បច្ចុប្បន្នមនុស្សភាគច្រើនបានប្រើប្រាស់បណ្ដាញសង្គម ហើយថែមទាំងចូលចិត្តបញ្ចេញអារម្មណ៍ និងការយល់ឃើញមួយចំនួននៅទីនោះ។ បណ្ដាញសង្គមមានច្រើនប្រភេទ ប៉ុន្តែហ្វេសប៊ុកទាក់ទាញអ្នកលេងច្រើនជាងគេបង្អស់ ចំណែកអ្នកលេងវិញមានទាំងក្មេងជំទង់ យុវវ័យ វ័យកណ្ដាល ហើយសូម្បីតែវ័យចំណាស់ក៏ប្រើដែរ។
ក្រឡេកទៅមើលការបង្ហោះរូប និងខ្លឹមសារពីមុនៗ យើងនឹងហួសចិត្តដ្បិតអីរូបខ្លះ រឿងខ្លះវាមិនគួរបញ្ចេញទៅឲ្យអ្នកដទៃឃើញ។ ក្នុងនោះបើយើងដឹងហើយថា នោះជារឿងខ្លះមិនគួរសរសេរចេញទៅ តែខ្លួននៅប្រព្រឹត្តទៀត នោះបញ្ជាក់ថាយើងមិនទាន់មានចរិតចាស់ទុំនៅឡើយទេ។

១– រឿងរ៉ាវក្នុងគ្រួសារ
ច្បាស់ណាស់នរណាក៏ជួបបញ្ហាក្នុងក្រុមគ្រួសារដែរ តែមិនគួរបង្ហោះឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃដឹងឡើយ ព្រោះនៅពេលយើងដោះស្រាយបាន ភាពល្អូកល្អើននឹងត្រឡប់មកវិញ ហើយអ្នកដទៃនឹងនាំគ្នាសើចចំអក ឬដៀមដាមឲ្យ។
២– របស់មានតម្លៃ
ជឿថាភាគច្រើនសុទ្ធតែធ្លាប់អួតរបស់របរមានតម្លៃដែលដៃគូ គ្រួសារ ឬមិត្តភក្ដិជូន លើបណ្ដាញសង្គម ដើម្បីទទួលបានពាក្យសរសើរ ហើយយើងពិតជាសប្បាយចិត្តនឹងការសរសើរអស់ទាំងនោះ។ ប៉ុន្តែយើងភ្លេចគិតហើយថាមនុស្សអាក្រក់ដូចជាចោរលួច ចោរប្លន់ ក៏លេងបណ្ដាញសង្គមដែរ បើអ្នកអស់នោះឃើញ យើងអាចមានគ្រោះថ្នាក់ធំ ហើយរឿងនេះព័ត៌មានក៏មានផ្សាយជាញឹកញាប់។
៣– រឿងស្នេហា
បញ្ហាស្នេហានេះមួយអ្នកលេងបណ្ដាញសង្គម ៩០% ហើយ ឲ្យតែឈ្លោះគ្នានឹងរៀបរាប់ទីនោះ ដើម្បីឲ្យភាគីម្ខាងទៀតដឹងឮ ឬមិត្តក្នុងហ្វេសប៊ុកលួងលោម។ ចំណុចនេះក៏មិនខុសពីចំណុចទី១ដែរ ពេលផ្អែមល្ហែមបង្ហោះ ហើយឈ្លោះគ្នាបែកគ្នាបង្ហោះ ត្រូវគ្នាវិញក៏បង្ហោះ ដូចនេះអ្នកជាមិត្តក្នុងបណ្ដាញសង្គមគិតថាយើងមិនទាន់ចាស់ទុំចេះទប់ចិត្តទប់កាយ ចេះខន្តីទេ។ ការផុសរូបគូស្នេហ៍ ឬបញ្ហាស្នេហា ត្រូវចេះកំណត់ និងគិតថ្លឹងថ្លែងឲ្យបានច្បាស់លាស់។
៤– share មិនឈប់ មិនខ្វល់ថានោះជាអ្វី
សម្រាប់អ្នកលេងហ្វេសប៊ុកមួយចំនួនចូលចិត្ត share សម្រង់សម្ដី វីដេអូ ឬរូបភាពកំប្លែងៗ ដើម្បីរំសាយអារម្មណ៍តានតឹង។ ប៉ុន្តែអ្នកខ្លះបែរជាចែករំលែកបន្តគ្រប់ផុសពីផេកផ្សេងៗ មិនខ្វល់ថានោះល្អអាក្រក់ គឺ share ឲ្យមិត្តក្នុងបណ្ដាញសង្គមបានឃើញទាំងអស់។ ចំណុចនេះក៏អាចឲ្យអ្នកដទៃធុញ និងលែងចង់បន្តរាប់អានយើងក៏ថាបាន។

៥– គោលដៅជីវិត មុខរបរ ឬការងារ
មុនពេលទទួលបានភាពជោគជ័យពីការងារ មុខរបររកស៊ី កុំទាន់បង្ហាញឲ្យអ្នកដទៃបានដឹងពីគោលដៅយើងអី។ ព្រោះអ្នកដែលមិនចូលចិត្តយើង អាចបំផ្លាញ ក៏ដូចជាសើចយំ ពេលការងារ ឬអ្វីមួយដែលយើងបម្រុងធ្វើនោះបរាជ័យ៕





















Account
Security
Favourite Content