលពិបាកក្នុងការគ្រប់គ្រង និងមិនគោរពតាមពាក្យសន្យាដែលនាងធ្លាប់បាននិយាយ។ ដូច្នេះពិបាកនឹងបន្ដ YG ក៏សម្រេចចិត្តរំសាយក្រុមចោលតែម្ដង។ »

បន្ទាប់ពីមានការអះអាងបែបនេះ ក៏មានមតិមហាជនជាច្រើន បានលើកឡើងជាហូរហែ ខ្លះក៏ថាវាជាកំហុសរបស់ក្រុមហ៊ុនហើយព្យាយាមនិយាយល្អយករួចខ្លួនប៉ុណ្ណោះ ខ្លះក៏បន្ទោសមកពីសមាជិកក្រុមក្រោមហេតុផលផ្សេងៗ ប៉ុន្ដែអ្នកគាំទ្រខ្លះក៏បង្ហាញពីអារម្មណ៍របស់ខ្លួនថា ពួកគេគ្រាន់តែសង្ឃឹមថា សមាជិកទាំង ៤  នឹងអាចត្រលប់មកកាន់ឆាកតន្ដ្រីជួបជុំគ្នាសារជាថ្មីក្នុងថ្ងៃណាមួយម្ដងទៀត ព្រោះពួកគេពិតជានឹកនាក្រុមចម្រៀងនារី 2NE1 ខ្លាំងណាស់៕

ខាងក្រោមជាវីដេអូរបស់លោក Lee JinHo ដែលបាននិយាយពីមូលហេតុដែល YG សម្រេចចិត្តរំសាយក្រុម 2NE1 ៖